ជាតិ
សេដ្ឋកិច្ច
ប្រមុខ​រដ្ឋាភិបាល បន្ត​ស្នើ​ឲ្យ​វិនិយោគិន​ចិន​សម្លឹងមើល​ឱកាស​បោះទុន​នៅ​កម្ពុជា​
11, Sep 2018 , 9:59 pm        
រូបភាព
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
រូបពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
ដោយ:
​ភ្នំពេញ​៖ ក្នុងឱកាស​ចូលរួម​ពិព័រណ៍​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ខេត្ត​ក្វាង​ស៊ី​ប្រទេស​ចិន ប្រមុខ​រដ្ឋាភិបាល​សម្ដេច ហ៊ុន សែន បានស្នើ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។​


 
​សម្ដេច ហ៊ុន សែន បាន​ថ្លែងប្រាប់​ក្រុមហ៊ុន​ចិន​ថា រដ្ឋាភិបាល​អា​ណិ​ត្ត​ថ្មី​នេះ នឹង​បន្ត​ជំរុញ​លើកទឹកចិត្ត និង​ផ្ដល់​ការ​គាំពារ​ខ្ពស់​ចំពោះ​អ្នកវិនិយោគទុន​បរទេស​ទាំងអស់ ដែលមាន​វិនិយោគិន​ចិន​នោះ​ផងដែរ​។ សម្ដេច​ថ្លែង​បែបនេះ​ក្នុង​កិច្ចសន្ទនា​តុមូល​ដែលមាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ចិន​ធំៗ​ជាច្រើន​ចូលរួម នៅ​ថ្ងៃទី​១១​ខែកញ្ញា​។​
 
​សម្ដេចនាយក​រដ្ឋមន្ត្រី បានស្នើ​ឲ្យ​ក្រុមហ៊ុន​ចិន​សំឡឹងមើល​ឱកាស​វិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត ព្រោះ​កម្ពុ​ជាមាន​សក្ដានុពល​ជាច្រើន​ក្នុងការ​វិនិយោគ និង​ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ថែមទៀត​។​
 
​បើតាម​សម្ដេច ហ៊ុន សែន ទំហំ​ពាណិជ្ជកម្ម​ទ្វេរ​ភាគី​កម្ពុជា​-​ចិន បាន​កើន​ដល់ ៥,៨​ពាន់​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៧ កើន ២២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៦​។ រីឯ​ការវិនិយោគ​ផ្ទាល់​របស់​ចិន​មាន​ចំនួន ១,៦​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៧ ធៀប​នឹង ៩០០​លាន​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ហើយ​ក្នុង​រយៈពេល​៧​ខែ​ដើមឆ្នាំ​២០១៨​នេះ ការវិនិយោគ​នេះ​មាន​ទំហំ ២,៨​ពាន់​លាន​ដុល្លារ​។​
 
​អ្នកទេសចរ​ចិន​មក​ទស្សនា​កម្ពុ​ជាមាន​ចំនួន ៩៣​ម៉ឺន​នាក់​ក្នុង​ឆមាស​ទី​១​ឆ្នាំ​២០១៨ កើន​៧៦​ភាគរយ ខណៈ​ក្រុមហ៊ុន​អាកាសចរ​ចិន​ចំនួន ១៦ កំពុង​ប្រតិបត្តិ​ការហោះហើរ​ត្រង់​ពី​ចិន​មក​កម្ពុជា ហើយ​ក្រុមហ៊ុន Air China  នឹង​បើក​ការហោះ​ត្រង់​ពី​ទីក្រុង​ប៉េកាំង​មក​ភ្នំពេញ​នៅ​ខែវិច្ឆិកា ខាងមុខនេះ​៕ 

Tag:
 វិនិយោគ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com