អន្តរជាតិ
ប្រជាជន​អត់ឃ្លាន​ពិភពលោក​កើន​ដល់ ៨២១​លាន​នាក់ ឯ​ការប្រែប្រួល​អាកាសធាតុ និង​ជម្លោះ​ជា​កត្តា​ជំរុញ​ធំ​
09, Oct 2018 , 4:59 pm        
រូបភាព
​របាយការណ៍​អង្គការសហប្រជាជាតិ​ស្តីពី​ភាពអត់ឃ្លាន​ពិភពលោក (Global Hunger) ដែល​ចេញផ្សាយ​ថ្ងៃ ១១ ខែកញ្ញា​បង្ហាញថា ចំនួន​ប្រជាជន​អត់ឃ្លាន​នៅលើ​ពិភពលោក​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ចាប់ពី​ឆ្នាំ ២០១៦​ដោយ​កើន​ដល់​ជាង ៨០០​លាន​នាក់​ទូទាំង​ពិភពលោក​។ ហេតុផល​ចម្បង​ដែល​បណ្តាល​ឲ្យ​ចំនួន​ប្រជាជន​អត់ឃ្លាន​កើនឡើង​គឺ​ប្រែប្រួល​អាកាសធាតុ បញ្ហា​សេដ្ឋកិច្ច និង​ជម្លោះ​ប្រដាប់អាវុធ​។​


 
​ពិភពលោក​ទាំងមូល​កំ​ពុង​ប្រឈម​បញ្ហា​ដោយសារ​ប្រជាជន​ពលរដ្ឋ​កាន់តែច្រើន​ឡើង​ធ្លាក់​ក្នុងស្ថានភាព​អត់ឃ្លាន​។ ខ្លះ​គ្មាន​អាហារ​បរិភោគ​ច្រើន​ថ្ងៃ ឯ​ខ្លះទៀត​មាន​ព្រឹក​ខ្វះ​ល្ងាច និង​ខ្លះទៀត​មាន​បរិភោគ​ដែរ​ប៉ុន្តែ​ខ្វះខាត​អាហារូបត្ថម្ភ​ទៅវិញ​។​
 
​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​ស្តីពី​«​ស្ថានភាព​សន្តិសុខ​ស្បៀង និង​អាហារូបត្ថម្ភ​» ប្រចាំឆ្នាំ​របស់​អង្គការ​សហ​ប្រជា​តិ ប្រជាជន​ដែល​អត់ឃ្លាន​ទូទាំង​ពិភពលោក​បាន​កើនឡើង​ពី ៨១៥ លាន​នាក់​ក្នុង​ឆ្នាំ ២០១៦ រហូតដល់ ៨២១ លាន​នាក់​ក្នុង​ឆ្នាំ ២០១៧​ឯណោះ​។ ក្នុងចំណោម​នោះ ប្រជាជន​រហូតដល់ ៥១៥ លាន​នាក់​ឯណោះ​រស់នៅ​ទ្វីបអាស៊ី​។ 
 
​របាយការណ៍​ដដែល​នោះ​រកឃើញថា មូលហេតុ​ចម្បង​បំផុត​ដែល​ជំរុញ​ឲ្យ​ចំនួន​ប្រជាជន​អត់ឃ្លាន​កើនឡើង​ទូទាំង​ពិភពលោក​គឺ ការប្រែប្រួល​នៃ​អាកាសធាតុ​ដែលមាន​ដូចជា គ្រោះរាំងស្ងួត ទឹកជំនន់ ព្យុះ និង​រលក​កម្តៅ​ជាដើម រួមជាមួយ​កំណើន​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច និង​ជម្លោះ​ប្រដាប់អាវុធ​ផងដែរ​។​
 
​តាមពិតទៅ អាកាសធាតុ​មាន​ឥទ្ធិពល​លើ​បរិមាណ​ទឹកភ្លៀង​ដែល​ធ្លាក់​ក្នុង​រដូវ​ធ្វើ​កសិកម្ម ហើយ​គ្រោះមហន្តរាយ​ដូច​បាន​រៀបរាប់​ខាងលើ​មាន​ព្យុះភ្លៀង ទឹកជំនន់ និង​រាំងស្ងួត​នោះ​ធ្វើ​ឲ្យ​សង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​មាន​ការដាំដុះ​ដំណាំ​កិ​សកម្ម​ជាដើម​នោះ​ប្រឈម​នឹង​ការ​កាត់ផ្តាច់ និង​កើតឡើង​បញ្ហា​អសន្តិសុខ​ស្បៀង​។ 
 
​របាយការណ៍​មួយ​នេះ​បង្ហាញ​ឲ្យ​ឃើញថា គោលដៅ​លុបបំបាត់​ការអត់ឃ្លាន និង​កង្វះ​អាហារូបត្ថម្ភ​ត្រឹម​ឆ្នាំ ២០៣០ ស្របតាម​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព (SDGs) ពិបាក​នឹង​ទទួលជោគជ័យ​ណាស់ បើសិនជា​មិនមាន​ការពង្រឹង​ចំណាត់ការ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ​។​
 
​ជុំវិញ​បញ្ហា​នេះ ប្រមុខ​ទីភ្នាក់ងារ​ជំនាញ​អង្គការសហប្រជាជាតិ​មានដូចជា អង្គការ​ស្បៀងអាហារ និង​កសិកម្ម (FAO) , អង្គការ​សុខភាព​ពិភពលោក (WHO) ក៏ដូចជា  មូលនិធិ​សហប្រជាជាតិ ដើម្បី​កុមារ  (UNICEF) បាន​ទទូច​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ខិតខំ​បង្កើន​សកម្មភាព​បន្ថែម​ដើម្បី​សម្រេច​គោលដៅ​លុបបំបាត់​ភាពអត់ឃ្លាន​និង​កង្វះ​អាហារូបត្ថម្ភ​។ មេដឹកនាំ​ទាំងនេះ​អះអាងថា វា​ចាំបាច់​ត្រូវមាន​ការសហការ​គ្នាព​ង្រឹ​ង​សមត្ថភាព​នៃ​ភាព​អត់ធន់ និង​ការ​សម្រប​ខ្លួន​នៃ​ប្រព័ន្ធ​សង្វាក់​ផលិតកម្ម​ចំណីអាហារ ក្នុងពេលដែល​ការប្រែប្រួល​អាកាសធាតុ​បន្ត​កើតឡើង​នេះ​៕ 
 

Tag:
 ភាពអត់ឃ្លាន​ពិភពលោក​
 ​ប្រែប្រួល​អាកាសធាតុ​
  ជម្លោះ​ប្រដាប់អាវុធ​
© រក្សាសិទ្ធិដោយ thmeythmey.com