អន្តរជាតិ
លោក ពូ​ទីន ស្នើ​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​ជប៉ុន ដោយ​គ្មាន​លក្ខខណ្ឌ​
12, Sep 2018 , 4:08 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​នៅ​ថ្ងៃទី​១២ ខែកញ្ញា ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បានស្នើ​ទៅកាន់​ជប៉ុន​ឲ្យ​បញ្ចប់​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​នៅត្រឹម​ចុងឆ្នាំ​២០១៨ ។ រុស្ស៊ី និង​ជប៉ុន នៅមាន​ជម្លោះទឹកដី​នៅ​ប្រជុំ​កោះ​គូ​រី​ល ដែល​គ្រប់គ្រង​រុស្ស៊ី តែ​ជប៉ុន​ទាមទារ​ធ្វើ​ម្ចាស់​។ ដោយសារ​ជម្លោះទឹកដី​នេះ ទំនាក់ទំនង​រុស្ស៊ី និង​ជប៉ុន មិនសូវ​ល្អប្រសើរ​ឡើយ ហើយក៏​ជា​ឧបសគ្គ​ដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទៅទៀត​។ យ៉ាងណា លោក ពូ​ទីន បានប្រកាស​ច្បាស់​ហើយ​ថា រុស្ស៊ី​ចង់​បញ្ចប់​បញ្ហា​ដោយ​គ្មាន​លក្ខខណ្ឌ​អ្វី​ជាមុន​ឡើយ​។​

 
​ប្រជុំ​កោះ​គូ​រី​ល​ហៅ​តាម​រុស្ស៊ី ឬ​ដែល​ត្រូវ​ជប៉ុន​ឲ្យ​ឈ្មោះថា ដែនដី​ខាងជើង គឺជា​ចំណុច​ស្នូល​ក្នុង​ទំនាក់ទំនង​រវាង​រុស្ស៊ី និង​ជប៉ុន​។ ដោយសារតែ​ការទាមទារ​របស់​ជប៉ុន​លើ​ដែន​កោះ​ដែល​កំពុង​ត្រួតត្រា​ដោយ​រុស្ស៊ី ភាគី​ទាំងពីរ​មិនបាន​ចុះ​កិច្ច​សន្ធិសញ្ញា​សន្តិភាព​ឡើយ​ក្រោយ​ការបញ្ចប់​សង្គ្រាមលោកលើកទី​ពីរ​ក្នុង​ឆ្នាំ​១៩៤៥ ។ ជាង​៧០​ឆ្នាំ​នៃ​ការចរចា​បញ្ចប់​ជម្លោះ គេ​មិនឃើញ​មាន​លទ្ធផល​ដុំកំភួន​អ្វី​ឡើយ​លើ​សំណុំរឿង​រ៉ាំរ៉ៃ​មួយ​នេះ​។​
 
​យ៉ាងណាក្ដី នៅ​ថ្ងៃទី​១២ ខែកញ្ញា ប្រធានាធិបតី​រុស្ស៊ី វ៉ា្ល​ឌី​មៀ ពូ​ទីន បានស្នើ​ដោយ​ចំហរ​ទៅកាន់​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ឲ្យ​រុស្ស៊ី និង​ជប៉ុន​ចុះ​កិច្ចព្រមព្រៀង​បញ្ចប់​ជម្លោះ​ប្រទេស​ទាំងពីរ​។ លោក ពូ​ទីន ស្នើ​បែបនេះ​ក្នុង​កិច្ចប្រជុំ​វេទិកា​សេដ្ឋកិច្ច​ភាគ​ខាងកើត​នៅ​ទីក្រុង​វ្ល៉ា​ឌី​វ៉ូ​ស្តុក ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ដែន​ជម្លោះ​។ សំណើ​របស់លោក ពូ​ទីន​ក៏​ទទួលបាន​ការស្វាគមន៍​ពី​លោក អា​បេ និង​មេដឹកនាំ​ផ្សេងទៀត​។​
 
​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក ពូ​ទីន និយាយថា​៖ យើង​ព្យាយាម​ដោះស្រាយ​បញ្ហា​ទឹកដី​៧០​ឆ្នាំ​មកហើយ​។ យើង​បាន​ជជែក​គ្នា​អស់​ពេល​៧០​ឆ្នាំ​ហើយ​ដែរ​។ ដល់ពេល​បញ្ចប់​សន្ធិសញ្ញា​សន្តិភាព​ហើយ ប៉ុន្តែ​មិនមែន​ឥឡូវនេះ​ទេ គឺ​នៅ​ចុងឆ្នាំ​នេះ ហើយ​គ្មាន​លក្ខខណ្ឌ​ទុក​មុន​អ្វី​ទាំងអស់​។​» លោក​បន្តថា ការបញ្ចប់​ការចរចា នឹង​អនុញ្ញាត​ឲ្យ​ប្រទេស​ទាំងពីរ​បន្ត​ដោះស្រាយ​បញ្ហា​ទាំងអស់​ដែល​មិនអាច​រក​ច្រកចេញ​បាន​៧០​ឆ្នាំ​មកនេះ​។​
 
​តប​នឹង​សំណើ​របស់​ប្រធានាធិបតី​រុស្ស៊ី លោក អា​បេ បានប្រកាស​គាំទ្រ​ភ្លាម​ដែរ​។ ចំពោះ​មេដឹកនាំ​ដែល​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ខាងលើ នាយករដ្ឋមន្ត្រី​ជប៉ុន​បានលើកឡើង​ពី​ភាពចាំបាច់​ដែល​ជប៉ុន និង​រុស្ស៊ី ត្រូវ​សម្លឹង​ទៅមុខ និង​ការបញ្ចប់​ជម្លោះ​ឲ្យ​បាន​ឆាប់ សំដៅ​ឈានដល់​ការចុះ​សន្ធិសញ្ញា​បញ្ចប់​ជម្លោះ​ដែល​បន្សល់ទុក​តាំងពី​ឆ្នាំ​១៩៤៥ មក​នោះ​។ លោក អា​បេ លើក​ជា​សំណួរ​ថា បើ​មិន​ដោះស្រាយ​ឥឡូវ តើ​ទុក​ឲ្យ​នរណា​ដោះស្រាយ​?
 
​កន្លងមក លោក ពូ​ទីន បាន​ជួបចរចា​ជាមួយ​លោក អា​បេ ជាច្រើន​ដើម្បី​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ដែនដី​លើ​ប្រជុំ​កោះ​គូ​រី​ល​។ ជាមួយនឹង​ការប្រកាស​របស់លោក ពូ​ទីន ខាងលើនេះ ការចរចា​រវាង​ក្រុង​មូ​ស្គូ និង​ក្រុង​តូ​ក្យូ ទំនងជា​អាច​ជឿនលឿន​ទៅមុខ​បាន​ឆាប់រហ័ស​ជាង​មុខ​មិន​ខាន​។ ប៉ុន្តែ​កាលពី​ជំនួប​តទល់​ជាមួយ​លោក អា​បេ នៅ​ថ្ងៃទី​១១ ខែកញ្ញា លោក ពូ​ទីន ក៏​ព្រមាន​ថា បញ្ហា​នេះ​ក៏​មិនអាច​ដោះស្រាយ​ស្រួលៗ​ដែរ​៕
 

Tag:
 រុស្ស៊ី​
  ជប៉ុន​
  វ្ល៉ា​ឌី​មៀ ពូ​ទីន​
  ស៊ីន​ហ្សូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com