អន្តរជាតិ
រុស្ស៊ីគ្រោងស្នើ UN បន្ធូរទណ្ឌកម្មលើកូរ៉េខាងជើង កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនាពេលកន្លងមក (រូបភាព Xinhua)
× អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Igor Morgulov នៅថ្ងៃទី១២ ខែកញ្ញា និយាយថា ក្រុងមូស្គូនឹងដាក់សំណើទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឲ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង នៅពេលកូរ៉េខាងជើងចាត់វិធានការដើម្បីរំសាយនុយក្លេអ៊ែររបស់ខ្លួន។ ប៉ុន្តែ គេមិនទាន់ឃើញកូរ៉េខាងជើងធ្វើសកម្មភាពធំដុំនៅឡើយ ទោះជាបានសន្យាជាមួយអាមេរិកក្ដីកាលពីខែមិថុនាក្ដី។ មកទល់ពេលនេះ កូរ៉េខាងជើង បានផ្អាកសាកល្បងនុយក្លេអ៊ែរ និងការបាញ់មីស៊ីល និងកម្ទេចទីតាំងសាកល្បងក្ដី។
កម្ទេចទីតាំងសាកល្បងនុយក្លេអ៊ែរធំជាងគេ ដោះលែងជនជាតិអាមេរិក លែងបាញ់មីស៊ីលបាលីស្ទិក និងឈប់សាកល្បងនុយក្លេអ៊ែរ គឺជាផ្លែផ្កានានាដែលកូរ៉េខាងជើងសម្រេចបានក្រោយជំនួបរវាងមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន ជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅសិង្ហបុរី។ លោក គីម និងលោក ត្រាំ បានព្រមព្រៀងរំសាយនុយក្លេអ៊ែរកូរ៉េខាងជើងទាំងស្រុង រួចទើបអាមេរិកអាចលើកលែងទណ្ឌកម្មបាន។
សកម្មភាពទាំងអម្បាលម៉ានរបស់កូរ៉េខាងជើងក្រោយជំនួបមេដឹកនាំនៅសិង្ហបុរី មិនបានធ្វើឲ្យអាមេរិកពេញចិត្តឡើយ។ អាមេរិកចង់ឲ្យកូរ៉េខាងជើងធ្វើសកម្មភាពច្រើនជាងនេះទៀតដើម្បីឈានដល់ការរំសាយនុយក្លេអ៊ែរទាំងអស់តែម្ដង។ ការទាមទាររបស់ក្រុងវ៉ាស៊ីនតោន បែរជាធ្វើឲ្យក្រុងព្យុងយ៉ាងខឹងទៅវិញ ព្រោះបន្ទាប់ពីការឯកភាពគ្នាមក មានតែខ្លួនប៉ុណ្ណោះដែលបង្ហាញឆន្ទៈអនុវត្តតាមការសន្យា ឯវ៉ាស៊ីនតោនមិនទាន់ធ្វើអ្វីទេ។
យ៉ាងណាមិញ រុស្ស៊ីឯណោះយល់ឃើញថា ទង្វើរបស់កូរ៉េខាងជើងពិតជាសមទទួលការលើកទឹកចិត្តមែន។ នៅថ្ងៃទី១២ ខែកញ្ញា អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី Igor Morgulov លើកឡើងថា ក្រុងមូស្គូនឹងស្នើទៅកាន់ក្រុមប្រឹក្សាសន្តិសុខដើម្បីឲ្យលើកលែងទណ្ឌកម្មលើកូរ៉េខាងជើងខ្លះៗ ប្រសិនបើកូរ៉េខាងជើងពិតជាបានធ្វើកិច្ចការរំសាយនុយក្លេអ៊ែរមែននោះ។
ថ្លែងក្នុងវេទិកាសេដ្ឋកិច្ចភាគខាងជើងនៅទីក្រុងវ្ល៉ាឌីរ៉ូស្តុក មន្ត្រីការបរទេសរុស្ស៊ីទទួលបន្ទុកតំបន់អាស៊ីខាងកើត ខាងត្បូង និងកិច្ចសហប្រតិបត្តិការពហុភាគីរូបនេះបញ្ជាក់ថា៖ «នៅពេលកូរ៉េខាងជើងមានចំណាត់ការដើម្បីលុបបំបាត់នុយក្លេអ៊ែរ យើងជឿថា ក្រុមប្រឹក្សាសន្តិសុខមានអំណាច និងគួរដោះស្រាយបញ្ហាបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ យើងនឹងលើបញ្ហានេះ ជាមួយនឹងការយល់ឃើញថា កូរ៉េខាងជើងក៏គួរតែធ្វើរឿងចាំបាច់នានាដែរ។» នេះបើតាមការផ្សាយរបស់សារព័ត៌មាន RT ។
ដូចដឹងស្រាប់ហើយ កូរ៉េខាងជើងត្រូវបានហ៊ុមព័ទ្ធដោយទណ្ឌកម្មរាប់សិបជាន់ ដោយសារកម្មវិធីអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលបាលីស្ទិករបស់ខ្លួន។ ក្រុមប្រឹក្សាសន្តិសុខបានដាក់ទណ្ឌកម្មក្នុងក្របខណ្ឌអន្តរជាតិ ខណៈដែលអាមេរិកវិញក៏បានដាក់ទណ្ឌកម្មជាឯកតោភាគីដូចគ្នាដែរ។ ឯរឿងទណ្ឌកម្មវិញ អាមេរិកនៅតែប្រាប់ឲ្យកូរ៉េខាងជើងបោះបង់នុយក្លេអ៊ែរសិន ទើបបានខ្លួនអាចដកទណ្ឌកម្មតាមក្រោយដែរ៕
Tag:
រុស្ស៊ី
កូរ៉េខាងជើង
អាមេរិក
UN
© រក្សាសិទ្ធិដោយ thmeythmey.com