អន្តរជាតិ
លោក អា​បេ ត្រៀម​ធ្វើដំណើរ​ទៅ ចិន​ខែក្រោយ ស្របពេល​ទំនាក់ទំនង​ល្អប្រសើរ​
12, Sep 2018 , 10:39 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ:
​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ បាន​និយាយ​នៅ​ថ្ងៃទី​១២ កញ្ញា​ថា រដ្ឋបាល​របស់លោក និង​ទីក្រុង​ប៉េកាំង បាន​យល់ព្រម​រៀបចំ​ទស្សនកិច្ច​របស់លោក​ទៅកាន់​ប្រទេស​ចិន​។ ការបញ្ជាក់​របស់លោក គឺធ្វើឡើង នៅក្នុង​ក្រុង Vladivostok ក្រោយពី​ជំនួប​ជាមួយ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង​។

 
​ពី​ទឹកដី​រុស្ស៊ី នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ ជួប​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ពី​ភាពល្អប្រសើរ​រវាង​ប្រទេស​ទាំងពីរ​។ លោក អា​បេ និយាយថា រូបលោក និង​លោក ស៊ី ជិន​ភីង បាន​ចែករំលែក​ការយល់ឃើញ​ជាមួយគ្នា​ថា ជប៉ុន និង​ចិន ត្រូវ​រួមចំណែក​ទទួលខុសត្រូវ​សម្រាប់​ភាព​រីកចម្រើន និង​សន្តិភាព​ពិភពលោក ក៏ដូចជា​គោលដៅ​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​ផងដែរ​។ យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters ។ 
 
​នាយករដ្ឋមន្ត្រី​ជប៉ុន​វ័យ ៦៣​ឆ្នាំ​រូបនេះ បាន​វិល​ចូលកាន់​តំណែង​នៅក្នុង​អាណត្តិ​ទី​២ កាលពី​ខែធ្នូ ២០១២ ដោយ​លោក​បាន​សន្យា​ដាក់​សម្ពាធ​លើ​ប្រទេស​ចិន ជុំវិញ​បញ្ហា​ជម្លោះ​ដែន​អធិបតេយ្យភាព​នៅលើ​កោះ​តូច​មួយ​ក្នុង​សមុទ្រ​ចិន​ខាងកើត​។​
 
​ប៉ុន្តែ​ភាព​តានតឹង​រវាង​ប្រទេស​ទាំង​២ បាន​ថមថយ​ទៅវិញ រីឯ​ទំនាក់ទំនង កាន់តែ​ជិតស្និទ្ធ​ជាង​មុន ដោយហេតុតែ​សម្ពាធ​ផ្នែក​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក​ទៅលើ​ប្រទេស​ទាំងពីរ​។ គម្រោង​ទស្សនកិច្ច​លោក អា​បេ នៅ​ប៉េកាំង ធ្វើឡើង​ចំ​ខួប​ទី​៤០ នៃ​ការចុះហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព និង​មិត្ត​រវាង​ជប៉ុន និង​ចិន​ដែរ​។ ជាមួយគ្នានេះ លោក អា​បេ ក៏​សង្ឃឹមថា ប្រធានាធិបតី​ចិន​អាចធ្វើ​ទស្សនកិច្ច​មកកាន់​ប្រទេស​ជប៉ុន ដើម្បី​លើកកម្ពស់​ទំនាក់ទំនង​ទ្វេភាគី​ឲ្យ​ដល់​កម្រិត​ថ្មី​។ 
 
​គេ​មិនទាន់​ដឹង​ច្បាស់​ពីថ្ងៃ​នៃ​ការធ្វើ​ទស្សនកិច្ច​របស់លោក​អា​បេ​នៅឡើយ​ទេ ប៉ុន្តែ​សារព័ត៌មាន​ជប៉ុន បាន​បង្ហើប​ថ្ងៃទី​២៣ តុលា ទំនងជា​ពេលវេលា​ដែល​លោក​អា​បេ​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ចិន​។ ថ្ងៃទី​២៣ តុលា ជា​ថ្ងៃ​ដែល​សន្ធិសញ្ញា​មិត្តភាព​រវាង​ជប៉ុន​និង​ចិន បាន​ចូល​ជា​ធរមាន កាលពី​ឆ្នាំ​១៩៧៨ ។ 
 
​កន្លងមក​មន្ត្រី​ជប៉ុន និង​ចិន បាន​ជួប​ពិភាក្សាគ្នា​អំពី​កិច្ចសហប្រតិបត្តិការ​ស​ម្រា​ប់​វិស័យ​ឯកជន ក្នុង​បណ្ដា​ប្រទេស​ទី​បី​។ ចិន ត្រូវបាន​គេ​មើលឃើញថា ចង់​ឲ្យ​ក្រុមហ៊ុន​ជប៉ុន ចូលរួម​នៅក្នុង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់ និង​វិថី​របស់ខ្លួន និង​បណ្ដាញ​ពាណិជ្ជកម្ម​រវាង​ចិន និង​តំបន់​អឺ​រ៉ាស៊ី​៕
 

Tag:
 ជប៉ុន​
  ចិន​
  ស៊ី ជិន​ពីង​
  ស៊ីន​ហ្ស៊ូ អា​បេ
© រក្សាសិទ្ធិដោយ thmeythmey.com