កីឡាជាតិ
ជាតិ
កីឡាករ​២៥​នាក់​ក្នុងចំណោម​៣០០​នាក់ នឹង​ក្លាយជា​យុវជន​ថ្នាល​របស់​ក្លិប​វិសាខា​
13, Sep 2018 , 7:59 am        
រូបភាព
ដោយ:
​យុវជន​ចំនួន​៣០០​នាក់​មកពី​តាម​បណ្តា​រាជធានី​-​ខេត្ត​នានា បាន​ចូលរួម​ធ្វើតេស្ត​សមត្ថភាព​ជាមួយ​ក្លិប​បាល់ទាត់​វិសាខា ដែល​ត្រូវការ​ជ្រើសរើស​យុវជន​ថ្នាល​អាយុ​ក្រោម​១៧​ឆ្នាំ​។ ការធ្វើ​តេស្ត​ធ្វើ​ឡើងជា​៣​ដំណាក់កាល ដោយ​ក្នុងចំណោម​យុវជន​ទាំងនេះ​ចម្រាញ់​យកតែ​២៥​នាក់​តែប៉ុណ្ណោះ​។ វិសាខា ក៏​គ្រោង​ធ្វើតេស្ត​លើ​កម្រិត​អាយុ​ផ្សេងៗ​ទៀតផង​ដែរ បន្ទាប់ពី​ចប់​ការធ្វើ​តេស្ត​នេះ​។

 
​សម្រាប់​យុទ្ធនា​ការស្វែងរក​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​លើកដំបូង​នេះ ក្លិប​វិសាខា​ធ្វើ​ឡើងជា​៣​ដំណាក់កាល ដោយ​ដំណាក់កាល​ទី​១​ចម្រាញ់​យក​៥០​នាក់​ក្នុងចំណោម​យុវជន​ទាំង​៣០០​នាក់​។ ដំណាក់កាល​ទី​២​ជម្រុះ​១៤​នាក់ ដើម្បី​យក​៣៦​នាក់​ឡើងទៅ​ធ្វើតេស្ត​នៅ​ដំណាក់កាល​បន្ត​។ ដំណាក់កាល​ចុងក្រោយ​នេះ យុវជន​ទាំងអស់​ត្រូវធ្វើ​តេស្ត​១​សប្តាហ៍​ពេញ ដើម្បី​ចម្រាញ់​យក​កីឡាករ​មាន​កោសល្យ​ចំនួន​២៥​នាក់មក​ធ្វើជា​យុវជន​ថ្នាល​តែម្តង​។​


 
​សម្រាប់​យុវជន​មកពី​តាម​បណ្តា​ខេត្ត ក្លិប​វិសាខា​ផ្តល់​កន្លែង​ស្នាក់នៅ និង​ហូបចុក​ក្នុងដំណាក់កាល​ធ្វើតេស្ត​ចុងក្រោយ ហើយ​យុវជន​ដែល​ធ្វើតេស្ត​ជាប់​ជា​យុវជន​ថ្នាល ក្លិប​វិសាខា​ផ្តល់​ទាំង​ការ​ស្នាក់នៅ ហូបចុក រៀនសូត្រ និង​ការចំណាយ​ផ្សេងៗ​។ ការធ្វើ​តេស្ត​ស្វែងរក​យុវជន​ថ្នាល​អាយុ​ក្រោម​១៧​ឆ្នាំនេះ បានចាប់ផ្តើម​តាំងពី​ថ្ងៃទី​៧ ខែកញ្ញា ដោយ​គ្រោង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ​។ 
 
​បើ​យោងតាម​លោក ហុក សុចិ​ត្រា អ្នកចាត់ការ​ទូទៅ​ក្លិប​បាល់ទាត់​វិសាខា ក្រោយ​ចប់​បេសកកម្ម​លើកដំបូង​នេះ ក្លិប​នឹង​រៀបចំ​ធ្វើតេស្ត​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ស្វែងរក​យុវជន​តាម​កម្រិត​អាយុ​ផ្សេងៗ​ទៀត​៕    


 

Tag:
 បាល់ទាត់​
  វិសាខា
© រក្សាសិទ្ធិដោយ thmeythmey.com