ជាតិ
កោះ Langkawi ធ្វើម្ចាស់ផ្ទះរៀបចំពិព័រណ៌ PATA Travel Mart ២០១៨
12, Sep 2018 , 9:59 pm        
រូបភាព
ម៉ាឡេស៊ី៖ កោះ​ទេសចរណ៍ Langkawi នៃ​ប្រទេស​ម៉ាឡេស៊ី ក្លាយជា​ម្ចាស់ផ្ទះ​នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ទេសចរណ៍​អាស៊ី - ប៉ាស៊ីហ្វិក PATA Travel Mart 2018 ចាប់ពី​ថ្ងៃទី​១២ ដល់​ថ្ងៃទី​១៤ ខែកញ្ញា​។ ព្រឹត្តិការណ៍​ទេសចរណ៍ និង​ជំនួញ​ដ៏​ធំ​លំដាប់​ពិភពលោក​នេះ ប្រមូល​អ្នកលក់​ពី​ប្រមាណ​៣៥​ប្រទេស និង​អ្នកទិញ​មកពី​ទីផ្សារ​ជាង​៥០ ។​



​ព្រឹត្តិការណ៍ PTM ជាការ​ផ្តល់ឱកាស​នៃ​ការចង​បណ្តាញ​រវាង​ក្រុមហ៊ុន​ធ្វើដំណើរ និង​ទេសចរណ៍ ជាមួយ​អតិថិជន​ថ្មីៗ និង​ជាការ​ពង្រឹង​ទំនាក់ទំនង​រវាង​ដៃគូ​អាជីវកម្ម​ដែលមាន​ស្រាប់​។ លោកស្រី Wan Azizah Wan Ismail ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​ធ្វើជា​អធិបតី​នា​កម្មវិធី​បើក​ពិ​ព័រ​ណ៌​នេះ​នៅ​មជ្ឈមណ្ឌល Mahsuri International Exhibition Center (MIEC) ដែលមាន​វត្តមាន​អ្នកសារព័ត៌មាន​ពី​បណ្តា​ជាច្រើន ក្នុង​មាន​អ្នកសារព័ត៌មាន ThmeyThmey ពី​កម្ពុជា​ផងដែរ​។​

​អ្នកនាង អ៊ីសា រ៉ហានី អ្នកសារព័ត៌មានថ្មីៗស្ថិតក្នុងចំណោមអ្នកសារព័ត៌មានបរទេសដែលយកព័ត៌មានពីពិព័រណ៌ PATA Travel Mart 2018

យោងតាម​របាយការណ៍ ពិរ​ព័ណ៌ PATA Travel Mart (PTM) ឆ្នាំនេះ ប្រមូល​អ្នកលក់​មកពី​ស្ថាប័ន​ចំនួន​១៩៨ ពី​៣៥​ប្រទេស ជាពិសេស​ចិន អាល្លឺម៉ង់ ឥណ្ឌា កា​ហ្សា​ក់​ស្ថាន នេ​ប៉ាល់ និង​បណ្តា​ប្រទេស​ផ្សេងទៀត​។ រីឯ​អ្នកទិញ មាន​ប្រមាណ​២៦០​នាក់​មកពី​ទីផ្សារ​ចំនួន​៥៣ ដែល​បាន​ចុះឈ្មោះ​ចូលរួម ដោយ​ភាគច្រើន​មកពី​កាណាដា ចិន បារាំង អាល្លឺម៉ង់ ឥណ្ឌា កូរ៉េខាងត្បូង ហូ​ឡង់ ហ្វីលីពីន និង​រុស្ស៊ី​។​

​ដើម្បី​បង្ហាញ​សក្តានុពល​របស់ខ្លួន​ក្នុងនាម​ជា​ម្ចាស់ផ្ទះ ម៉ាឡេស៊ី ក៏មាន​អ្នកលក់​ចំនួន​៦៧​នាក់​ផងដែរ មកពី​រដ្ឋ​ផ្សេងៗ Sabah, Sarawak, Selangor, Penang, Labuan, Kedah និង Johor​។ អ្នកចូលរួម​ម្នាក់ៗ​នឹងមាន​វគ្គ​ណាត់ជួប​យ៉ាងហោចណាស់​ចំនួន​៣០​ដង ដើម្បី​ពិភាក្សា​និង​ចរចា​សម្រាប់​អាជីវកម្ម​ទេសចរណ៍​។​



លោក Yb Tuan Mohamaddin Ketapi រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ សិល្បៈ និង​វប្បធម៌​ម៉ាឡេ​ស៊ី ចាត់ទុក​ពិ​ព័រ​ណ៌ Pata Travel Mart (PTM) ឆ្នាំ​២០១៨​នេះ ជា​ព្រឹត្តិការណ៍​មួយ​ដែល​រួមចំណែក​ទាក់ទាញ​ទេសចរ​អន្តរជាតិ ខណៈ​ម៉ាឡេស៊ី​ក៏​ធ្លាប់​ធ្វើជា​ម្ចាស់ផ្ទះ​កាលពី​ឆ្នាំ​១៩៨៦ និង​២០០៥ កន្លងមក​ផងដែរ​។​

​ក្នុង​សុន្ទរកថា​របស់លោក រដ្ឋមន្ត្រី​រូបនេះ បាន​ជោគជ័យ​លើ​ការផ្សព្វផ្សាយ​យុទ្ធនាការ​តាមរយៈ​ប្រព័ន្ធ​ទីផ្សារ​ឌីជីថល ជាពិសេស​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​, Twitter, Instagram និង Youtube ជាដើម​។ លោក Mohamaddin Ketapi រំពឹងថា​ចំនួន​ភ្ញៀវទេសចរ​ទៅកាន់​ម៉ាឡេស៊ី នឹង​កើន​ពី​២៥,៩​លាន​នាក់​ទៅ​៣០​លាន​នាក់​នៅ​ឆ្នាំ​២០២០ ៕












Tag:
 ទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com