ជាតិ
មុន​ឡើង​ដំណែង លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ និង​មន្ត្រីជាន់ខ្ពស់​២​រូប​ទៀត ត្រូវបាន​សម្ដេច ស ខេង ជ្រើស​ទុក​១​ឆ្នាំមុន​
13, Sep 2018 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ «​ខ្ញុំ​សុំ​និយាយ​ជា​ចំហរ​តែម្ដង​ថា មនុស្ស​៣​នាក់​តែងតាំង​ជា​អគ្គនាយក​នេះ ខ្ញុំ​បាន​រើស​ទុក​១​ឆ្នាំ​រួចហើយ​»​។ នេះ​ជាការ​ប្រកាស​ជា​ចំហរ​របស់​សម្ដេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចំពោះមុខ​មន្ត្រីនគរបាល​ជាន់ខ្ពស់ ដែល​ត្រូវ​ទទួលបាន​តំណែង​ថ្មី ក្នុង​អាណត្តិ​ទី​៦​នេះ​។​


 
​មនុស្ស​៣​រូប ដែល​សម្ដេច ស ខេង បាន​ជ្រើសតាំង​ជា​អគ្គនាយកដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​នេះ គឺ​សំដៅ​ទៅលើ​លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ពី​អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ជំនួស​លោក សុខ ផល​។ លោក កង សុខន ពី​អគ្គ​ស្នងការរង​នគរបាលជាតិ ទៅជា​អគ្គនាយក អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ជំនួស​លោក ម៉ៅ ច័ន្ទ​តារា និង​លោក សេង យូ​អ៊ា​ន់ ពី​អគ្គនាយករង ទៅជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ភស្តុភារ និង​ហិរញ្ញវត្ថុ​ជំនួស​លោក ម៉ៅ ប៊ុន​ណារិន​។​
 
​សម្រាប់​រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ការជ្រើសតាំង​មន្ត្រី​បម្រើ​ការងារ​តាម​នាយកដ្ឋាន​នានា គឺ​ត្រូវ​សង្កេតមើល​ទៅលើ​អតីតភាព​ការងារ សមត្ថភាព និង​គុណសម្បត្តិ​ការងារ​។ កន្លងមក ក៏​ធ្លាប់មាន​ដែរ មន្ត្រី​មួយចំនួន ដែល​បាន​ស្នើសុំ​តំណែង និង​តួនាទី​នានា តាមរយៈ​អ្នកមាន​បុណ្យ​សក្តិ​ធំ និង​ដោយផ្ទាល់​ពីស​ម្ដេច ស ខេង​។ ប៉ុន្តែ​ការសម្រេច​ជ្រើសតាំង​នេះ សម្រាប់​សម្ដេច ស ខេង គឺ​មិនមែន​ពឹង​ផ្អែកលើ​មនោសញ្ចេតនា ឬ​ការយោគយល់​ទេ ពោលគឺ​លើ​គុណភាព​ការងារ​ជា​ចម្បង​។​
 
​សូម​ស្ដាប់​ប្រសាសន៍​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​៖



 
« ខ្ញុំ​ស្នើការ​យោគយល់​អា​ធ្យា​ស្រ័យ​។ ខ្ញុំ​អត់​មាន​បោះបង់ចោល​អ្នកណា​ទេ​។ ហើយ​កុំ​គិតថា គាត់​ស្អប់​ខ្ញុំ គាត់​មិន​ស្រលាញ់​ខ្ញុំ គាត់​មិន​ជ្រើសរើស​ខ្ញុំ​តែងតាំង​។ តើ​ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច បើ​ត​គ្នា​មកសុំ​តំណែង​អ៊ីចឹង ឲ្យ​ខ្ញុំ​ធ្វើ​យ៉ាងម៉េច​។ ខ្ញុំ​សូមជម្រាបថា គ្មាន​ពេលណា​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ពិបាកចិត្ត​ជាង​ពេល​ហ្នឹង​ទេ ក្នុង​ការរៀបចំ​មន្ត្រី​»​។ នេះ​ជាការ​បញ្ជាក់​របស់​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ ។​
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែកញ្ញា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ព្រលយ​ដូច្នេះ​ថា ទោះ​មន្ត្រី​ទាំងនោះ ត្រូវបានតែងតាំង​ហើយក៏​ដោយ ក៏​អាច​ធ្លាក់​ចេញពី​តំណែង​វិញ​ដែរ បើសិនជា​ពួកគេ​អនុវត្ត​ការងារ​មិន​បានល្អ​ត្រឹមត្រូវ​៕
 

Tag:
 ស ខេង​
  គៀត ច័ន្ទ​ថា​រិ​ទ្ធ
  កង សុខន
 ​សេង យូ​អ៊ា​ន់​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com