អន្តរជាតិ
ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា ទៅ​ចិន​រក​ជំនួយ​ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​ដុនដាប​
13, Sep 2018 , 11:33 am        
រូបភាព
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ (រូបភាព AFP)
ប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌុយរ៉ូ (រូបភាព AFP)
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ កំពុងធ្វើដំណើរ​ទៅកាន់​ទឹកដី​ចិន ក្នុង​គោលដៅ​ស្វែងរក​កញ្ចប់​ជំនួយ​ថ្មីៗ​ថែមទៀត​ពី​សម្ព័ន្ធមិត្ត​របស់ខ្លួន ដើម្បី​ស្រោចស្រង់​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់ចុះ​ខ្លាំង​។ លោក ម៉ា​ឌុយ​រ៉ូ នឹង​ជជែក​ពី​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​មួយចំនួន​ជាមួយ​សម​ភាគី​ចិន ស៊ី ជិន​ភីង អំឡុងពេល​ទស្សនកិច្ច​នេះ ហើយ​លោក​ជឿថា ចិន​នឹង​ផ្ដល់ជូន​តាម​សំណើ​របស់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ផងដែរ​។

 
 
​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ នឹងធ្វើ​ទស្សនកិច្ច​នៅ​ទីក្រុង​ប៉េកាំង​ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែកញ្ញា តាម​ការអញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ។ នេះ​ជា​ដំណើរ​ទស្សនកិច្ច​នៅ​បរទេស​លើកទីមួយ ចាប់តាំងពី​រួចផុត​ពី​ការប៉ុនប៉ង​ធ្វើឃាត​កាលពី​ខែសីហា ដែល​លោក​បាន​ចោទ​អាមេរិក និង​កូ​ឡុំ​ប៊ី ថា រៀបចំ​ផែនការ​នេះ​។ លោក ម៉ា​ឌុយ​រ៉ូ នឹង​ប្រើ​ទស្សនកិច្ច​លើក​នេះ​ដើម្បី​ស្នើ​កញ្ចប់​ថវិកា​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​ក្នុងស្រុក​ដែល​ដាំ​ក្បាល​ចុះ​។​
 
​មុន​ចាកចេញ​ទៅកាន់​ក្រុង​ប៉េកាំង លោក ម៉ា​ឌុយ​រ៉ូ ហាក់​មាន​សុទិដ្ឋិនិយម​ខ្ពស់​ថា នឹង​ត្រឡប់មកផ្ទះ​វិញ​ជាមួយនឹង​អ្វីដែល​លោក​ចង់បាន​។ ថ្លែង​តាម​កញ្ចក់​ទូរទស្សន៍​នៅ​ថ្ងៃទី​១២ ខែកញ្ញា ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​រូបនេះ​និយាយថា ទស្សនកិច្ច​របស់លោក​ពេលនេះ ជា​រឿង​ចាំបាច់ និង​ពោរពេញ​ដោយ​ឱកាស និង​ក្ដី​រំពឹង​។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​នឹង​ពង្រីក​ទំនាក់ទំនង​វ៉េ​ណេ​ស៊ុយ​អេ​ឡា និង​ចិន​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត​។​
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​ធ្លាប់​មានបាន​ដោយសារ​ធនធាន​ប្រេង បាន​ផុងខ្លួន​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ជម្លោះ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច បាន​បង្ខំ​ឲ្យ​ប្រជាជន​រាប់ពាន់នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​។ ក្នុងការ​ដោះស្រាយ​បញ្ហា រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ បានសម្រេច​ទម្លាក់​តម្លៃ​រូបិយវត្ថុ​ក្នុងស្រុក​ដើម្បី​ទប់ស្កាត់​កំណើន​អតិផរណា​។ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ទស្ស​ទាយ​ថា អតិផរណា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​កើន​ដល់​១​លាន​ភាគរយ​នៅ​ចុងឆ្នាំ​នេះ​។​
 
​មុន​ដំណើរ​ទស្សនកិច្ច​របស់​លោក ម៉ា​ឌុយ​រ៉ូ អនុ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា Delcy Rodriguez ក៏​កំពុង​ស្ថិតក្នុង​ទឹកដី​ចិន​ស្រាប់​ដែរ​។ ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​១២ ខែកញ្ញា អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ប្រកាសថា លោក Rodriguez បាន​ជួប​ជាមួយ​សម​ភាគី​ចិន វ៉ាង ជី​សាន ហើយ​លោក វ៉ាង ក៏បាន​ប្រាប់​អនុ​ប្រធានាធិបតី​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ពី​ការរីកចម្រើន​ក្នុង​ទំនាក់ទំនង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ​ទាំងអស់​។​
 
​ចិន គឺជា​ប្រទេសមួយ​ដែល​នៅតែ​ជា​ខ្នងបង្អែក​រឹង​ម​សម្រាប់​វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែល​ជួប​បញ្ហា​មិនចេះ​មិនចេះហើយ​។ ក្នុង​មួយ​ទសវត្សរ៍​មកនេះ ចិន​បានផ្ដល់​លុយ​ច្រើនជាង​៥០​ពាន់​លាន​ដុល្លារ​ទៅ​ឲ្យ​វ៉េ​ណេ​ស៊ុយ​អេ​ឡា ហើយ​វ៉េ​ណ​ស៊ុយ​អេ​ឡា​បាន​ផ្គត់ផ្គង់​ប្រេង​ទៅ​ឲ្យ​ចិន​វិញ​ដែរ​។ ទំនាក់ទំនង​នេះ​ក៏​ជួយ​ចិន​ពង្រីក​ឥទ្ធិពល​នៅ​តំបន់​អាមេរិក​ឡាទីន​ដែរ ខណៈ​អាមេរិក​ក្រោម​រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ មិនសូវ​ខ្វល់ខ្វាយ​ពី​ប្រទេស​ភូមិ​ផង​ខ្លួន​ប៉ុន្មាន​ទេ​៕

 

Tag:
 ​ចិន​
  វ៉េ​ណេ​ស៊ុយ​អេ​ឡា​
  នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ
© រក្សាសិទ្ធិដោយ thmeythmey.com