ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទូត​ខ្មែរ​ប្រចាំ UN៖ យើងខ្ញុំ​ខកចិត្ត​ដែល​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ​ផ្អែកលើ​ប្រភពព័ត៌មាន​ពណ៌​លាប​កម្ពុជា​
13, Sep 2018 , 1:17 pm        
រូបភាព
លោក ណី សំអុល ឆ្លើយតបទៅទៅនឹងការរិះគន់​របស់​លោក Michelle Bachelet
លោក ណី សំអុល ឆ្លើយតបទៅទៅនឹងការរិះគន់​របស់​លោក Michelle Bachelet
​ឯកអគ្គរាជទូត តំណាង​អចិន្ត្រៃយ៍​កម្ពុជា​ប្រចាំ​មន្ទីរ​អង្គការសហប្រជាជាតិ និង​អង្គការ​អន្តរជាតិ​នានា នៅ​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស បាន​ថ្លែងការណ៍​ឆ្លើ​ប​តប​ទៅនឹង​ការចោទប្រកាន់​នានា​ទៅលើ​រដ្ឋាភិបាល​កម្ពុជា​។ នា​សម័យប្រជុំ​លើក​ទី​៣៩​នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ថ្ងៃទី​១១ ខែកញ្ញា លោក ណី សំអុល បាន​សំដែង​ការខកចិត្ត​ចំពោះ​លោកស្រី Michelle Bachelet  ឧ​ត្ត​ម​ស្នងការ​ថ្មី​របស់ UN ដែល​លោក​បាន​លើកឡើងថា វាយតម្លៃ​កម្ពុជា​ខុសពី​ការពិត​។​

 
«​គណៈប្រតិភូ​យើងខ្ញុំ មានការ​ខកចិត្ត​ដែល​លោកជំទាវ​ឧ​ត្ត​ម​ស្នងការ និង​ប្រតិភូ​មួយចំនួន​ដែល​ផ្អែកលើ​ប្រភពព័ត៌មាន​ដែលមាន​លក្ខណៈ​នយោបាយ បាន​លាប​ពណ៌​ប្រទេស​កម្ពុជា​ឲ្យ​ខ្មៅ​ងងឹត​ពាក់ព័ន្ធ​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​»​។ លោក ណី សំអុល បាន​ឆ្លើយតប​យ៉ាង​ដូច្នេះ​ទៅកាន់​ឧ​ត្ត​ម​ស្នងការ UN ទទួលបន្ទុក​សិទ្ធិ​ដែល​ទើបត្រូវ​បានតែងតាំង​ថ្មី​។​
 
​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​៣៩ នៃ​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស នៃ​អង្គការសហប្រជាជាតិ នៅ​ទីក្រុង​ហ្សឺ​ណែវ នៅ​ថ្ងៃទី​១០ ខែកញ្ញា លោកស្រី Michelle Bachelet ដែលជា​អតីត​ប្រធានាធិបតី​ស៊ី​លី​ផង​ដែរនោះ បានទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​របស់​សម្តេច ហ៊ុន សែន ទម្លាក់​រាល់​បទចោទប្រកាន់​លើ​លោក កឹម សុខា អ្នកនយោបាយ សកម្មជន​សិទ្ធិមនុស្ស និង​អ្នកសារព័ត៌មាន​។ ប្រមុខ​សិទ្ធិមនុស្ស UN រូបនេះ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស្តារ​ប្រជាធិបតេយ្យ​ឡើងវិញ​។​
 
​លោក ណី សំអុល បាន​ច្រានចោល​រាល់​ការចោទប្រកាន់​ទាំងអស់ ដោយ​អះអាងថា ពលរដ្ឋ​កម្ពុជា​គ្រប់រូប​មាន​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ ដោយ​ឥត​ប្រកាន់​និន្នាការ​នយោបាយ មុខរបរ ឬ​ឋានៈ​សង្គម​ឡើយ​។​
 
«​ជនល្មើស​ត្រូវ​ផ្តន្ទាទោស​ដោយ​អំណាចតុលាការ មិនមែន​ដោយសារ​ពួកគេ​ជា​នរណា​នោះទេ ប៉ុន្តែ​ដោយសារ​បទល្មើស​ដែល​ពួកគេ​បាន​ប្រព្រឹត្ត​»​។ នេះ​ជាការ​បកស្រាយ​បញ្ជាក់​របស់លោក ណី សំអុល ទៅកាន់​លោកស្រី Michelle Bachelet ដោយបាន​បន្ថែមថា ការដោះលែង​លោក កឹម សុខា​ក្រោម​លក្ខខណ្ឌ​តុលាការ ធ្វើឡើង​ដោយ​ផ្អែកលើ​កិច្ច​មនុស្សធម៌ ស្របតាម​អំណាច​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​ស៊ើបសួរ ហើយ​ការដោះលែង​មនុស្ស​ផ្សេងទៀត គឺជា​ការអនុវត្ត​នីតិ​រដ្ឋ ដែលជា​កាតព្វកិច្ច​នៃ​ការទទួលខុសត្រូវ​រប​ស់​រដ្ឋាភិបាល​៕
 
 

Tag:
 សិទ្ធិមនុស្ស
  ណី សំអុល
  Michelle Bachelet
© រក្សាសិទ្ធិដោយ thmeythmey.com