ជាតិ
សម្ដេច ស ខេង ហាម​មេ​ឡើង​តំណែង​ថ្មី ដក​មន្ត្រី​ចាស់​ចោល​ដោយ​គ្មាន​ការពិចារណា​
13, Sep 2018 , 7:19 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​រវាង​មន្ត្រី​កាន់តំណែង​ថ្មី និង​មន្ត្រី​ចាស់ នៅតាម​នាយកដ្ឋាន​នានា នៃ​ក្រសួងមហាផ្ទៃ នៅតែ​កើតមាន​។ បញ្ហា​នេះ​រដ្ឋមន្ត្រី​មហាផ្ទៃ​ក្រសួងមហាផ្ទៃ សម្ដេច ស ខេង ក៏​ធ្លាប់​បានដឹង ។ សម្ដេច ស្នើ​ឲ្យ​មន្ត្រី​ទាំងនោះ ចេះ​សម្របសម្រួល​អនុវត្ត​ការងារ​ជាមួយគ្នា​ឲ្យ​បាន​ត្រឹមត្រូវ​។​

 
​និយាយ​ចំពោះមុខ​មន្ត្រីនគរបាល​ជាន់ខ្ពស់ ដែល​ត្រូវ​ចូលកាន់​តំណែង​ថ្មី តាម​អគ្គនាយកដ្ឋាន​នៃ​ក្រសួងមហាផ្ទៃ​នោះ សម្ដេច ស ខេង បាន​លើកយក​បញ្ហា​មន្ត្រី​មួយចំនួន ដែល​ធ្វើ​មិន​ត្រឹមត្រូវ មក​បង្ហាញ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ទាំងនេះ ។ ចំណុច​អវិជ្ជមាន​របស់​មន្ត្រី​ខ្លះ ដែល​សម្ដេច ស ខេង ហាក់​មិន​ពេញចិត្ត​នោះ គឺ​ការចូល​កាន់តំណែង​ថ្មី​ហើយ ដក​មន្ត្រី​ចាស់ៗ ដែល​បំពេញការងារ​ក្នុង​អង្គភាព​នោះ​ចោល ហើយ​បែរជា​ដាក់​បក្ខពួក​ខ្លួនឯង​ចូលធ្វើការ​ទៅវិញ​។ ត្រង់ចំណុច​នេះ​សម្ដេច ស ខេង ហាម​មន្ត្រី​ឡើង​តំណែង​ថ្មី អនុវត្ត​ការងារ​បែបនេះ​។​
 
​ថ្លែង​ក្នុង​ពិធី​ប្រកាស​ចូលកាន់​តំណែង រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ កាលពី​ថ្ងៃទី​១២ ខែកញ្ញា រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​វិធី​ដែល​ល្អ គឺ​ចូលទៅ​(​កាន់តំណែង​ថ្មី​) នេះ លើកទឹកចិត្ត​អ្នកនោះ (​មន្ត្រី​ចាស់​) អ្នក​ដែល​បានតែងតាំង​ហើយ​ហ្នឹង ប្រើប្រាស់​គាត់​ទៅ​។ អើ​! បើ​គាត់​នោះ ធ្វើ​អ្វី​មិនកើត វា​ចៀស​មិន​ផុត​(​ពី​ការដកចេញ​)​ទេ​។ ប៉ុន្តែ​កុំ​ឲ្យ​ទៅដល់​ថា អ្នកនោះ​ធ្វើ​មិនកើត ទៅ​គាបសង្កត់​គំរាមកំហែង ធ្វើ​ឲ្យ​មានការ​ថ្នាំងថ្នាក់​ប្ដឹងផ្ដល់​។ យើង​ត្រួតពិនិត្យ​ទៅ បើ​ត្រួតពិនិត្យ​ទៅ គាត់​ធ្វើ​មិនកើត​ដក​គាត់​ទៅ​។ ហើយ​កុំ​ឲ្យ​ទៅ​ភ្លាម​ដូរ​អ្នកនេះ ដូរ​អ្នកនោះ​។ អគ្គនាយកដ្ឋាន​មុន គាត់​ដាក់​រៀបចំ​គ្នា​គាត់ ឥឡូវ​ខ្ញុំ​ដូរ​ដាក់​មនុស្ស​ខ្ញុំ​…»​។​
 
​បើតាម​សម្ដេច ស ខេង គោលការណ៍​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា និង​រដ្ឋាភិបាល គឺ​ត្រូវ​រក្សា​កម្លាំង​ចាស់ និង​បង្កើន​កម្លាំង​ថ្មី ដើម្បី​បន្ត​យន្តការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន និង​សង្គម ពោលគឺ​មិនមែន​មាន​អ្នកថ្មី ហើយ​ភ្លេច​អ្នក​ចាស់​ដែរ​៕
​ 




Tag:
 ស ខេង​
  នគរបាល​
  មហាផ្ទៃ
© រក្សាសិទ្ធិដោយ thmeythmey.com