អន្តរជាតិ
រដ្ឋាភិបាលយោធា​ថៃ ត្រូវ​រៀបចំ​ការបោះឆ្នោត​យ៉ាងយូរ​នៅត្រឹម​ខែឧសភា ឆ្នាំ​២០១៩
13, Sep 2018 , 3:09 pm        
រូបភាព
ថៃ​, ប្រា​យុទ្ធ ចន្ទ​អូ​ចា
ថៃ​, ប្រា​យុទ្ធ ចន្ទ​អូ​ចា
​មហាក្សត្រ​ថៃ មហា​វ​ជិ​រាល​ង្ក​រណ៍ (Maha Vajiralongkorn) បាន​ឡាយព្រះហស្ត​លើ​ច្បាប់​សំខាន់ៗ​ចំនួន​ពីរ​ដែល​ចាំបាច់​សម្រាប់​ការបោះឆ្នោត​។ ច្បាប់​ស្ដី​ការជ្រើសតាំង​តំណាងរាស្ត្រ និង​ការតែងតាំង​សមាជិក​ព្រឹទ្ធសភា ក៏ត្រូវ​បាន​ចុះ​ក្នុង​រាជកិច្ច​នៅ​ថ្ងៃទី​១២ ខែកញ្ញា​រួចហើយ​ដែរ​។ ការប្រកាស​ឲ្យ​ប្រើ​ច្បាប់​នេះ នឹង​បើកផ្លូវ​ដល់​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា ត្រូវតែ​រៀបចំឡើង​យ៉ាងយូរ​នៅត្រឹម​ខែឧសភា ឆ្នាំ​២០១៩ ខាងមុខនេះ​។

 
​ការរាប់​ថយក្រោយ​ទៅកាន់​ការបោះឆ្នោត​នៅ​ថៃ​ដែល​គេ​រំពឹង​ជាច្រើន​ឆ្នាំ បានចាប់ផ្ដើម​ហើយ បន្ទាប់ពី​ព្រះ​ចៅ មហា​វ​ជិ​រាល​ង្ក​រណ៍ បាន​យល់ព្រម​លើ​ច្បាប់​ស្ដី​ការជ្រើសតាំង​តំណាងរាស្ត្រ និង​ការ​តែង​តែង​សមាជិក​ព្រឹទ្ធសភា​។ ច្បាប់​សំខាន់​ទាំងពីរ​ដែល​បម្រើ​ឲ្យ​ការបោះឆ្នោត​នៅពេល​ខាងមុខ ត្រូវបាន​ចុះ​ក្នុង​រាជកិច្ច​នៅ​ថ្ងៃទី​១២ ខែកញ្ញា ហើយនឹង​ចូល​ធរមាន​នៅ​រយៈពេល​៩០​ថ្ងៃ​បន្ទាប់ គឺ​ក្នុងអំឡុង​ខែធ្នូ​ខាងមុខ​តែម្ដង​។​
 
​បើតាម​ច្បាប់​ថៃ ក្រោយ​ការដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​រួច ការបោះឆ្នោត​ទូទៅ​មួយ ត្រូវ​រៀបចំ​ក្នុងអំឡុងពេល​១៥០​ថ្ងៃក្រោយ ដែល​នេះ​មានន័យថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ថៃ​មាន​ពេល​ដល់​ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​បោះឆ្នោត​ជ្រើសរើស​សមាជិកសភា​តំណាងរាស្ត្រ​។ ឯ​ក្នុង​ច្បាប់​ស្ដីពី​ការតែងតាំង​សមាជិក​ព្រឹទ្ធសភា​វិញ​ចែងថា សមាជិក​ព្រឹទ្ធសភា​ចំនួន​២០០​នាក់​ជ្រើសរើស​ដោយ​របប​យោធា ៥០​នាក់​ដោយ​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ រដ្ឋធម្មនុញ្ញ​ចែងថា សមាជិកសភា​តំណាងរាស្ត្រ​មាន​ចំនួន​៥០០​រូប ដែល​៣៥០​រូប​ជ្រើសតាំង​តាមរយៈ​ការបោះឆ្នោត​ក្នុង​មណ្ឌល​ទូទាំងប្រទេស ហើយ​១៥០​នាក់​ទៀត​ត្រូវ​ជ្រើសតាំង​តាម​ប្រព័ន្ធ​សមាមាត្រ​។ រដ្ឋសភា​មាន​ភារកិច្ច​ជ្រើសរើស​នាយករដ្ឋមន្ត្រី​ពី​ចំណោម​បក្ស​ឈ្នះឆ្នោត​។ តែបើ​មិនអាច​ធ្វើតាម​នីតិវិធី​បាន នោះ​សមាជិក​ព្រឹទ្ធសភា​ក៏​ចូលរួម​ក្នុងការ​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ដែរ ហើយ​ដែលជា​ឥស្សរជន​មិនមែនជា​តំណាងរាស្ត្រ​បាន​ទៀតផង​។​
 
​ជុំវិញ​កាលបរិច្ឆេទ​បោះឆ្នោត​វិញ រដ្ឋាភិបាលយោធា​ធ្លាប់បាន​ប្រកាស​ហើយ​ថា ទំនងជា​ធ្វើ​នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៩ ខាងមុខនេះ​។ ការប្រកាស​របស់រប​ប​យោធា​នេះ មិនទាន់​ធ្វើ​ឲ្យ​ប្រជាជន​ថៃ​កក់ក្ដៅ​នៅឡើយ​ទេ ព្រោះតែ​យោធា​ធ្លាប់​ពន្យារពេល​ការបោះឆ្នោត​នេះ​ម្ដង​ជា​ពីរដង​រួចទៅហើយ​។ កាលពី​ខែសីហា នាយករដ្ឋមន្ត្រី​រដ្ឋាភិបាល​សឹក ប្រា​យុទ្ធ ចន្ទ​អូ​ចា ក៏​នៅតែ​ចំហរទ្វារ​ដល់​ការអូសបន្លាយ​ការបោះឆ្នោត​ទៀត​ដែរ​។​
 
​ក្នុង​ដំណើរ​ទៅកាន់​បោះឆ្នោត​នេះដែរ របប​យោធា​ក៏​ត្រៀម​លើកលែង​បម្រាម​ជួបជុំ​លើ​អ្នកនយោបាយ​ដែរ ដើម្បី​ឲ្យ​ពួកគេ​មានឱកាស​ត្រៀមខ្លួន​ប្រជែង​ការបោះឆ្នោត​ឆ្នាំក្រោយ​។ កន្លងមក ក្រុម​យោធា​បាន​រង​ការរិះគន់​យ៉ាងខ្លាំង​លើ​រឿងនេះ ដ្បិត​បក្សនយោបាយ​នានា​បាន​ត្អូញត្អែរថា ពួកគេ​អាច​គ្មាន​ពេល​គ្រប់គ្រាន់​ដើម្បី​ប្រកួត ហើយ​ពេលវេលា​ក៏​កាន់តែ​ខើច​ខ្លី​ដែរនោះ​៕
 

Tag:
 ថៃ​
  ប្រា​យុទ្ធ ចន្ទ​អូ​ចា
© រក្សាសិទ្ធិដោយ thmeythmey.com