ជាតិ
សម្ដេច ហ៊ុន សែន​៖ ប្រទេសក្រៅ​តំបន់​ឥណ្ឌូចិន គួរ​ទុក​សេចក្ដីសុខ​ខាង​នយោបាយ​ឲ្យ​ប្រទេស​ក្នុង​តំបន់​
13, Sep 2018 , 3:47 pm        
រូបភាព
​ភ្នំពេញ​៖ ប្រទេសក្រៅ​តំបន់​ឥណ្ឌូចិន គួរតែ​ទុក​សេចក្តីសុខ​ខាង​នយោបាយ​ឲ្យ​ប្រទេស​ក្នុង​តំបន់ អាចមាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង​។ នេះ​ជាការ​លើកឡើង​របស់​ស​ម្ដេច ហ៊ុន សែន នៅក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក លើក​ទី​២៧ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​


 
​ថ្លែង​ចំពោះមុខ​មេដឹកនាំ​ប្រទេស​ចំនួន​៤​ទៀត សម្ដេច ហ៊ុន សែន បាន​និយាយថា ប្រទេស​ក្នុង​តំបន់​មេគង្គ តែងតែ​រង​សម្ពាធ​ផ្នែក​នយោបាយ​ក្នុងការ​ដឹកនាំ ពី​សំណាក​ប្រទេស​លោក​សេរី ។​ដូច្នេះ​ប្រទេស​ទាំងនោះ  គួរតែ​ទុក​ឲ្យ​ប្រទេស​ក្នុង​តំបន់​មេគង្គ ដោះស្រាយ​បញ្ហា​ដោយ​ខ្លួនឯង ពោលគឺ​កុំ​លូកដៃ​ចូល​ផ្ទៃក្នុង​ប្រទេស​ក្នុង​តំបន់​មេគង្គ​។​
 
​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​និយាយ​យ៉ាង​ដូច្នេះ​ថា​៖«​ប្រទេស​ខាងក្រៅ​តំបន់​របស់​យើង គេ​តែងតែ​ទះ​ក្បាល​របស់​យើង​ផង ថា​ត្រូវ​ធ្វើតាម​គេ តាម​នេះ តាម​នោះ​ផង ក្នុងពេល​លក្ខខណ្ឌ​តាម​ប្រទេស​នីមួយៗ មិនអាច​ទទួលយកបាន​។ ទុក​ឲ្យ​ប្រទេស​ទាំងនេះ​មាន​សេចក្ដីសុខ​ខាង​នយោបាយ​ខ្លះ ដើម្បី​ជំរុញ​ដល់​ការកសាង​ប្រទេស​។ ខ្ញុំ​លើក​បញ្ហា​នេះ​មិនមែន​ចង់​សំដៅ​ជូន​សារ​ដល់​ប្រទេស​ណា​ទាំងអស់ ក៏ប៉ុន្តែ​ខ្ញុំ​គិតថា ពួក​មេក្រុម​នេះ​សុទ្ធតែ​ពួក​រងគ្រោះ​ខាង​នយោបាយ ដូច្នេះ​ខ្ញុំ​ស្នើថា​ពួក​អ្នក​ក្រៅ​តំបន់​ដែល​មិនដឹង​រឿង​របស់​យើង ទុក​ឲ្យ​យើង​ដោះស្រាយ​បញ្ហា​របស់​យើង​បាន​ឬទេ​?»​។ 
 
​ភ្ជាប់​ជាមួយ​ការស្នើ​ទៅ​ប្រទេសក្រៅ​តំបន់​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​និយាយ​គាំទ្រ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​បាន​អនុវត្ត​វិធានការ​ច្បាប់​ប្រទេស​ខ្លួន ក្នុងការ​ទប់ស្កាត់​បញ្ហា​ចលាចល​នៅ​មី​យ៉ាន​ម៉ា​ផងដែរ​។ «​ឯ​មី​យ៉ាន់​ម៉ា​គឺ​កាន់តែ​ធ្ងន់ធ្ង​រទៅទៀត គឺ​ត្រូវគេ​ចោទថា ជា​អ្នក​ប្រល័យពូជសាសន៍ ប៉ុន្តែ​អ្នក​ទាំងអស់គ្នា​បាន​យល់​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​ទេ ស្គាល់​ពី​មី​យ៉ាន់​ម៉ា​ទេ ដែល​ត្រូវ​ដោះស្រាយ​បញ្ហា​ប្រឈម​យ៉ាងច្រើន​ទាក់ទង​ទៅនឹង​សន្តិសុខ​ជាតិ ពី​ក្រុម​មួយ​ទៅ​ក្រុម​មួយ ត្រូវមាន​កា​រយោគយល់​ចំពោះ​មី​យ៉ាន់​ម៉ា​»​។ នេះ​ជាការ​លើកឡើង​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​។​
 
​កម្ពុជា ត្រូវបាន​ប្រទេស​លោកខាងលិច រិះគន់​ឥត​ស្រាកស្រាន្ត​ពី​រឿង​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ធ្វើទុក្ខបុកម្នេញ​ក្រុម​អ្នកនយោបាយ និង​អ្នកប្រឆាំង​រដ្ឋាភិបាល​។ ជាពិសេស​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កន្លងមក បណ្ដា​ប្រទេស​លោកខាងលិច មិន​គាំទ្រ​ឡើយ ដោយសារ​អវត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវបាន​តុលាការ​រំលាយ កាលពី​ចុងឆ្នាំ​២០១៧​។ បណ្ដា​ប្រទេស​ទាំងនោះ ចាត់ទុក​ការបោះឆ្នោត​នេះ មិន​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​ប្រជាពលរដ្ឋ​។ ប៉ុន្តែ​រដ្ឋាភិបាល អះអាងថា ការបោះឆ្នោត​នេះ គឺ​ត្រឹមត្រូវ​តាមច្បាប់ ស្រប​ពី​ពលរដ្ឋ​ជិត​៨៣​ភាគរយ​នាំគ្នា​បោះឆ្នោត ដែល​បង្ហាញ​ពី​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ពិតប្រាកដ​៕
 
​ 

Tag:
 ហ៊ុន សែន​
  វេទិកា​សេដ្ឋកិច្ចពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com