អន្តរជាតិ
នាវា​ពិឃាត​អាមេរិក​មួយគ្រឿង​ចូល​កៀក​ស៊ី​រី ក្រោយ​រុស្ស៊ី​ព្រមាន​ពី​ការវាយប្រហារ​អាវុធ​គីមី​ក្លែងក្លាយ​
13, Sep 2018 , 7:39 pm        
រូបភាព
នាវាចម្បាំងអាមេរិក USS Bulkeley (រូបភាពពី Flickr កងទ័ពជើងទឹកអាមេរិក)
នាវាចម្បាំងអាមេរិក USS Bulkeley (រូបភាពពី Flickr កងទ័ពជើងទឹកអាមេរិក)
​នាវា​ពិឃាត​មួយគ្រឿង​របស់​យោធា​អាមេរិក បាន​ចូល​ទៅដល់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ហើយ ខណៈដែល​ស្ថានការណ៍​នៅ​ស៊ី​រី​កំពុង​តានតឹង​ខ្លាំង​។ ទាហាន​រដ្ឋាភិបាល​ស៊ី​រី ដែល​គាំទ្រ​ដោយ​រុស្ស៊ី និង​អ៊ីរ៉ង់ កំពុង​ត្រៀមខ្លួន​វាយប្រហារ​មូលដ្ឋាន​ក្រុម​ឧទ្ទាម​ប្រឆាំង​នៅ​ខេត្ត Idlib ទោះជា​មានការ​ព្រមាន​ផ្ទុះឡើង​វិបត្តិ​មនុស្សធម៌​ក្ដី​។ ជាមួយគ្នានេះ រុស្ស៊ី​ក៏បាន​ព្រមាន​ពី​ផែនការ​របស់​ក្រុម​ឧទ្ទាម​ក្នុង​ការរៀបចំ​ការវាយប្រហា​រ​អាវុធ​គីមី​ក្លែងក្លាយ​ក្នុង​ខេត្ត​នេះ ដើម្បី​ឲ្យ​អាមេរិក​មាន​លេស​វាយប្រហារ​លើ​ទ័ព​រដ្ឋាភិបាល​។

 
 
​នាវាចម្បាំង USS Bulkeley ដែលជា​ប្រភេទ​នាវា​ពិឃាត​ថ្នាក់ Arleigh Burke បាន​ចូល​កៀក​ទឹកដី​ស៊ី​រី​ហើយ ដោយបាន​ទៅដល់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​តាម​ច្រក Gibraltar នៅ​ថ្ងៃទី​១២ ខែកញ្ញា​។ ការ​ទៅដល់​របស់​នាវា​ដ៏​ទំនើប​មួយ​នេះ ធ្វើ​ឲ្យ​ចំនួន​កាំជ្រួច Tomahawk ដ៏​មាន​ឥទ្ធិពល​របស់​អាមេរិក​នៅក្បែរ​ស៊ី​រី មាន​ដល់​ទៅ​២០០​គ្រាប់ ហើយ​ដែល​អាច​វាយប្រហារ​គោល​ដៅ​ទាំងឡាយ​នៅ​ស៊ី​រី​បាន​គ្រប់ពេល​ទាំងអស់ បើសិន​មាន​បញ្ជា​ឲ្យ​វាយប្រហារ​។​
 
​វត្តមាន​របស់​នាវា​ពិឃាត​អាមេរិក ធ្វើឡើង​ស្របពេល​ដែល​ជម្លោះ​នៅ​ស៊ី​រី​ចាប់ផ្ដើម​តានតឹង​ជាថ្មី បន្ទាប់ពី​យោធា​ស៊ី​រី​ត្រៀម​បើក​យុទ្ធនាការ​វាយ​លុយ​រំដោះ​ខេត្ត Idlib ដែលជា​មូលដ្ឋាន​ចុងក្រោយ​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​លោក បា​សា អាល់​-​អាសាដ ។ ក្រុម​លោកខាងលិច​បាន​ព្រមាន​ពី​ល​វិបាក​ផ្នែក​មនុស្សធម៌​ដែល​អាច​កើតចេញពី​ប្រតិបត្តិការ​មួយ​នេះ ខណៈ​ប្រជាជន​ក្នុង​ខេត្ត​នេះ​ជាង​បី​លាន​នាក់ ជា​ជនភៀសខ្លួន​មកពី​តំបន់​ដែលមាន​ប្រយុទ្ធ​ខ្លាំង​រវាង​កម្លាំង​រដ្ឋាភិបាល និង​ក្រុម​ឧទ្ទាម​។​
 
​ស្របគ្នា​នឹង​ការប្រុងប្រៀប​ប្រយុទ្ធ​នេះ យោធា​រុស្ស៊ី​បាន​រកឃើញ​ផែនការ​វាយប្រហារ​អាវុធ​គីមី​ក្លែងក្លាយ​នៅ Idlib ដែល​រៀបចំ​ដោយ​ក្រុម​ឧទ្ទាម និង​លោកខាងលិច​។ រុស្ស៊ី​អះអាងថា គម្រោង​វាយប្រហារ​ក្លែងក្លាយ​នេះ គឺជា​ការបើកផ្លូវ​ឲ្យ​អាមេរិក​វាយប្រហារ​លើក​ម្លាំ​ង​យោធា​ស៊ី​រី​បាន​ដោយ​ស្របច្បាប់ ដូច​កាលពី​ការបាញ់​មី​ស៊ី​ល​ជាង​១០០​គ្រាប់​ក្នុង​ខែមេសា​។ ផែនការ​នេះ ក៏​ជា​ការជួយ​ក្រុម​ឧទ្ទាម​ដែល​ចាំ​ការពារ​បន្ទាយ​ចុងក្រោយ​របស់​ពួកគេ​ផង​។​
 
​យ៉ាងណាមិញ ក្រុង​វ៉ាស៊ីនតោន​បែរជា​និយាយថា ក្រុង​ដា​ម៉ាស់ ជា​អ្នករៀបចំ​ផែនការ​ប្រើប្រាស់​អាវុធ​គីមី​លើ​ជន​ស៊ីវិល​នៅ Idlib ទៅវិញ​។ ក្រុង​វ៉ាស៊ីនតោន​បាន​ព្រមាន​រួចហើយ​ថា ឲ្យ​តែមាន​ការវាយប្រហារ​ដោយសារ​ធាតុគីមី របប​លោក អាសាដ នឹងមិន​រួចខ្លួន​ឡើយ​។  
 
​កាលពី​សប្ដាហ៍​មុន នាវា​ប្រយុទ្ធ​របស់​អាមេរិក​មួយគ្រឿង​ទៀត USS Newport News បាន​ទៅដល់​សមុទ្រ​ម៉េ​ឌី​ទែ​រ៉ា​ណេ​ហើយ​ដែរ ស្របពេល​រុស្ស៊ី​ធ្វើ​សមយុទ្ធ​ជើង​ទឹក​ទ្រង់ទ្រាយ​ធំ​នៅ​ឆ្នេរ​របស់​ស៊ី​រី​ជាប់​សមុទ្រ​មួយ​នេះ​។ នេះ​បើតាម​ការផ្សាយ​របស់​សារព័ត៌មាន Interfax ។ ច្បាស់​ណាស់​ថា ការណ៍​ដែល​អាមេរិក​បញ្ជូន​នាវាចម្បាំង​ជា​បន្តបន្ទាប់​ទៅកាន់​តំបន់​កៀក​ស៊ី​រី ក៏​ព្រោះតែ​រុស្ស៊ី​បាន​ពង្រឹងសមត្ថភាព​ការពារ​ស៊ី​រី​ដូចគ្នា​ដែរ​៕
 

Tag:
 ​អាមេរិក​
  រុស្ស៊ី​
  ស៊ី​រី
© រក្សាសិទ្ធិដោយ thmeythmey.com