អន្តរជាតិ
​លោកស្រី ស៊ូ​ជី​៖ ការពារ​សន្តិភាព និង​វិបុល​ភាពជា​រឿង​អាទិភាព​សម្រាប់​មី​យ៉ាន់​ម៉ា​
13, Sep 2018 , 8:39 pm        
រូបភាព
​ទីប្រឹក្សា​រដ្ឋ​មី​យ៉ាន់​ម៉ា​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​អះអាងថា អ្វីដែល​មី​យ៉ាន់​ម៉ា​ត្រូវការ​នៅពេលនេះ​គឺ សន្តិភាព ស្ថិរភាព និង​វិបុលភាព​ក្នុងប្រទេស​។ លោកស្រី​បាន​ព្យាយាម​បកស្រាយ​ផងដែរ​ការចាប់ខ្លួន​និង​ដាក់គុក​អ្នកសារព័ត៌មាន​ដែល​ធ្វើ​ឲ្យ​មានការ​ទិទៀន​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​កន្លងមក​។


 
​ស្ថិរភាព និង​វិបុលភាព​សេដ្ឋកិច្ច និង​សង្គម​ជា​គោលដៅ​អាទិភាព​របស់​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា ខណៈដែល​មី​យ៉ាន់​ម៉ា​កំពុង​លូតលាស់​ទៅមុខ​។ នេះ​ជាស​ម្តី​របស់​លោកស្រី អ៊ុង​សាន ស៊ូ​ជី នៅ​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ថ្ងៃ ១៣ ខែកញ្ញា​នៅ​វៀតណាម​។ 
 
​ជា​តំណាង​រដ្ឋាភិបាល​ស៊ីវិល​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី បាន​កត់សម្គាល់ថា  មី​យ៉ាន់​ម៉ា​នៅ​ប្រឈម​បញ្ហា​ច្រើន​ជាពិសេស​ប្រព័ន្ធ​អប់រំ សន្តិសុខ និង​នយោបាយ ហើយ​វា​ជា​រឿង​ដែល​រដ្ឋាភិបាល​លោកស្រី​កំពុង​យកចិត្តទុកដាក់​ព្យាយាម​ដោះស្រាយ​ដូចគ្នា​។ 
 
​ទាក់ទិន​ការអប់រំ លោកស្រី​ទទួលស្គាល់ថា ការអប់រំ​នៅ​មី​យ៉ាន់​ម៉ា​នៅ​អន់​ខ្សោយ​ណាស់​។ ដូច្នេះ​វា​ជា​រឿង​អាទិភាព​ដែល​រដ្ឋាភិបាល​ប្រឹងប្រែង​កែលម្អរ និង​ធានាថា ប្រជាជន​គ្រប់រូប​មានឱកាស​ទទួល​បានកា​រ​សិក្សា​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​សង្គម​ដែរ​។ 
 
​ថ្វីបើ​ការអប់រំ​ខ្សោយ​ក្តី លោកស្រី អួតអាង​ថា ប្រជាជន​ក្មេងៗ​នៅ​មី​យ៉ាន់​ម៉ា​មាន​សក្តានុពល​និង​មានការ​ច្នៃប្រឌិត​ខ្ពស់​។ ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​នេះ​បាន​អំពា​នាវ និង​ស្វាគមន៍​រាល់​អ្នកជំនួញ​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​នេះ​ដែល​ចង់​ចូលរួម​វិនិយោគ​ឲ្យ​កាន់តែច្រើន​លើ​យុវជន និង​ពង្រឹងសមត្ថភាព​និង​ជំនាញ​របស់​ពួកគេ​ផង​។
​តាមពិតទៅ​វិនិយោគទុន​បរទេស​កើនឡើង​ច្រើន​ចាប់ពី​ពេល​មី​យ៉ាន់​ម៉ា​ស្គាល់​ប្រជាធិបតេយ្យ​ពេញលេញ​ពី​ឆ្នាំ ២០១៥​។ កាលពី​ឆ្នាំមុន​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះ​បាន​ទាក់ទាញ​វិនិយោគទុន​បរទេស​មាន​ទំហំ​ប្រមាណ ៨ ពាន់​លាន​ដុល្លារ​អាមេរិក​ឯណោះ​។ 
 
​ក្រៅពី​សេដ្ឋកិច្ច​និង​ការអប់រំ​នេះ លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ពី​ឧបសគ្គ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​។ នោះ​គឺ ការកាន់កាប់​អាសនៈ​សភា ២៥​ភាគរយ​របស់​ក្រុម​យោធា​ដែល​មិន​ស្របតាម​គោលការណ៍​ប្រជាធិបតេយ្យ​ឡើយ ហើយ​រដ្ឋាភិបាល​លោកស្រី​នៅតែ​បន្ត​តស៊ូ​មតិ​ដើម្បី​ធានាថា ការផ្លាស់ប្តូរ​ដើម្បី​ឲ្យ​រាល់​អាសនៈ​ទាំងអស់​ត្រូវ​ជ្រើសរើស​ដោយ​ប្រជាជន​ដោយ​សេរី​។  ប៉ុន្តែ​ទីប្រឹក្សា​រដ្ឋ​នេះ​សង្កត់ធ្ងន់ថា រាល់​ការផ្លាស់ប្តូរ​ត្រូវ​ធ្វើតាម​ការចរចា និង​ផ្សះផ្សា​ជាតិ មិនមែន​ធ្វើ​ទាំង​បង្ខំ​ឡើយ​ព្រោះ​សន្តិភាព និង​ស្ថិរភាព ក៏ដូចជា​ការផ្សះផ្សា​ជាតិ​ជា​គោលដៅ​ធំ​បំផុត​មួយ​របស់​រដ្ឋាភិបាល​ស៊ីវិល​។ 
 
​បន្ថែម​ពីនេះ លោកស្រី ស៊ូ​ជី បាន​ផ្តោត​ការយកចិត្តទុកដាក់​ផងដែរ​លើ​ការដោះស្រាយ​បញ្ហា​ហិង្សា​ប្រដាប់អាវុធ​នានា​ដែល​ប៉ះពាល់​ដល់​ដំណើរការ​នៃ​ការអភិវឌ្ឍ និង​គំរាមកំហែង​សន្តិភាព​។ បញ្ហា​ចម្រូងចម្រាស​ជាងគេ គឺ​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​នៅ​រដ្ឋ Rakhine ដែល​សំដៅលើ​ការបង្ក្រាប​ចលនា​ប្រដាប់អាវុធ និង​មានការ​ភៀសខ្លួន​របស់​ជនជាតិ​ភាគតិច​មូស្លីម​ជាង ៧​សែន​នាក់​ទៅកាន់​បង់​ក្លា​ដែ​ស​ផង​។ 
 
​ខណៈដែល​ពិភពលោក​ចង់​ឲ្យ​មានការ​កាត់ក្តី​ទាហាន​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា​រឿង​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ លោកស្រី ស៊ូ​ជី នៅតែ​បង្ហាញ​ការតាំង​ចិត្ត និង​ទំនួល​ខុសត្រូវ​របស់​រដ្ឋាភិបាល​លោកស្រី​ក្នុង​នាំ​ប្រជាជន​រ៉ូ​ហ៊ីង​យ៉ា​មក​ស្រុក​វិញ និង​ស្តារ​សណ្តាប់ធ្នាប់ និង​សន្តិភាព​ក្នុង​រដ្ឋ​ទាំងមូល​ឡើងវិញ​ដែរ​។​
 
«​បើទោះបីជា​យើង​មាន​កៅអី​សភា​ត្រឹម ៧៥​ភាគរយ​ក្តី យើង​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ១០០​ភាគរយ​តែម្តង​»​។ នេះ​ជាការ​អះអាង​របស់លោក​ស្រី​។ 
​តាមពិតទៅ​បញ្ហា​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​ក្លាយជា​រឿងចម្រូងចម្រាស ហើយ​មី​យ៉ាន់​ម៉ា​រង​ការ​ថ្កោលទោស​ខ្លាំង​ផង​កន្លង​មកពី​ក្រុម​សិទ្ធិមនុស្ស និង​អង្គការ​អន្តរជាតិ​។ អ្វីដែល​រឹតតែ​ធ្ងន់ធ្ងរ​ជាងនេះទៀត​នោះ គឺ​កាលពី​ខែ​មុន​ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ​បាន​បញ្ចេញ​របាយការណ៍​ចោទប្រកាន់ថា យោធា​មី​យ៉ាន់​ម៉ា​ប្រព្រឹត្ត​បទ​ប្រល័យពូជសាសន៍ និង​ទាមទារ​ឲ្យ​មានការ​កាត់ទោស​ក្រុម​យោធា​ទាំងនោះ​ផង​។   
 
​លោកស្រី អ៊ុង​សាន ស៊ូ​ជី ការពារ​ការចាប់​អ្នកកាសែត​ស៊ើបអង្កេត​វិបត្តិ​រ៉ូ​ហ៊ីង​យ៉ា​
 
​យ៉ាងណាក៏ដោយ ក្រៅពី​រៀបរាប់​ពី​បញ្ហា​ប្រឈម​មី​យ៉ាន់​ម៉ា លោកស្រី ស៊ូ​ជី ក៏បាន​ឆ្លើយ​សំណួរ​ជុំវិញ​ការចាប់ និង​ដាក់​អ្នកសារព័ត៌មាន​ទីភ្នាក់ងា​រ​ព័ត៌មាន Reuters ឲ្យ​ជាប់គុក ៧​ឆ្នាំ​ដែរ​។ លោកស្រី​បានការ​ពារ​ចំណាត់ការ និង​ការសម្រេច​របស់​តុលាការ​ដោយ​អះអាងថា វា​មាន​តម្លាភាព ហើយ​លោកស្រី​បកស្រាយ​ថា អ្នកសារព័ត៌មាន​ទាំងពីរ​អ្នក​មិនមែន​ជាប់គុក​ដោយសារ​ធ្វើ​ការងារ​សារព័ត៌មាន​ឡើយ​។​
 
« ពួកគេ​មិនមែន​ជាប់គុក​ដោយសារ​ពួកគេ​ជា​អ្នកសារព័ត៌មាន​ឡើយ​។ ពួកគេ​ត្រូវ​ដាក់គុក​ព្រោះតែ​តុលាការ​រកឃើញថា ពួកគេ​បាន​បំពាន​ច្បាប់​កិច្ចការ​សម្ងាត់​រដ្ឋ​»​។ លោកស្រី ស៊ូ​ជី អះអាង​ដូច្នេះ​។​
 

Tag:
 អ៊ុង​សាន ស៊ូ​ជី​
  អាស៊ាន​
  រ៉ូ​ហ៊ីង​យ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com