អន្តរជាតិ
លោក ត្រាំ អនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​លើ​ប្រទេស ដែល​ហ៊ាន​ជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​
13, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១២ កញ្ញា លោក​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​ប្រតិបត្តិ​មួយ (Executive Order) ដែល​អនុញ្ញាត​ឲ្យ​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​បរទេស​ណា ដែល​ហ៊ាន​លូកដៃ​ជ្រៀតជ្រែក​ក្នុងការ​បោះឆ្នោត​អាមេរិក​។ ចំណាត់ការ​ថ្មី​របស់​រដ្ឋបាល​លោក​ត្រាំ​នេះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​កង្វល់​របស់​ភ្នាក់ងារ​សម្ងាត់​អាមេរិក ដោយបាន​លើកឡើងថា រុស្ស៊ី មានបំណង​ចង់​លូកលាន់​ការបោះឆ្នោត​សភា​ពាក់កណ្ដាល​អាណត្តិ​ឆ្នាំ​២០១៨​។

 
​បទបញ្ជា​នេះ​បានធ្វើ​ឡើង ខណៈ​ការបោះឆ្នោត​ជ្រើសរើស​សមាជិកសភា​ជាន់ខ្ពស់​អាមេរិក ខិតជិត​មកដល់ ដែល​នៅសល់តែ ៨​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ គឺ​នៅ​ថ្ងៃទី​០៦ វិច្ឆិកា​ខាងមុខ​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។ ជាមួយគ្នានេះ លោក​ដូ​ណា​ល់ ត្រាំ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​ថា​៖ «​ខ្ញុំ​សូមបញ្ជាក់​ឲ្យ​ច្បាស់​ថា សហរដ្ឋអាមេរិក នឹងមិន​អនុញ្ញាត​ឲ្យ​បរទេស​លូកលាន់​ក្នុង​ទម្រង់​ណាមួយ​ក៏ដោយ ក្នុងការ​បោះឆ្នោត​របស់​យើង​ជាដាច់ខាត​»​។​
 
​ទណ្ឌកម្ម​ដែល​នឹងត្រូវ​ដាក់ អាចមាន​ដូចជា ការ​បង្កក​ទ្រព្យសម្បត្តិ​, ការ​រឹតបន្តឹង​លើ​ការជួញដូរ​រូបិយវត្ថុ​បរទេស​, កំណត់​ការចូល​ប្រើប្រាស់​ស្ថាប័នហិរញ្ញវត្ថុ​អាមេរិក និង​ហាមឃាត់​ពលរដ្ឋ​អាមេរិក​មិន​ឲ្យ​ធ្វើ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​ការជ្រៀតជ្រែក​ការបោះឆ្នោត​អាមេរិក​ជាដើម​។ ហើយ​ទណ្ឌ​កម្មនេះ អាច​នឹង​ត្រូវដាក់ ក្នុងអំឡុងពេល ឬ​ក្រោយពេល​បោះឆ្នោត ដោយ​អាស្រ័យទៅលើ​ភស្តុតាង​ដែល​ប្រមូលបាន​។ នេះ​ការបញ្ជាក់​របស់លោក John  Bolton ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក ប្រាប់​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​។​
 
​យ៉ាងណាមិញ បទបញ្ជា​ដែល​ទើបតែ​បានដាក់​ចេញ​ថ្មី​នេះ ក៏​រង​ការរិះគន់​ពី​សំណាក់​សមាជិកសភា​មួយចំនួន មកពី​គណបក្ស​ទាំងពីរ គឺ​ទាំង​បក្ស​សាធារណរដ្ឋ និង​បក្ស​ប្រជាធិបតេយ្យ​ផងដែរ​។ ពួកគេ បាន​អះអាង​បែបនេះ​ថា ក្រដាស​មួយ​សន្លឹក​នេះ នឹង​ជួយ​បាន​តិចតួច​បំផុត​ក្នុងការ​ផ្លាស់ប្ដូរ​គំនិត​របស់លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន​។ 
 
​ជាក់ស្តែង ក្នុង​ចំណាត់ការ​ថ្មី​នេះ គេ​មិនបាន​និយាយ​ចំៗ​ពី​ឈ្មោះ​ប្រទេស​រុស្ស៊ី​នោះទេ ប៉ុន្តែ​វា​ត្រូវបាន​អនុវត្ត​លើ​បណ្តា​ប្រទេស​, រូបវន្តបុគ្គល និង​ក្រុមហ៊ុន​ណា ដែល​គាំទ្រ និង​ព្យាយាម​បំផ្លាញ​ប្រព័ន្ធ​នយោបាយ​អាមេរិក ដោយ​ប្រើ​មធ្យោបាយ​រួមមាន ការ​ហេ​ក​ចូល (Hack) ប្រព័ន្ធ​រៀបចំ​ការបោះឆ្នោត ឬ​សម្របសម្រួល​ការឃោសនា​គោលនយោបាយ​តាម​ប្រព័ន្ធ​ឌីជីថល​ជាដើម​។ នេះ​បើ​យោងទៅតាម​កាសែត The Wall Street Journal ។​
 
​គួរ​បញ្ជាក់ដែរថា ភ្នាក់ងារ​សម្ងាត់​អាមេរិក​ជាច្រើន បាន​សន្និដ្ឋានថា ទីក្រុង​មូ​ស្គូ​ដែល​ស្ថិតក្រោម​ការដឹកនាំ​រប​ស់លោក ពូ​ទីន បាន​ចូល​ជ្រៀតជ្រែក​អំឡុងពេល​ការបោះឆ្នោត​អាមេរិក​កាលពី​ឆ្នាំ​២០១៦​។ លោកពូ​ទីន ត្រូវបាន​គេ​សង្ស័យថា បាន​ទម្លាយ​អ៊ី​ម៉ែ​ល​របស់​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន (Hillary Clinton) និង​ជួយ​ពង្រឹង​ប្រជាប្រិយភាព​របស់លោក ដូ​ណា​ល់ ត្រាំ ៕

Tag:
 សហរដ្ឋអាមេរិក​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com