ជាតិ
សេដ្ឋកិច្ច
គណៈកម្មការ​ប្រឹក្សា​ការងារ​បើក​កិច្ចប្រជុំ​លើក​ទី​២ ដោយ​សហជីព​ស្នើ​ប្រាក់ខែ​កម្មករ​២១១​ដុ​លា្ល​រ​ក្នុង​ឆ្នាំ​២០១៩
14, Sep 2018 , 7:59 am        
រូបភាព
រូបភាព បានពីហ្វេសហ៊ុក សម្តេច ហ៊ុន សែន
រូបភាព បានពីហ្វេសហ៊ុក សម្តេច ហ៊ុន សែន
​ភ្នំពេញ​៖ គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​បើក​កិច្ចប្រជុំ​ពិភាក្សា​ចរចា​ប្រាក់​ឈ្នួល​គោល​របស់​កម្មករ ជា​លើក​ទី​២ នៅ​ថ្ងៃទី​១៤ ខែកញ្ញា បន្ទាប់ពី​ការចរចា​លើក​ទី​១ មិនទាន់​ទទួលបាន​ផ្លែផ្កា​។​

 
​ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​លោក អាត់ ធន តំណាង​ឲ្យ​ភាគី​និយោជិត បានកំណត់​ប្រាក់ខែ​គោល​ជាង​២០០​ដុល្លារ សម្រាប់​កម្មករ​នៅ​ឆ្នាំ​២០១៩​។ បើតាម​លោក អាត់ ធន តួលេខ​ប្រាក់ខែ​នេះ គឺ​ស្របទៅតាម​តម្លៃ​ទំនិញ​ឡើងថ្លៃ និង​ការចំណាយ​លើ​តម្រូវការ​ផ្សេងៗ​ប្រចាំថ្ងៃ​បច្ចុប្បន្ននេះ​។​
 
​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អាត់ ធន បាន​បញ្ជាក់ថា​៖ «​ការកំណត់​យកប្រាក់​ឈ្នួល​កម្មករ​អ​ប្បរមា​ចំនួន​២១១.៩៤​ដុល្លារ យកមក​ចរចា​នេះ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ជីវភាព​រស់នៅ​របស់​ក​ម្មក​រប​ច្ច​ប្បន្ន ដែល​កំពុង​ប្រឈមមុខ​នឹង​អតិផរណា ក្នុងស្រុក​។ ចំនួន​ប្រាក់​អប្បរ​មា​នេះ ក៏បាន​គិត​ទៅលើ​លទ្ធភាព​នៃ​ការផលិត​របស់​កម្មក​រ គិត​ទៅលើ​ភាព​ផលចំណេញ​នៃ​វិស័យ​រោងចក្រ និង​គិត​ទៅលើ​តម្រូវការ​ផ្សេងៗ​របស់​កម្មករ​ផងដែរ​»​។​
 
​ដោយឡែក ភាគី​និយោជក​មិនបាន​បង្ហាញ​តួលេខ​អ្វី​ទេ ក្រៅពី​ឲ្យ​ភាគី​រដ្ឋាភិបាល​ពិនិត្យ​ស្រាវជ្រាវ រក​បញ្ហា​មួយចំនួន នៃ​ការកំណត់​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​។ ផ្ទុយ​មកវិញ​ភាគី​និយោជក សុំ​ពេល​ពិភាក្សា​ផ្ទៃក្នុង​សិន ដោយ​រង់ចាំ​ដល់​កិច្ចប្រជុំ​ត្រីភាគី​ម្តង​ធ្វើឡើង​។ ប៉ុន្តែ​ភាគី​ខាង​រដ្ឋាភិបាល បានបង្ហាញ​តួលេខ​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​លើក​ទី​១ ដោយ​កំណត់​ប្រាក់​ឈ្មួ​ល​កម្មករ​អតិបរមា​ត្រឹម​១៧៧.៥៧​ដុល្លារ​។ តួលេខ​ទាំងនេះ នឹង​លើក​យកទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ត្រីភាគី​លើក​ទី​២ នៅ​ថ្ងៃស្អែក​នេះ​។ នេះ​បើតាម​លោក អាត់ ធន​។​
 
​លោក អាត់ ធន រំពឹងទុក​ថា ការចរចា​នេះ នឹង​អាច​ទទួលបាន​លទ្ធផល​វិជ្ជមាន​ដូច​ឆ្នាំ​២០១៨​កន្លងមក​៕
 

Tag:
 អតិផរណា​
 ​កម្មករ​
  ប្រាក់​ឈ្នួល​
  អាត់ ធន​
© រក្សាសិទ្ធិដោយ thmeythmey.com