នាវេទិកាសេដ្ឋកិច្ចពិភពលោកនៅវៀតណាម ជប៉ុន និងវៀតណាម នៅថ្ងៃទី១៣ កញ្ញា បានទទូចឲ្យសហរដ្ឋអាមេរិកត្រឡប់ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មភាពជាដៃគូអន្តរប៉ាស៊ីហ្វិក ឬហៅកាត់ថា TPP វិញ។ ការទទូចសុំនេះគឺធ្វើឡើង រយៈពេលជាងមួយឆ្នាំក្រោយពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញកិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំសម្បើមនេះ។
នៅដើមឆ្នាំ២០១៧ លោកត្រាំ បានចេញបញ្ជាដកអាមេរិកចេញពីសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគូពាណិជ្ជកម្មអន្តរប៉ាស៊ីហ្វិក (TPP) ដែលមានសមាជិកទាំងអស់ចំនួន ១២ប្រទេស (គិតទាំងអាមេរិកផង)។ ការសម្រេចនេះដែរ ជាផ្នែកមួយនៃគោលនយោបាយ «តម្កល់ប្រយោធាអាមេរិកជាធំ»។ ទាក់ទិននឹងកិច្ចព្រមព្រៀង TPP នេះ លោកត្រាំបានចាត់ទុកថា វាជាកិច្ចព្រមព្រៀងអាក្រក់និងសម្លាប់ការងារប្រជាជនអាមេរិក ។
សមាជិកហត្ថលេខីដែលនៅសេសសល់ទាំង ១១ប្រទេសក្នុងនោះរូមមាន អូស្ត្រាលី កាណាដា ស៊ីលី ជប៉ុន ម៉ាឡេស៊ី ម៉ិកស៊ីកូ នូវែលហ្សេឡង់ ប៉េរូ និងប្រទេសអាស៊ានចំនួន៣ គឺព្រុយណេ វៀតណាម និងសិង្ហបុរី បន្តកិច្ចព្រមព្រៀងនេះដំណើរការទៅមុខបន្តទៀត បើជាគ្មានវត្តមានសហរដ្ឋអាមេរិកក៏ដោយក្តី។
យ៉ាងណាមិញបណ្ដាប្រទេសទាំង១១នេះ នៅតែបើកទ្វាររង់ចាំការវិលត្រឡប់របស់សហរដ្ឋអាមេរិក ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍មិនអនុញ្ញាតឲ្យប្រទេសផ្សេងទៀត ដែលមិនមែនជាប្រទេសក្នុងតំបន់ប៉ាស៊ីហ្វិក ចូលជាសមាជិកកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះផងដែរ។
រដ្ឋមន្ត្រីការបរទេសជប៉ុន លោក Taro Kono បានលើកទឹកចិត្តសហរដ្ឋអាមេរិកឲ្យត្រឡប់មកចូល កិច្ចព្រមព្រៀង TPP វិញ។ ការលើកឡើងរបស់លោក ធ្វើឡើងនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម ជាទីដែលកង្វល់ជុំវិញគោលនយោបាយគាំពារនិយមរបស់អាមេរិក ជាប្រធានក្តៅសម្រាប់កិច្ចប្រជុំនេះ។
លោក Kono បាននិយាយបែបនេះថា៖ «យើងជឿជាក់ថា កិច្ចព្រមព្រៀង TPP នៅតែជាជម្រើសដ៏ល្អបំផុតសម្រាប់សហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងនេះ ក៏នឹងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់បណ្ដារោងចក្រ និងកសិករអាមេរិកផងដែរ»។
ជប៉ុន ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅក្នុង TPP បានផ្ដល់ដង្ហើមដល់កិច្ចព្រមព្រៀងនេះឲ្យរស់ឡើងវិញ។ ប៉ុន្តែកិច្ចព្រមព្រៀង TPPនេះ ត្រូវបានផ្លាស់ប្តូរឈ្មោះទៅជាកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP)។ កិច្ចព្រមព្រៀងថ្មីដែលមានទំហំទីផ្សារប្រជាជនចំនួន ៥០០ លាននាក់ និងមានទំហំសេដ្ឋកិច្ចប្រមាណជាង ១៣,៥ ភាគរយ នៃសេដ្ឋកិច្ចសកលលោក អាចនឹងចូលជាធរមាន នាបំណាច់ឆ្នាំ២០១៨នេះ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក Kono។
ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានបន្ទរពីក្រោយតាមការលើកឡើងរបស់លោក Kono ដោយបានចាត់ទុកកិច្ចព្រមព្រៀងឆ្លងទ្វីបថ្មីនេះថាជា «កិច្ចព្រមព្រៀងកម្រិតខ្ពស់បំផុតមួយ»។
វៀតណាម ត្រូវបានគេទទួលស្គាល់ថាជាប្រទេសទទួលបានផលចំណេញច្រើនជាងគេបំផុតពីវត្តមានរបស់អាមេរិកនៅក្នុងកិច្ចព្រមព្រៀង TPP។ ហេតុផលនោះគឺថា កិច្ចព្រមព្រៀងនេះ បានបើកឱកាសឲ្យទំនិញវៀតណាម ដែលចេញពីរោងចក្រប្រើប្រាស់កម្លាំងពលកម្មទាប អាចមានលទ្ធភាពនាំចេញទៅកាន់ទីផ្សារដ៏ធំរបស់អាមេរិក។ ទំនិញទាំងនោះ គឺរាប់ចាប់ពីស្បែកជើង និងសំលៀកបំពាក់ ទៅដល់ទូរសព្ទចល័ត និងគ្រឿងបង្គំកុំព្យូទ័រជាដើម។
សម្រាប់ប្រទេសហត្ថលេខីដែលមានទីផ្សារតូចជាងគេដូចជាវៀតណាមនេះ ការបើកជំហរទីផ្សារទៅកាន់ទីផ្សារអាមេរិក ជាគុណសម្បត្តិដ៏សំខាន់មួយ។ យោងតាមទីភ្នាក់ងារសារព័ត៌មាន AFP។
គួរបញ្ជាក់ដែរថា ការលើកឡើងរបស់ជប៉ុន និងវៀតណាមធ្វើឡើង ក្រោយពីលោកត្រាំ កាលពីខែមេសាកន្លងទៅ ធ្លាប់បាននិយាយម្តងដែរថា សហរដ្ឋអាមេរិក អាចនឹងចូលជាសមាជិកកិច្ចព្រមព្រៀងឆ្លងទ្វីបនេះជាថ្មី ប្រសិនបើវាមានលក្ខខណ្ឌប្រសើរជាងមុន៕