ជាតិ
​បាក់​ឌុប​៖ ក្រោយ​ស្រាយ​បញ្ហា​បច្ចេកទេស​កុំព្យូទ័រ មាន​អ្នកធ្លាក់​ជិត​១០០០​នាក់ ត្រូវ​ជាប់​វិញ​
13, Sep 2018 , 9:35 pm        
រូបភាព
សិស្សឱប និងយំដាក់គ្នា នាអំឡុងពេលប្រកាសលទ្ធផល​ដំបូង ដោយមានអ្នកខ្លះជាប់អ្នកខ្លះធ្លាក់។ ថតដោយ ញឹក ស្រីល័ក្ខ
សិស្សឱប និងយំដាក់គ្នា នាអំឡុងពេលប្រកាសលទ្ធផល​ដំបូង ដោយមានអ្នកខ្លះជាប់អ្នកខ្លះធ្លាក់។ ថតដោយ ញឹក ស្រីល័ក្ខ
ដោយ: រួបរួម
​កម្មវិធី​កុំព្យូទ័រ​មិនបាន​បូក​ស្រង់​ពិន្ទុ​មុខវិជ្ជា​គណិតវិទ្យា​របស់​បេក្ខជន​ចំនួន​៧៤០​បន្ទប់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​ជិត​១០០០​នាក់​។ នេះ​បើតាម​ការរកឃើញ​រប​ស់​គណៈកម្មការ​កោសល្យវិច័យ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ពិនិត្យ​ដោះស្រាយ​ចំពោះ​ការមិន​ពេញចិត្ត​លទ្ធផល​នៃ​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (​បាក់​ឌុប​) សម័យ​ប្រឡង​ថ្ងៃទី​២០ ខែសីហា​។​



​លទ្ធផល​ថ្មី​មួយទៀត​ដែល​ចេញផ្សាយ​ក្រសួង​អប់រំ យុវជន និង​កីឡា នា​ល្ងាច​ថ្ងៃទី​១៣ ខែកញ្ញា បានបង្ហាញ​ឲ្យ​ឃើញ​ពី​ការកើនឡើង​ចំនួន​សិស្ស​ដែល​ប្រឡង​ជាប់​ពី​៦៦,២១​ភាគរយ ទៅ​៦៧,០៧​ភាគរយ​។ លទ្ធផល​ថ្មី​បាន​បង្ហាញថា សិស្ស​ទទួលបាន​និទ្ទេស A កើន​ពី ២៩០​នាក់​ទៅ ៤០៨​នាក់ និទ្ទេស B កើន​ពី​១៥៣២​នាក់​ទៅ ២២២២​នាក់ និទ្ទេស C កើន​ពី​៤៦៣១​នាក់​ទៅ​៦០៤១​នាក់ និទ្ទេស D កើន​ពី​១៣ ៩៩៩​នាក់ ទៅ​១៥ ១៨០​នាក់ រីឯ​និទ្ទេស E ថយ​ពី​៥៤ ៦០៧​នាក់ មក ៥២ ១៨៣​នាក់​។​

​ចំនួន​បេក្ខជន​ប្រឡង​ជាប់​ដែល​ត្រូវ​បានប្រកាស​លើកដំបូង​មាន​៧៥ ០៥៩​នាក់ ខណៈ​លទ្ធផល​ថ្មី មាន​រហូតដល់​ទៅ​៧៦ ០៣៤​នាក់​។ នេះ​មានន័យថា អ្នកធ្លាក់​ចំនួន​៩៧៥​នាក់ ត្រូវ​ជាប់​ឡើងវិញ​។ ក្រសួងអប់រំ ចាត់ចែងឲ្យមន្ទីររាជធានីខេត្ត ប្រកាសលទ្ធផលថ្មីនេះ នៅ​ថ្ងៃសុក្រ ទី១៤ ខែកញ្ញា នេះ៕


Tag:
 បាក់ឌុប
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com