អន្តរជាតិ
កូរ៉េទាំងពីរបើកការិយាល័យការងាររួម ដើម្បីសម្រួលការទាក់ទងគ្នា មេដឹកនាំកូរ៉េទាំងពីក្នុងជំនួបខែមេសា (រូបភាព AFP)
× នៅថ្ងៃទី១៤ ខែកញ្ញា កូរ៉េខាងត្បូង និងកូរ៉េខាងជើង បានបើកដំណើរការការិយាល័យការងាររួមគ្នា ដើម្បីជំរុញការផ្លាស់ប្ដូរឆ្លងព្រំដែនកូរ៉េទាំងពីរ និងទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរផង។ ការិយាល័យកិច្ចការរួមនេះ មានទីតាំងស្ថិតក្នុងតំបន់ឧស្សាហកម្ម Kaesong ក្នុងទឹកដីកូរ៉េខាងជើង។ ក្រុងសេអ៊ូលជឿថា តាមរយៈការិយាល័យនេះ ទំនាក់ទំនងអន្តរកូរ៉េនឹងល្អប្រសើរ ភាពតានតឹងត្រូវកាត់បន្ថយ ហើយឧបទ្វីបកូរ៉េក៏នឹងមានសន្តិភាពដែរ។
បន្ទាប់ពីពន្យារពេលអស់ប៉ុន្មានសប្ដាហ៍មក ការិយាល័យការងាររួមរវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង បានចាប់ដំណើរការហើយនៅថ្ងៃទី១៤ ខែកញ្ញា។ រដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េ Cho Myoung-gyon និងសមភាគីកូរ៉េខាងជើង Ri Son-kwon ធ្វើជាអធិបតីក្នុងពិធីបើកសម្ពោធការិយាល័យដែលនឹងក្លាយជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងកូរ៉េទាំងពីរ។ វាក៏បង្កើនក្ដីសង្ឃឹមដល់ការរំសាយនុយក្លេអ៊ែរ ដែលបានជាប់គាំងផង។
អាចចាត់ទុកជាស្ថានទូតរបស់កូរ៉េទាំងសងខាង ការិយាល័យដែលមានទីតាំងក្នុងតំបន់ឧស្សាហកម្ម Kaesong នឹងចាប់ផ្ដើមការងារភ្លាមៗតែម្ដង ដោយមានមន្ត្រីថ្នាក់អនុរដ្ឋមន្ត្រីនៃកូរ៉េទាំងពីរជាអ្នកដឹកនាំរួមគ្នា។ ទីភ្នាក់ងារព័ត៌មាន Yonhap ផ្សាយថា ភាគីទាំងពីរនឹងជួបគ្នារៀងរាល់សប្ដាហ៍ ហើយនឹងបុគ្គលកូរ៉េខាងត្បូង និងខាងជើងប្រមាណ៤០នាក់ធ្វើការរួមគ្នាដែរ។ មុនពិធីសម្ពោធ ក្រុងសេអ៊ូលបានបង្ហាញសុទិដ្ឋិនិយមចំពោះការិយាល័យនេះ ជាពិសេសលើការពង្រឹងទំនាក់ទំនងអន្តរកូរ៉េតែម្ដង។
ពីក្រុងឧស្សាហកម្មដែលមានចម្ងាយ៦០គីឡូម៉ែត្រពីក្រុងសេអ៊ូល និង១១៤គីឡូម៉ែត្រពីក្រុងព្យុងយ៉ាង លោក Cho និយាយថា ការិយាល័យកិច្ចការរួមអន្តរកូរ៉េនេះ នឹងក្លាយជាបណ្ដាញសម្រាប់ការទំនាក់ទំនងរវាងកូរ៉េទាំងពីរក្នុងសករាជសន្តិភាព។ ហើយចាប់ពីពេលទៅ ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងអាចទាក់ទងគ្នាបានដោយផ្ទាល់២៤ម៉ោងក្នុងមួយថ្ងៃ និង៣៦៥ថ្ងៃក្នុងមួយឆ្នាំលើកិច្ចការជំរុញសន្តិភាព វិបុលភាព និងទំនាក់ទំនងអន្តរកូរ៉េ។
ការិយាល័យរួមគ្នា បើកដំណើរការមួយសប្ដាហ៍មុនដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ទៅកាន់កូរ៉េខាងជើង។ លោក មូន នឹងជួបជាមួយមេដឹកនាំកំពូលកូរ៉េខាងជើង គីម ជុងអ៊ុន នាជំនួបមេដឹកនាំកូរ៉េទាំងពីរលើកទី៥ និងជាជំនួបទល់មុខមូន-គីម លើកទី៣ ដែរ។ ទស្សនកិច្ចរបស់លោក មូន បានផ្ដល់ក្ដីសង្ឃឹមកាន់តែច្រើនទៀតដល់ការរំសាយនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ដែលជាប់គាំងដោយសារកូរ៉េខាងជើងនៅតែខ្វែងគំនិតជាមួយអាមេរិក។
យ៉ាងណាមិញ កូរ៉េទាំងពីរមិនទាន់គម្រោងបើកតំបន់ឧស្សាហកម្មរួមគ្នានៅ Kaesong នេះនៅឡើយទេ។ ជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកូរ៉េទាំងពីរ តំបន់ឧស្សាហកម្ម Kaesong បានបើកដំណើរការនៅឆ្នាំ២០០៤ ដោយក្រុមហ៊ុនកូរ៉េខាងត្បូងបោះទុនវិនិយោគ ហើយកូរ៉េខាងជើងចេញកម្លាំងពលកម្មមានតម្លៃថោករបស់ខ្លួន។ ប៉ុន្តែតំបន់ឧស្សាហកម្មនេះ បានបិទនៅឆ្នាំ២០១៦ ដោយសារកូរ៉េខាងត្បូងខឹងកូរ៉េខាងជើងបាញ់មីស៊ីល និងសាកនុយក្លេអ៊ែរ៕
Tag:
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com