កីឡាអន្តរជាតិ
អន្តរជាតិ
Silva ថា​ជ្រើស Man City ចោល Real និង Barca ជាការ​សម្រេច​ចិត្តល្អ​បំផុត​ក្នុង​ជីវិត​
14, Sep 2018 , 2:06 pm        
រូបភាព
​ខ្សែបម្រើ​ឆ្នើម David Silva បាន​និយាយថា​ការចូល​រួមជាមួយ Manchester City កាលពី ៨ ឆ្នាំមុន​គឺជា​ការសម្រេចចិត្ត​មួយ​ដ៏​ល្អ​បំផុត​ក្នុង​ជីវិត​របស់គេ​បើទោះជា​មានការ​ចាប់អារម្មណ៍​ពី​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​ពីរ Barcelona និង Real Madrid នៅពេលនោះ​ក៏ដោយ​។ នេះ​បើតាម​ការផ្សាយ​របស់ BBC​។​


 
​កាលពី​នៅ​វ័យ​២៤​ឆ្នាំ ខ្សែបម្រើ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ត្រូវបាន​ក្លិប​រហស្សនាម​មេឃ​ខៀវ​ទិញ​រូបគេ​ពី​ក្លិប Valencia នៃ​លី​គ​បាល់ទាត់​កំពូល La Liga ក្នុង​ខែកក្កដា ឆ្នាំ​២០១០​។​
 
Silva យល់ស្រប​ថា​វា​គឺជា​ក្តី​សុបិន​មួយ​សម្រាប់​កីឡាករ​បាល់ទាត់​អេ​ស្ប៉ា​ញ​ដែល​ភាគច្រើន​ចង់​លេង​ឲ្យ​ក្រុម Barcelona ឬ Real Madrid ប៉ុន្តែ​ភាពរឹងមាំ​នៃ​ការចង់បាន​របស់ Man City បានធ្វើ​ឲ្យ​រូបគេ​សម្រេចចិត្ត​ទៅ​រួម​ក្រុម​។​
 
«City ចង់បាន​ខ្ញុំ​។ ពួកគេ​បាន​ព្យាយាម​ទាក់ទង​ខ្ញុំ​តាំងពី​ខែធ្នូ ហើយ​សុំ​ខ្ញុំ​ទៅលេង​ឲ្យ​ពួកគេ​។ ខ្ញុំ​បាន​គិតថា​តើ​អ្នកណា​ចង់បាន​ខ្ញុំ​ខ្លាំងជាងគេ City ចង់បាន​ខ្ញុំ​ដូច្នេះ​ទីនោះ​ហើយ​ជា​កន្លែង​ដែល​ខ្ញុំ​ត្រូវ​ទៅ​»​។ Silva និយាយ​បែបនេះ​ក្នុង​បទសម្ភាសន៍​មួយ​ក្នុង​កម្មវិធី Premier League Show​។​
 
​តាំងពី​ផ្លាស់​ពី​អេ​ស្ប៉ា​ញ​ទៅកាន់​ទឹកដី Etihad ក្នុង​រយៈពេល​៨​រដូវ​កាល​មកនេះ ខ្សែបម្រើ​វ័យ​៣២​ឆ្នាំ បាន​ជួយ​ក្រុម​ឈ្នះ​ពាន Premier League ៣​លើក FA Cup ១​លើក​និង League Cups ៣​លើក ជាមួយនឹង​ការ​បង្ហា​ខ្លួន​លើសពី​៣០០​ប្រកួត​របស់គេ​ផងដែរ​។​
 
​សម្រាប់​ក្រុម​ជម្រើសជាតិ​វិញ Silva បាន​ជួយ​អេ​ស្ប៉ា​ញ​លើក​ពាន World Cup នៅ​ឆ្នាំ​២០១០ និង​ឈ្នះ​ពាន UEFA Euro ពីលើ​កជាប់​គ្នា​ក្នុង​ឆ្នាំ​២០០៨ និង​២០១២៕
 

Tag:
 បាល់ទាត់​
  Manchester City
  David Silva
© រក្សាសិទ្ធិដោយ thmeythmey.com