ក្រុមហ៊ុន​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី Go-Jek ចាប់ដៃ Go-Viet ពង្រីក​សេវា​ខ្លួន​នៅ​វៀតណាម ដើម្បី​ប្រជែង​ជាមួយ Grab?

អន្តរជាតិ
ក្រុមហ៊ុន​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី Go-Jek ចាប់ដៃ Go-Viet ពង្រីក​សេវា​ខ្លួន​នៅ​វៀតណាម ដើម្បី​ប្រជែង​ជាមួយ Grab?
14, Sep 2018 , 7:19 pm         820
រូបភាព
រូបភាព៖ Jakarta Post
រូបភាព៖ Jakarta Post
ដោយ: ថ្មីៗ
​ក្រុមហ៊ុន​ដឹកជញ្ជូន​ឥណ្ឌូណេស៊ី Go-Jek ចាប់ផ្តើម​សេវា​របស់ខ្លួន​នៅក្នុង​ប្រទេស​វៀតណាម​សប្តាហ៍​នេះ​ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​ដឹកជញ្ជូន​វៀតណាម Go-Viet​។ ការចាប់ផ្តើម​សេវាកម្ម​នៅ​រដ្ឋ​អាស៊ីអាគ្នេយ៍​នេះដែរ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ពង្រីក​សេវាកម្ម​ថ្នាក់​តំបន់​ក្នុង​កញ្ចប់​ហិរញ្ញវត្ថុ​វិនិយោគ​ទំហំ ៥០០​លាន​ដុល្លារ​។​


 
​ក្រោម​ភាពជា​ដៃគូ​នេះដែរ ក្រុមហ៊ុន​ជញ្ជូន​ឥណ្ឌូណេស៊ី Go-Jek ផ្តល់ជំនួយ​ជា​បច្ចេកវិទ្យា ជំនាញ​ពាក់ព័ន្ធ រួមទាំង​ទុនវិនិយោគ​ផងដែរ​ដល់​ក្រុមហ៊ុន Go-Viet របស់​វៀតណាម​ដើម្បី​ផ្តល់​សេវាកម្ម​នៅក្នុង​ប្រទេស​វៀតណាម​។ ហើយ​សេវា​កម្មនេះ​ដំណើរការឡើង​ក្រោម​ស្លាក​យីហោ​របស់​ក្រុមហ៊ុន Viet-Go​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​ជប៉ុន Nikkei Review  ក្រោម​កិច្ចសហការ​នេះ ក្រុមហ៊ុន Go-Viet នឹង​ផ្តល់​សេវាកម្ម​ជាច្រើន​ដែល​ហៅ​តាម​កម្មវិធី​ទូរ​សព្ទ​ក្នុងនោះ​មាន​សេវា​ដឹកជញ្ជូន ដឹកជញ្ជូន​ចំណីអាហារ និង​ការបង់​សេវាកម្ម​តាម​ទូរ​សព្ទ​ជាដើម​។  
 
​ការចាប់ផ្តើម​ដំណើរការ​សេវាកម្ម​រួមគ្នា​ជា​ផ្លូវការ​របស់​ក្រុមហ៊ុន​ទាំងពីរ​ត្រូវបាន​ចូលរួម​ជា​អធិបតី​ពី​សំណាក់​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ចូ​កូ វី​ដូ​ដូ ខណៈដែល​លោក​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោក​ស្តីពី​អាស៊ាន​នៅ​ទីក្រុង​ហាណូយ​។ 
 
​ដោយឡែក ស្ថាបនិក និង​ប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Go-Jek លោក Nadiem Makarim បាន​អះអាងថា សេវាកម្ម​ដឹកជញ្ជូន​នៅ​វៀតណាម​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន Go-Viet ជា​រឿង​ល្អ​ព្រោះ​ចាប់តាំងពី​ពីថ្ងៃ ១ ខែសីហា ជា​ពេល​ចាប់ផ្តើម​ដំណើរការ​ដំបូង​នោះ ក្រុមហ៊ុន Go-Viet បាន​កាន់កាប់​ទីផ្សារ​ដឹកជញ្ជូន​ដល់ ៣៥​ភាគរយ​រួចទៅហើយ​នៅ​ក្រុង ហូជីមិញ​។​
 
​ចំណែក​សហ​ស្ថាបនិក និង​នាយក​គ្រប់គ្រង​ក្រុមហ៊ុន Go-Viet លោក Nguyen Vu Duc វិញ​បាន​បញ្ហា​ក្តី​រីករាយ​ចំពោះ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Go-Jek ឥណ្ឌូណេស៊ី និង​បង្ហើប​ពី​មហិច្ឆតា​ពង្រីក​សេវាកម្ម​របស់ខ្លួន​ផងដែរ​។​
 
«​ខ្ញុំ​រីករាយ​ដែល​បានឃើញ​ការអភិវឌ្ឍ​ប្រកបដោយ​ភាព​វិជ្ជមាន​នៅ​ទីផ្សារ​នា​ក្រុង​ហូជីមិញ ហើយ​វា​ជាការ​ត្រួស​ត្រាយផ្លូវ​សម្រាប់​យើង​ដែរ​ក្នុងការ​ពង្រីក​សេវាកម្ម​ក្នុង​ក្រុង​ហាណូយ​បន្ថែមទៀត​»​។ លោក Nguyen Vu Duc និយាយ​បែបនេះ​។ 
 
​តាមពិតទៅ ការចាប់ផ្តើម​ចាប់​ដៃគូ​បើក​សេវាកម្ម​នៅ​វៀតណាម​របស់​ក្រុមហ៊ុន Go-Jek ចាប់ផ្តើម​ឡើង​ដោយ​ក្រុមហ៊ុន​ឥណ្ឌូណេស៊ី​នេះ​ប្រកាស​វិនិយោគ​លុយ ៥០០​លាន​ដើម្បី​ពង្រីក​សេវាកម្ម​ខ្លួន​នៅ​ប្រទេស​អាស៊ាន​ដូចជា​ហ្វីលីពីន សិង្ហ​បុរី ថៃ និង​វៀតណាម​កាលពី​ខែឧសភា​កន្លងទៅ​ដែរ​។​
 
​យ៉ាងណាក៏ដោយ គេ​មើលឃើញថា ក្រុមហ៊ុន​ផ្តល់​សេវា​ដឹកជញ្ជូន​ក្នុង​តំបន់​កំពុងតែ​ព្យាយាម​ប្រណាំងប្រជែង​ទីផ្សារ​គ្នា​ដែរ​។  ដូច​ឃើញស្រាប់​ក្រុមហ៊ុន Grab របស់​សិង្ហ​បុរី ក៏​កំពុង​ព្យាយាម​ពង្រឹង​តួនាទី និង​ពង្រីក​សេវាកម្ម​របស់ខ្លួន​នៅ​វៀតណាម​ដែរ​។ នៅ​ថ្ងៃ​អង្គារ​ទី ១១ ខែកញ្ញា​នេះ Grab បានប្រកាស​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វៀតណាម MOCA Technology ដើម្បី​ដាក់​ដំណើរការ​សេវា​បង់លុយ​តាម​ទូរ​សព្ទ​ដែរ​៕
 

Tag:
 Go-Jek
  Go-Viet
  ឥណ្ឌូណេស៊ី​
  វៀតណាម​
  Grab
© រក្សាសិទ្ធិដោយ thmeythmey.com