អន្តរជាតិ
រុស្ស៊ី​ប្រាប់​អាមេរិក​៖ កុំ​យក​ថាមពល​ធ្វើ​ឧបករណ៍​ដាក់​សម្ពាធ​លើ​ប្រទេស​ផ្សេង​
14, Sep 2018 , 8:19 pm        
រូបភាព
រដ្ឋមន្រ្តីថាមពលរុស្ស៊ី Alexander Novak (ស្ដាំ) និងរដ្ឋមន្រ្តីថាមពលអាមេរិក Rick Perry (ឆ្វេង) (រូបភាព AP)
រដ្ឋមន្រ្តីថាមពលរុស្ស៊ី Alexander Novak (ស្ដាំ) និងរដ្ឋមន្រ្តីថាមពលអាមេរិក Rick Perry (ឆ្វេង) (រូបភាព AP)
​រុស្ស៊ី នៅ​ថ្ងៃទី​១៣ ខែកញ្ញា បាន​ព្រមាន​អាមេរិក កុំ​ឲ្យ​យក​ថាមពល​ធ្វើជា​ឧបករណ៍​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​ផ្សេង​។ ការព្រមាន​នេះ​ធ្វើឡើង​ដោយ​រដ្ឋមន្ត្រី​ថាមពល​រុស្ស៊ី​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាមួយ​សម​ភាគី​អាមេរិក ស្រប​ពេលដែល​អាមេរិក​បាន​រិះគន់​រុស្ស៊ី​ជុំវិញ​គម្រោង​សាងសង់​បំពង់​បង្ហូរ​ឧស្ម័ន​ទៅកាន់​អឺរ៉ុប​។ ការ​នាំចូល​ឧស្ម័ន​ពី​សំណាក់​រុស្ស៊ី ធ្វើ​ឲ្យ​អាមេរិក​មិន​សប្បាយចិត្ត​ឡើយ ព្រោះ​ឧស្ម័ន​រុស្ស៊ី​មានតម្លៃ​ថោក​ជាង​ឧស្ម័ន​អាមេរិក​។​

 
​ក្នុង​សន្និសីទ​រួមគ្នា​នៅ​ថ្ងៃទី​១៣ ខែកញ្ញា រដ្ឋមន្ត្រី​ថាមពល​រុស្ស៊ី Aleksandr Novak បាន​ប្រាប់​សម​ភាគី​អាមេរិក Rick Perry ថា ថាមពល​មិនគួរ​ត្រូវបាន​ប្រើ​សម្រាប់​បង្ខំ​ប្រទេស​ណា​ឲ្យ​ធ្វើតាម​ខ្លួន​ឡើយ​។ លោក Novak ទំនង​ចង់​និយាយ​ដល់​ប្រទេស​អឺរ៉ុប ដែល​ត្រូវ​អាមេរិក​ប្រាប់​ឲ្យ​បន្ត​ទិញ​ឧស្ម័ន​ធម្មជាតិ​របស់ខ្លួន​ទៀត ខណៈ​រុស្ស៊ី​កំពុង​ស្ថាបនា​ប្រព័ន្ធ​បំពង់​ដឹកជញ្ជូន​ឧស្ម័ន​មានតម្លៃ​ទាប​ដើម្បី​ផ្គត់ផ្គង់​អ្នក​ប្រើ​នៅ​អឺរ៉ុប​ដែរនោះ​។ 
 
​សព្វថ្ងៃនេះ រុស្ស៊ី​កំពុង​អនុវត្ត​គម្រោង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់ខ្លួន Nord Stream 2 ទៅកាន់​អាល្លឺម៉ង់ ប៉ុន្តែ​អាមេរិក​មិន​ពេញចិត្ត​ទេ ដោយ​លោក Perry រិះគន់​គម្រោង​នេះ​ថា នឹង​បង្កើតជា​ចំណុច​បង្អាក់​ដែល​នាំទៅរក​ការរអាក់រអួល​មិន​ខាន​។ រដ្ឋមន្ត្រី​ថាមពល​អាមេរិក​ដដែល​នេះ​ក៏បាន​ទាមទារ​ឲ្យ​រុស្ស៊ី បោះបង់​គំនិត​ប្រើប្រាស់​ធនធាន និង​ឥទ្ធិពល​របស់ខ្លួន​ដើម្បី​បង្អាក់​ដំណើរការ​នៅ​តំបន់​អឺរ៉ុប​ទៀត​ទៅ​។ 
 
​បើតាម​សារព័ត៌មាន​រុស្ស៊ី RT រដ្ឋមន្ត្រី​ថាមពល​រុស្ស៊ី​ក៏បាន​បដិសេធ​ការលើកឡើង​របស់​សម​ភាគី​អាមេរិក​ភ្លាម​ដែរ និង​ថា រុស្ស៊ី​មិនមែនជា​អ្នក​ដាក់​សម្ពាធ​លើ​អ្នកណា​ឡើយ​។ លោក Novak បាន​និយាយ​ក្នុង​សន្និសីទ​សារព័ត៌មាន​ខាងលើ​ថា ថាមពល​មិនគួរ​ត្រូវបាន​យក​ធ្វើជា​ឧបករណ៍​ដាក់​សម្ពាធ​ឡើយ ហើយ​អតិថិជន​ក៏​គួរ​មាន​សិទ្ធិ​ជ្រើសរើស​អ្នកផ្គត់ផ្គង់​ថាមពល​សម្រាប់​ពួកគេ​ដែរ​។​
 
​គម្រោង Nord Stream 2 ដែលមាន​តម្លៃ​១១​ពាន់​លាន​ដុល្លារ នឹង​បង្កើន​សមត្ថភាព​ទ្វេដង​ក្នុងការ​ដឹកជញ្ជូន​ឧស្ម័ន​ប្រចាំឆ្នាំ​ដែលមាន​ចំនួន​៥៥​ពាន់​លាន​ម៉ែត្រគូប​។ គម្រោង​ទីមួយ​ចាប់ផ្ដើម​ប្រតិបត្តិការ​តាំងពី​ឆ្នាំ​២០១១ មកម្ល៉េះ ហើយ​ដំណាក់កាល​ទី​ពីរ​ស្ថិតក្នុង​ការសាងសង់​នៅឡើយ​។ ក្រុង​មូ​ស្គូ​អះអាងថា គម្រោង​ទី​ពីរ គឺជា​គម្រោង​សេដ្ឋកិច្ច​សុទ្ធសាធ មិន​ពាក់ព័ន្ធ​នយោបាយ​អ្វី​ទេ ហើយ​ការដែល​វ៉ាស៊ីនតោន​ប្រឆាំង គឺ​ព្រោះតែ​ចង់​ឲ្យ​អឺរ៉ុប​បន្ត​ទិញ​ឧស្ម័ន​តម្លៃ​ថ្លៃ​របស់ខ្លួន​ទៀត​ប៉ុណ្ណោះ​។​
 
​ពិតណាស់ អឺរ៉ុប​ជា​ម៉ូយ​ឧស្ម័ន​ដ៏​ធំ​មួយ​ដែល​រុស្ស៊ី និង​អាមេរិក​កំពុងដណ្ដើម​គ្នា​។ យ៉ាងណាមិញ មន្ត្រី​ផ្នែក​ថាម​ពល​នៃ​ប្រទេស​ទាំងពីរ​នៅតែ​យល់ឃើញថា អាចធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​បាន​ដដែល​។ លោក Novak លើកឡើងថា រុស្ស៊ី និង​អាមេរិក​ជា​ប្រទេស​នាំមុខ​ដែល​ធានា​សន្តិសុខ​ឧស្ម័ន​ដូចគ្នា ហើយ​នោះ​ជា​ឱកាស​សម្រាប់​ប្រទេស​ទាំងពីរ​ក្នុង​ការធានា​ស្ថិរភាព និង​និរន្តរ៍ភាព​នៃ​ទីផ្សារ​ឧស្ម័ន​របស់​ពិភពលោក​៕ 
 

Tag:
 ​រុស្ស៊ី​
  អាមេរិក​
  អឺរ៉ុប
© រក្សាសិទ្ធិដោយ thmeythmey.com