សេដ្ឋកិច្ច
កម្ពុជា និង​ចិន ចុះ​MOU ចំនួន​១២ ដែលមាន​តម្លៃ​សរុប​ជាង ៨០​លាន​ដុល្លារ​
14, Sep 2018 , 8:39 pm        
រូបភាព
រូបពីក្រសួងពាណិជ្ជកម្ម
រូបពីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​ចិន បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ចំនួន​១២ មានតម្លៃ​សរុប​ជាង ៨០​លាន​ដុល្លារ​អាមេរិក ដែល​គ្របដណ្ដប់​លើ​វិស័យ​ជាច្រើន​។ MOU នេះ​ត្រូវបាន​ចុះហត្ថលេខា នៅ​ថ្ងៃទី​១៣​ខែកញ្ញា ក្នុង​វេទិកា​វិនិយោគ ធុរកិច្ច និង​ទេសចរណ៍ នៃ​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ ។


 
​បើតាម​ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងពាណិជ្ជកម្ម អនុស្សារណៈ​ទាំងនេះ គ្របដណ្ដប់​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ ដូចជា ការធ្វើ​ធុរកិច្ច​-​ពាណិជ្ជកម្ម​, ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​, ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​ម​គ្គុ​ទេស​ក៏​, ការបង្កើត​មហាវិទ្យាល័យ​ស្រាវជ្រាវ​ឧស្សាហកម្ម និង​មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​ទេសចរណ៍ Sino-ASEAN ។​
 
​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​លោក ឈួន ដា​រ៉ា បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​ខាងលើនេះ​ថា ព្រឹត្តិការណ៍​នេះ បង្ហាញ​ពី​ការប្ដេជ្ញាចិត្ត​របស់​កម្ពុ​ជា​ក្នុងការ​ចូលរួម​កសាង​«​វិថី​សូត្រ​សមុទ្រ សតវត្សរ៍​ទី​២១» និង​គាំទ្រ​ការអនុវត្ត​«​វិថី​១ ខ្សែក្រវាត់​១» ដើម្បី​ជំរុញ​ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ទៅក្នុង​តំបន់ តាមរយៈ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍ នៅ​ទីក្រុង​ណាន​នី​ង​ខេត្ត​ក្វាង​ស៊ី​។ 
 
​លោកស្រី Yan Zhichan អនុប្រធាន​រដ្ឋាភិបាល​តំបន់​ស្វ័យ​ត​ខេត្ត​ក្វាង​ស៊ី បាន​ថ្លែងថា ការចុះ​MOU នាពេលនេះ នឹង​ជួយ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ដើម្បី​ឈានទៅ​កសាង​វិថី​សូត្រ​សមុទ្រ ដែលជា​គំនិត​ផ្ដួ​ត​ផ្ដើម​ដ៏​មាន​សារៈ​សំខាន់បំផុត ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​វប្បធម៌​បែប​ទំនើប​រវាង​ចិន និង​ពិភពលោក ជាពិសេស​អាស៊ាន​៕

Tag:
 កម្ពុជា​
 ​ចិន​
© រក្សាសិទ្ធិដោយ thmeythmey.com