ជាតិ
លីអាន ដែលឡើងពីនិទ្ទេស D ទៅ A អរគុណក្រសួង ហើយជឿថា បញ្ហាគណិតវិទ្យា ពិតជាកំហុសអចេតនា
× កំពត៖ ឆាយ លីអាន រីករាយយ៉ាងខ្លាំងដែលទទួលបានផលទៅតាមអ្វីដែលខ្លួនបានទាមទារ។ យុវជនវ័យ ១៦ឆ្នាំរូបនេះ បានលើកសរសើរកិច្ចការងាររបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដោះស្រាយបានលឿន ពោលគឺ ២ថ្ងៃក្រោយពីមានសិស្សានុសិស្សដាក់ពាក្យបណ្ដឹងតវ៉ា លើវិញ្ញាសាគណិតវិទ្យាសម្រាប់សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៨នេះ។
ឆាយ លីអាន អតីតសិស្សឆ្នើមមេដាយមាសគណិតវិទ្យាឆ្នាំ២០១៨ និងជាអ្នកផ្ដើមគំនិតតវ៉ាដំបូងគេឲ្យមានការសើរើឡើងវិញ លើអត្រាកំណែរគណិតវិទ្យា បានលើកសរសើរពីការខិតខំបំពេញការងាររបស់ក្រសួង ជាពិសេសការដោះស្រាយបានឆាប់រហ័ស។
ទោះមានមតិលើកឡើងថា រដ្ឋមន្ត្រី ក្រសួងអប់រំគួរចេញមុខសុំទោសជាសាធារណៈ តែយុវជនរស់នៅខេត្តកំពតនេះ បានអះអាងថា «នេះជាកំហុសបច្ចេកទេស មិនមែនជាចេតនារបស់ក្រសួងអប់រំឡើយ ហើយក្រសួងអប់រំបានដោះស្រាយបានល្អឡើយ។ ខ្ញុំគិតថាគាត់មិនចាំបាច់សុំទោសអីទេ»។
មិនតែប៉ុណ្ណោះយុវជនដែលប្រឈមនឹងការបាត់បង់អាហាររូបករណ៍នៅបរទេស ដោយសារកំហុសបច្ចេកទេសរបស់ក្រសួងអបរំរូបនេះ បាននិយាយយ៉ាងច្បាស់ថាមិនគាំទ្រគំនិតដែលចង់ឲ្យលោករដ្ឋមន្ត្រីចុះចេញពីតំណែងនោះទេ។ លីអាន បញ្ជាក់៖«អត់ អត់ទេបង ខ្ញុំមិនគិតចឹងទេ ព្រោះសមិទ្ធផលនៅក្នុងអាណត្តិរបស់គាត់មានច្រើន ស្នាដៃរបស់គាត់មានច្រើន គាត់ដឹកនាំក្រសួងអប់រំបានល្អ មិនមែនគ្រាន់តែកំហុសតិចតួច ទៅដាក់កំហុសឲ្យគាត់ធ្ងន់ចឹងទេ»។
ឆាយ លីអាន បានអរគុណដល់ក្រសួងអប់រំដែលបានខិតខំដោះស្រាយបញ្ហាបានឆាប់រហ័ស និងបានអំពាវនាវដល់ក្រសួងអប់រំត្រួតពិនិត្យលើបញ្ហាបច្ចេកទេសឲ្យបានត្រឹមត្រូវ ដើម្បីបូកពិន្ទុកដល់សិស្សដទៃទៀតទៅលទ្ធផលពិតរបស់គេ។
លីអាន គឺជាបេក្ខជនដែលបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិភូមិឆ្នាំ២០១៨ នៅខេត្តកំពត និងទទួលបាននិទ្ទេសD នៅក្នុងការប្រកាសលទ្ធផលដំបូងរបស់ក្រសួងអប់រំ កាលពីថ្ងៃទី១០ ខែកញ្ញា។ ប៉ុន្តែដោយសារជឿជាក់លើសមត្ថភាពរបស់ខ្លួនថាពូកែគណិតវិទ្យា តែបែជាលទ្ធផលដំបូងមុខវិជ្ជាគណិតវិទ្យារបស់លីអានធ្លាក់ដល់និទ្ទេសF ទើបបង្កើតឲ្យមានការតវ៉ានេះឡើង៕
Tag:
បាក់ឌុប
ឆាយលីអាន
© រក្សាសិទ្ធិដោយ thmeythmey.com