កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង​គ្រោង​បបួល​ចិន ជប៉ុន និង​កូរ៉េខាងជើង​ដេញថ្លៃ​រៀប World Cup 2030 រួមគ្នា​
15, Sep 2018 , 6:59 pm        
រូបភាព
​រដ្ឋមន្ត្រី​កីឡា​កូរ៉េខាងត្បូង លោក Do Jong-hwan ថា​កូរ៉េខាងត្បូង​គ្រោង​ដេញថ្លៃ​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​ការប្រកួត​កីឡាបាល់ទាត់ FIFA World Cup ឆ្នាំ​២០៣០ ជាមួយ​ចិន ជប៉ុន និង​កូរ៉េខាងជើង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ដែល​បានធ្វើ​សេចក្តីរាយការណ៍​ពី​ទីក្រុង​តូ​ក្យូ​ជាទី​ដែល​លោក​កំពុង​ជួប​ជាមួយ​រដ្ឋមន្ត្រី​កីឡា​ជប៉ុន និង​ចិន​។​


«​តាមរយៈ​វិធី​នេះ​យើង​អាច​រក្សា​បរិយាកាស​នៃ​សន្តិភាព​នាពេល​បច្ចុប្បន្ន និង​ពង្រីក​សន្តិភាព​ក្នុង​តំបន់ និង​នៅ​ឧបទ្វីប​កូរ៉េ​ទៀតផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក Do Jong-hwan ដែល​ត្រូវ​ធ្វើដំណើរ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ទៅកាន់​កូរ៉េខាងជើង​សម្រាប់​ជំនួប​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១៨ ខែកញ្ញា​ខាងមុខ​។​
 
​ក្រៅពី​ចង់​រួមដៃគ្នា​ជាមួយ​ប្រទេស​ជាប់​របង​កូរ៉េខាងជើង ជប៉ុន និង​ចិន ដើម្បី​ដេញថ្លៃ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​កីឡាបាល់ទាត់​លំដាប់​ពិភពលោក​ឆ្នាំ​២០៣០ លោក​ដ្ឋ​មន្ត្រី​កីឡា​កូរ៉េខាងត្បូង​រូបនេះ​ក៏​គ្រោង​ស្នើ​កូរ៉េខាងជើង​រួមគ្នា​ធ្វើ​ម្ចាស់ផ្ទះ​កីឡា​អូឡាំពិក និង​ប៉ា​រ៉ា​ឡាំ​ពិ​ក​ឆ្នាំ​២០៣២​ទៀតផង​។ លោក​នឹង​ធ្វើសំណើ​នេះ នា​កិច្ចប្រជុំ​កំពូល​នៅ​សប្តាហ៍​ក្រោយ​នាទី​ក្រុង​ព្យុងយ៉ាង​ប្រទេស​កូរ៉េខាងជើង​។​
 
​សម្រាប់​ការដេញថ្លៃ​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 មាន​ប្រទេស​ពី​តំបន់​អាមេរិក​ឡាទីន​៣​រួមមាន​អា​ហ្ស​ង់​ទីន អ៊ុយ​រូ​ហ្គា​យ និង​ប៉ា​រ៉ា​ហ្គា​យ​បានប្រកាស​រួមគ្នា​ប្រជែង​ធ្វើ​ម្ចាស់ផ្ទះ​រួចហើយ​រួមទាំង ម៉ា​រ៉ុ​ក ទុយ​នី​ស៊ី និង​អាល់​ហ្សេ​រី​ក៏​រួមគ្នា​ដើម្បី​រៀបចំ​ការប្រកួត​នេះដែរ​៕
 

Tag:
 FIFA World Cup
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង​
© រក្សាសិទ្ធិដោយ thmeythmey.com