ជាតិ
កោះ Langkawi ដាក់គោលដៅស្រូបភ្ញៀវទេសចរឲ្យបាន៥លាននាក់នៅឆ្នាំ២០២០
× ម៉ាឡេស៊ី៖ កោះឡាំងកាវី ជាកោះដ៏ស្រស់ស្អាតមួយរបស់ប្រទេសម៉ាឡេស៊ី។ កោះនេះបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិជាច្រើនឱ្យធ្វើដំណើរទៅកម្សាន្ត ដ្បិតវាមានឆ្នេរខ្សាច់ស្រស់ស្អាត សម្បូរកោះតូចៗ ពិសេសគឺសម្បូរកន្លែងទេសចរណ៍ធម្មជាតិជាច្រើនកន្លែង។ អាជ្ញាធរដើម្បីអភិវឌ្ឍន៍កោះឡាំងកាវី មានមហិ្ឆតាថា នឹងអាចទាក់ទាញទេសចរកាន់តែច្រើនទៀតមកកម្សាន្តលើកោះមួយនេះ។
ហាជ្ជី អាហ្សីហ្សាន់ ន័រទីន (Azizan Noordin) ប្រធានគ្រប់គ្រងទូទៅនៃអាជ្ញាធរដើម្បីអភិវឌ្ឍន៍កោះឡាំងកាវី បាននិយាយក្នុងសន្និសីទសារព័ត៌មានបើកពិព័រណ៌ទេសចរណ៍អាស៊ី-ប៉ាស៊ីហ្វិក (PATA Travel Mart 2018) នៅថ្ងៃទី១៣ កញ្ញាថា បច្ចុប្បន្នភ្ញៀវទេសចរចម្រុះជាតិសាសន៍ទូទាំងពិភពលោក បានធ្វើដំណើរមកកម្សាន្តកោះឡាំកាវី ដែលស្ថិតនៅខេត្ត គីដាស (Kedah) ប្រទេសម៉ាឡេស៊ី។ លោកបន្ថែមថា ភ្ញៀវទេសចរដែលឈរនៅលេខរៀងទី១ គឺទេសចរចិន ទី២ អារ៉ាប់ និងទី៣ ទេសចរឥណ្ឌា។
ដោយសារមានគម្រោងអភិវឌ្ឍន៍ និងការពង្រីកជើងហោះហើរត្រង់នៅកាន់បណ្ដាប្រទេសជាច្រើនទៀតនោះ ប្រធានគ្រប់គ្រងទូទៅនៃអាជ្ញាធរដើម្បីអភិវឌ្ឍន៍កោះឡាំងកាវី រំពឹងថា នឹងមានទេសចរអន្ដរជាតិចំនួន ៥លាន មកកម្សាន្ដកោះនេះនៅឆ្នាំ ២០២០។
ជាមួយគ្នានេះដែរ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ វប្បធម៌ និងសិល្បៈម៉ាឡេស៊ី លោកហាជ្ជី មូហាំម៉ាត់ទីន កើតាពី បានឱ្យដឹងថា នៅឆ្នាំ២០១៧កន្លងទៅ ភ្ញៀវទេសចរបរទេសធ្វើដំណើរមកកម្សាន្តប្រទេសម៉ាឡេស៊ី មានចំនួន ជិត២៦លាននាក់ ដែលរកចំណូលបានចំនួន ជាង ៨២លានរ៉ីងកិត (RM,លុយម៉ាឡេស៊ី) ហើយក្រសួងរំពឹងថា ចំនួននេះនឹងកើនដល់ ៣០លាននាក់នៅឆ្នាំ ២០២០៕
Tag:
ទេសចរណ៍
PATA Travel Mart
© រក្សាសិទ្ធិដោយ thmeythmey.com