អន្តរជាតិ
ប៉ា​ឡេ​ស្ទី​ន​បង្ខំចិត្ត​បិទ​ស្ថាន​បេសកកម្ម​ការទូត​ខ្លួន​នៅ​វ៉ាស៊ីនតោន​តាម​ការបង្ខំ​របស់​រដ្ឋបាល​អាមេរិក​
14, Sep 2018 , 9:39 pm        
រូបភាព
​ស្ថាន​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ត្រូវ​បញ្ឈប់​សកម្មភាព​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ១៣ ខែកញ្ញា ក្រោយ​មានការ​ទាមទារ​ពី​រដ្ឋាភិបាល​អាមេរិក​របស់លោក ដូ​ណា​ល់ ត្រាំ ឲ្យ​បិទ​ដំណើរការ​នោះ​។  ប៉ា​ឡេ​ស្ទី​ន​នៅ​សង្ឃឹមថា ការផ្អាក​ដំណើរការ​នេះ​នឹង​កើតឡើង​ត្រឹម​ពេល​ខ្លី​ប៉ុណ្ណោះ​។ 


 
​មន្ត្រី​ក្រសួងការបរទេស​អាមេរិក​បានចេញ​បញ្ជា​តាំងពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​កន្លងទៅ​ដើម្បី​ទាមទារ​ឲ្យ​មាន​ការបិទ​ស្ថាន​បេសកកម្ម​ការទូត​របស់​ប៉ាឡ​ស្ទី​ន​ចោល ដើម្បី​ដាក់​សម្ពាធ​លើ​ប៉ា​ឡេ​ស្ទី​ន​ឲ្យ​ត្រឡប់​ចូល​តុ​ចរចា​ជាមួយ​អ៊ីស្រាអែល​វិញ​។ ថ្ងៃ​ព្រហស្បតិ៍​ទី ១២ ខែកញ្ញា​ជា​ថ្ងៃ​ចុងក្រោយ​នៃ​ឱសានវាទ​សម្រាប់​ប៉ា​ឡេ​ស្ទី​ន​ដែរ​។​
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន​ប្រចាំ​អាមេរិក​លោក Husam Zomlot បានបង្ហាញ​ការខកចិត្ត​ខ្លាំង និង​ថ្កោលទោស​រាល់​ការសម្រេចចិត្ត​របស់រ​ដ្ឋ​បាល​លោក ត្រាំ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ប៉ា​ឡេ​ស្ទី​ន​ជ្រើស​រើសយក​សិទ្ធិ​ក្នុងនាម​ជា​រដ្ឋ​មួយ ហើយ​មិន​ឱនក្បាល​ឡើយ​។​
 
​មន្ត្រី​ទូត​រូបនេះ​បាន​និយាយ​ដូច្នេះ​៖ «​វា​មិនមែនជា​រឿង​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​យើង​ឡើយ​ដែល​រដ្ឋបាល​លោក ត្រាំ ផ្តល់​ជម្រើស​ពីរ​ដល់​យើង​ក្នុងនោះ​មាន​មួយ​បាត់បង់​សម្ព័ន្ធភាព​ជាមួយ​អាមេរិក ឬ​បិទ​បង់​សិទ្ធិ​របស់​យើង​ក្នុងការ​ក្លាយខ្លួនជា​រដ្ឋ​។ ប្រធានាធិបតី​យើង របប​ដឹកនាំ​យើង និង​ប្រជាជន​យើង​ទាំងអស់​ជ្រើស​រើសយក​សិទ្ធិ​»​។​
 
​តាមពិតទៅ​ការបិទ​ដំណើរ​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន​នៅ​អាមេរិក​នេះ​ជា​ចំណុច​ប្រទាំង​ប្រទើស​និង​តានតឹង​បំផុត​ថ្មី​មួយទៀត​រវាង​មេដឹកនាំ​អាមេរិក និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន ក្រោយ​លោក ត្រាំ ប្តូរ​ទីតាំង​ស្ថានទូត​អាមេរិក និង​ទទួលស្គាល់​ក្រុង​ពិសិដ្ឋ​ហ្សេ​រ៊ុ​យ​សា​ឡិ​ម​ជា​រដ្ឋធានី​របស់​អ៊ីស្រាអែល​កាលពី​ខែធ្នូ​កន្លង​ទៅនោះ​។  
 
​ក្រៅពីនេះ ការសម្រេច​បញ្ជា​ឲ្យ​បិទ​ដំណើរការ​ស្ថាន​បេសកកម្ម​ការទូត​ប៉ា​ឡេ​ស្ទី​ន កើតឡើង​ចំ​ខួប ២៥​ឆ្នាំ​នៃ​ការបង្កើត​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​អូ​ស្លូ (Oslo Accords) ដែលជា​កិច្ចព្រមព្រៀង​ដំបូង​មួយ​រវាង​ភាគី​ជម្លោះ​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​។ កាលនោះ​ភាគី​ទាំងពីរ​សន្យា​បញ្ចប់​ជម្លោះ​ដ៏​រ៉ាំរ៉ៃ និង​បង្ហូរឈាម​គ្នា​អស់​រាប់​ទសវត្សរ៍​នេះ​ផង​។ ប៉ុន្តែ​ការប្តេជ្ញាចិត្ត​នេះ​មិន​ត្រូវបាន​អនុវត្ត​ឡើយ ហើយ​ភាគី​កាន់តែ​ដើរ​ឆ្ងាយ​ពី​ផ្លូវ​ទៅរក​សន្តិភាព​ថែមទៀត​ដែល​ពិបាក​ស្តារ​បំផុត​។​
 
​យ៉ាងណាក៏ដោយ មន្ត្រី​ប៉ា​ឡេ​ស្ទី​ន​ខាងលើ​អះអាងថា ប្រជាជន​អាមេរិក​ច្រើន​លាន​នាក់​ដែល​ចាត់ទុក​ប៉ា​ឡេ​ស្ទី​ន​ជា​មិត្ត ហើយ​លោក​សង្ឃឹម​ផងដែរ​ថា នៅពេល​អនាគត​ឆាប់ៗ​ខាងមុខនេះ​ស្ថានការណ៍​នឹង​ប្រសើរឡើង ហើយ​វា​អាច​ឆ្លុះបញ្ចាំង​ពី​ទំនាក់ទំនង​ប្រវត្តិសាស្ត្រ​រវាង​ប្រជាជន​អាមេរិក និង​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ដែរ​។​
 
​មុន​មានការ​សម្រេច​បង្ខំ​ឲ្យ​ប៉ា​ឡេ​ស្ទី​ន​បិទ​ចោល​ស្ថាន​បេសកកម្ម​ខ្លួន រដ្ឋបាល​លោក ត្រាំ បានសម្រេច​ផ្តាច់ជំនួយ​មាន​ទំហំ ២០០​លាន​ដុល្លារ​ដែល​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន និង​លុបចោល​ការគាំទ្រ​ចំពោះ​ភ្នាក់ងារ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន​។ 
 
​ការបញ្ចប់​បេសកកម្ម​ការទូត​នេះដែរ ក៏​ដោយសារ​អាមេរិក​ខឹងសម្បារ​ដែល​ប៉ា​ឡេ​ស្ទី​ន​អំពាវនាវ​ឲ្យ​មានការ​កាត់ទោស​មន្ត្រី​អ៊ីស្រាអែល​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​នៅ​ទីក្រុង​ឡាអេ​ផងដែរ​។ មន្ត្រីជាន់ខ្ពស់​ប៉ា​ឡេ​ស្ទី​ន​បាន​ចោទប្រកាន់ថា ត្រាំ កំពុង​ធ្វើ​សកម្មភាព​ដែល​លម្អៀង​ខ្លាំង​ទៅរក​អ៊ីស្រាអែល ហើយ​អាមេរិក​ក៏​លែង​ជា​សន្ធាន​ការី​អ​ព្យា​ក្រឹត្យ និង​គួរ​ឲ្យ​ទុកចិត្ត​ដែលអាច​សម្របសម្រួល និងជួយគាំទ្រការស្វែររ​ក​សន្តិភាព​ក្នុង​ជម្លោះ​រវាង​អ៊ីស្រាអែល និង​ប៉ា​ឡេ​ស្ទី​ន​ទៀត​ដែរ​៕
 

Tag:
 ប៉ា​ឡេ​ស្ទី​ន​
  អាមេរិក​
  អ៊ីស្រាអែល
© រក្សាសិទ្ធិដោយ thmeythmey.com