ជាតិ
សេដ្ឋកិច្ច
ប្រាក់ខែ​គោល​កម្មករ​ឆ្នាំ​២០១៩៖ ភាគី​និយោជិត​បាន​ទម្លាក់​ការស្នើ​របស់ខ្លួន​ពី ២១១​ដុល្លារ មក ១៩២​ដុល្លារ​
14, Sep 2018 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ប្រាក់​ឈ្នួល​គោល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ​សម្រាប់​ឆ្នាំ​២០១៩ កំពុងស្ថិត​ក្នុងដំណាក់កាល​ចរចារ​របស់​ក្រុមការងារ​បច្ចេកទេស​ត្រី​ភាគី​។ ក្នុង​កិច្ចប្រជុំ​លើក​ទី​២​នា​ថ្ងៃទី​១៤​ខែកញ្ញា ភាគី​និយោជិត ដែល​ធ្លាប់​ស្នើ​ចំនួន ២១១​ដុល្លារ​នោះ បាន​ទម្លាក់​មក​ត្រឹម ១៩២​ដុល្លារ​វិញ​។ នេះ​បើតាម​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​។​


 
​រីឯ​ភាគី​តំណាង​និយោជក​វិញ​បានដាក់​ស្នើ​តួលេខ ១៧៥​ដុល្លារ ពោលគឺ​កើនឡើង​៥​ដុល្លារ​ធៀប​នឹង​ប្រាក់​ឈ្នួល​គោល​ឆ្នាំ​២០១៨ ខណៈ​ភាគី​រដ្ឋាភិបាល​នៅតែ​រក្សា​តួលេខ​ដែល​ខ្លួន​បានដាក់​ក្នុង​កិច្ចប្រជុំ​លើក​ទី​១​កន្លងមក គឺ ១៧៧​ដុល្លារ​។ លោក ហេង សួរ បាន​ថ្លែងប្រាប់​អ្នកកាសែត​នៅក្រោយ​កិច្ចប្រជុំ​ខាងលើនេះ​យ៉ាង​ដូចនេះ​។​
 
​លោក ហេង សួរ មានប្រសាសន៍​ដូច្នេះ​ថា​«​លទ្ធផល​នៃ​កិច្ចប្រជុំ​លើក​ទី​២​នេះ ភាគី​និយោជក និង​និយោជិត បាន​ប្រើប្រាស់​រូបមន្ត​ដូចគ្នា ហើយ​មាន​តួរ​លេខ​ឯកភាពគ្នា​មួយ គឺ​ចំនួន​៣.១១​ភាគរយ​ទៅលើ​ស្ថានភាព​អត្រា​អតិផរណា​។ ដោយឡែក​ពាក់ព័ន្ធ​ទៅនឹង​ភាព​ប្រកួតប្រជែង អត្រា​ចំណេញ​នៃ​វិស័យនេះ ភាគី​ទាំងពីរ នៅមាន​ប្រភព​តួរ​លេខ​ខុសគ្នា​នៅឡើយ ដោយ​រងចាំ​ការចរចា​គ្នា​នៅ​សប្តាហ៍​ក្រោយ​»​។ 


 
​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ ក្នុង​វិស័យ​វាយ​ន​ភណ្ឌ កាត់ដេរ​សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង​នៅ​កម្ពុជា ត្រូវបាន​ដំឡើង​ជា​រៀងរាល់ឆ្នាំ​។ សម្រាប់​ឆ្នាំ​២០១៨ ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​ក្នុង​វិស័យនេះ មាន​ចំនួន ១៧០​ដុល្លារ​៕

Tag:
 ប្រាក់​ឈ្នូ​ល​
  កម្មករ
© រក្សាសិទ្ធិដោយ thmeythmey.com