អន្តរជាតិ
មន្ត្រី​ចិន​អះអាងថា រដ្ឋាភិបាល​ចិន​កំពុង​អប់រំ​ជនជាតិភាគតិច Uighur មិនមែន​កំពុង​ធ្វើទុក្ខបុកម្នេញ​ពួកគេ​ទេ​
14, Sep 2018 , 10:19 pm        
រូបភាព
ដោយ:
​ថ្ងៃទី ១៣ ខែកញ្ញា​កន្លងទៅ រដ្ឋាភិបាល​ចិន​អះអាងថា ខ្លួន​មិនបាន​ធ្វើទុក្ខបុកម្នេញ​ជ​ន​ជាតិ​មូស្លីម Uighur ក្នុង​តំបន់​ស៊ីន​ជាំ​ង​នោះ​ដូច​ការចោទប្រកាន់​ឡើយ​។ ផ្ទុយទៅវិញ ខ្លួន​កំពុង​បញ្ជូន​ប្រជាជន​ទាំងនោះ​ទៅ​ទទួល​ការហ្វឹកហាត់ ដើម្បី​ឲ្យ​ពួកគេ​អាច​ចៀស​ផុតពី​ការរីក​សាយភាយ​នៃ​មនោគមន៍វិជ្ជា​ជ្រុលនិយម​។

 
​របាយការណ៍​ជាច្រើន​ដែល​បានបង្ហាញ​ពី​ការ​ឃុំឃាំង​ជនជាតិ Uighur និង​ប្រជាជន​មូស្លីម​ផ្សេងទៀត​ជាច្រើន​ម៉ឺន​នាក់​នោះ​ក្នុង​ខេត្ត​ភាគ​ខាងលិច​ប្រទេស​ចិន បានធ្វើ​ឲ្យ​ផ្ទុះឡើង​នូវ​ការទិតៀន​ពី​សំណាក់​សហគមន៍​អន្តរជាតិ​។ ចំណែក រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ ក៏​ពិចារណា​ដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​មន្ត្រី​ចិន និង​ក្រុមហ៊ុន ដែល​ពាក់ព័ន្ធ​នឹង​ករណី​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​នេះដែរ​។ 
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក Li Xiaojun នាយក​ទទួលបន្ទុក​ឃោសនាការ​នៃ​ការិយាល័យ​ព័ត៌មាន​នៃ​ក្រុមប្រឹក្សារដ្ឋ​ចិន បាន​ច្រានចោល​ការចោទប្រកាន់ និង​អះអាងថា វា​ជាការ​ហ្វឹកហ្វឺន​ទប់ទល់​នឹង​ការ​សាយភាយ​នៃ​មនោគមន៍វិជ្ជា​ជ្រុលនិយម​ប៉ុណ្ណោះ​។ 
 
​លោក​បាន​និយាយថា​៖ «​វា​មិនមែន​ជាការ​ធ្វើទុក្ខបុកម្នេញ​ស្អី​ទេ​។ អ្វីដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ធ្វើ​នេះ គឺ​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​ហ្វឹកហាត់ និង​មជ្ឈមណ្ឌល​សិក្សា​»​។ 
 
​លោក Li ក៏បាន​ច្រាន​ចោលការ​លើកឡើងថា ជំរំ​ឃុំខ្លួន​នេះ យក​លំនាំ​តាម​ជំរំ​ឃុំខ្លួន Gulag របស់​សហភាពសូវៀត ដែល​បាន​បង្កើតឡើង​អំឡុង​សង្គ្រាមត្រជាក់​។ លោក​បាន​ពន្យល់ថា​៖ «​និយាយ​ឲ្យ​ចំ​ទៅ ជំរំ​នេះ​គឺ​ស្រដៀង​ទៅនឹង​មជ្ឈមណ្ឌល​ហ្វឹកហាត់​...​ប្រៀបដូចជា​កូនៗ​របស់​អ្នក​ទៅកាន់​សាលារៀន ដើម្បី​បណ្ដុះ​ជំនាញ​ឲ្យ​បាន​ប្រសើរ​ជាង​មុន ហើយ​ទទួលបាន​ការងារ​ល្អ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​។ អ្នកខ្លះ​រៀន​ត្រឹម​៥​ថ្ងៃ អ្នកខ្លះ​៧​ថ្ងៃ ១០​ថ្ងៃ ១​ខែ និង​២​ខែ​ជាដើម​»​។ 
 
​នៅក្រៅ​កិច្ចពិភាក្សា​របស់​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ទីក្រុង ហ្សឺ​ណែវ ប្រទេស​ស្វី​ស មន្ត្រីជាន់ខ្ពស់​រូបនេះ​ពន្យល់​បន្ថែម​ទៅកាន់​អ្នកកាសែត​ថា វា​ជា​វិធី​ចាំបាច់​បំផុត​ដើម្បី​ទប់​ទល់នឹង​ក្រុម​ជ្រុល ព្រោះថា​នៅ​ប្រទេស​លោកខាងលិច បាន​បរាជ័យ​រួចទៅហើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ​។ ជា​ឧទាហរណ៍​ប្រទេស​បែ​ល​ហ្សិ​ក និង​ទីក្រុង​ប៉ារីស​ជាដើម​។ 
 
​គួរ​បញ្ជាក់ដែរថា ប្រទេស​ចិន ជារឿយៗ ត្រូវបាន​សហគមន៍​អន្តរជាតិ​រិះគន់​ជុំវិញ​គោលនយោបាយ​ស្តីពី​សិទ្ធិមនុស្ស​របស់ខ្លួន​។ ជាក់ស្ដែង​កាលពី​ថ្ងៃទី​១២ កញ្ញា លោក Antonio Guterres  អគ្គលេខាធិការ UN បាន​ចោទប្រកាន់​ប្រទេស​ចិន​ជុំវិញ​ការធ្វើ​បាប​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​ដែរ​៕
 

Tag:
 ចិន​
  Uighur
  អង្គការសហប្រជាជាតិ​
  Li Xiaojun
© រក្សាសិទ្ធិដោយ thmeythmey.com