ជាតិ
ទឹកត្រី​សញ្ញា​ត្រី​ប៉ា​សេ​អ៊ី របស់​សហគមន៍​ស្ត្រី ភូមិ​កោះ​ព្រះ មាន​ម​ហិ​ច្ឆតា​ចង់​ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ពី​ក្រៅប្រទេស​
15, Sep 2018 , 5:59 pm        
រូបភាព
ដោយ៖ អ្នកស្រី ជា សីលា / USAID Wonders of the Mekong

ទឹកត្រីមេគង្គ ផលិត​ពី​ត្រី​រៀល​ធម្មជាតិ គ្មាន​សារធាតុ​គីមី ផលិត​តាម​ស្តង់ដារ​អនាម័យ ដោយ​ស្ត្រី​នៅ​ភូមិ​កោះ​ព្រះ​។ គាំទ្រ​ផលិតផល​ខ្មែរ គាំទ្រ​ទឹកត្រី​ខ្មែរ គឺ​បាន​ចូលរួម​ជួយ​បង្កើន​ប្រាក់ចំណូល​ដល់​ក្រុម​ស្ត្រី និង​ការពារ​ធនធាន​ជលផល នៅក្នុង​ប្រទេស​យើង​អោយបាន​គង់វង្ស​។

 
​ទឹកត្រី គឺជា​គ្រឿងផ្សំ​សម្រាប់​បន្ថែម​រសជាតិ​ម្ហូបអាហារ មិនថាតែ​នៅក្នុង​ប្រទេស​កម្ពុជា ឬ​នៅក្នុង​ផ្ទះបាយ​នៃ​បណ្តា​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដូចជា​ប្រទេស​ថៃ ឡាវ វៀតណាម ហ្វីលីពីន ទេ ក៏​គេ​ពេញនិយម ប្រើប្រាស់​ទឹកត្រី​ដែរ​។ មិនតែប៉ុណ្ណោះ នៅក្នុង​ប្រវត្តិសាស្ត្រ​ក្រិច ក៏មាន​ប្រើ​ទឹកត្រី​ធ្វើជា​គ្រឿងផ្សំ​ក្នុង​ផ្ទះបាយ​ផងដែរ​។ ទឹកត្រី ត្រូវបាន​ប្រើ​ស្ទើរតែ​គ្រប់មុខ​ម្ហូបអាហារ មានដូចជា ស្ងោរ ឆា ចៀន ឬ ច្នៃ​ធ្វើជា​ទឹកជ្រលក់​ផ្សេងៗ​។ មាន មនុស្ស​ជាច្រើន​តែង​សួរនាំ​គ្នា​ថា តើ​ទឹកត្រី​ធ្វើ​ពីអ្វី ទោះបីជា​ពួកគេ​បរិភោគ​វា​ជា​រៀងរាល់ថ្ងៃ​ក្តី​។​
 
​ទឹកត្រី ជា​ប្រភេទ​ផលិតផល​ផ្អាប់ ដែល​ចម្រាញ់​ចេញពី​ត្រី​សមុទ្រ ឬ​ត្រី​ទឹកសាប​។ សហគ្រាស​ផលិត​ទឹកត្រី ឬ​ប្រជាជន ដែល​រស់នៅ​ក្បែរ​តំបន់​មាត់សមុទ្រ ពួកគេ​យក​ត្រី​សមុទ្រ​មក​ចម្រាញ់​ផលិត​ជា​ទឹកត្រី​។ ចំណែក​អ្នករស់នៅ​តាម​ដង ទន្លេសាប ឬ តាម​អាង​ទន្លេមេគង្គ​វិញ គេ​ប្រើ​ទឹកប្រហុក ឬ​ត្រី​ទឹកសាប​ដើម្បី​កែច្នៃ​ផលិត​ជា​ទឹកត្រី​។ 
 
​ទឹកត្រី​សញ្ញា​ត្រី​ប៉ា​សេ​អ៊ី គឺជា​ផលិតផល​មួយ ដែល​ផលិត​ដោយ​សហគ្រាស​សហគមន៍​ស្ត្រី​កែច្នៃ​ទឹកត្រី​នៅ​ភូមិ​កោះ​ព្រះ ឃុំ​កោះ​ព្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​។ សហគ្រាស​នេះ បានចាប់ផ្តើម​ដំណើរ​ការផលិត​នៅក្នុង​ឆ្នាំ​២០១២ ក្រោម​ការជួយជ្រោមជ្រែង ពី​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួន ព្រមទាំង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ដោយបាន​ចុះបញ្ជី​ទទួលស្គាល់​ពី​មន្ទីរ​ឧស្សាហកម្ម និង​សិប្បកម្ម និង​មន្ទីរ​ពាណិជ្ជកម្ម ខេត្តស្ទឹងត្រែង​។ សហគ្រាស សហគមន៍​ស្ត្រី​កែច្នៃ​ទឹកត្រី​នេះ មាន​សមាជិក​សរុប​ចំនួន​១១​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​៨​នាក់ ដែល​សុទ្ធសឹង​មកពី គ្រួសារ​ក្រីក្រ និង​ភាគច្រើន​ជា​ស្ត្រី​មេម៉ាយ​។ គោលបំណង​ចម្បង​ក្នុងការ​ចងក្រង​ក្រុម​កែច្នៃ​ទឹកត្រី​នេះ​ឡើង គឺ​ដើម្បី ចូលរួម​បន្ថែម​គុណ​តម្លៃ​ត្រី​ក្នុង​អាង​ទន្លេមេគង្គ កាត់បន្ថយ​ខ្សែសង្វាក់​ទីផ្សារ​ពី​អ្នក​ផលិត​ទៅដល់​អ្នក​បរិភោគ ចូលរួម ថែរក្សា​ការពារ​ធនធាន​ជលផល បង្កើត​មុខរបរ និង​ស្វែងរក​ប្រាក់ចំណូល​បន្ថែម​ដល់​ក្រុម​ស្ត្រី​ក្នុងភូមិ​។​
 
​គ្រឿងផ្សំ​សំខាន់​ដើម្បី​ផលិត​ទឹកត្រី​នេះ គឺ​ត្រី​ពី​ធម្មជាតិ ឬ ទឹកប្រហុក​ត្រី​រៀល​ទន្លេមេគង្គ អំបិល ទឹក ស្ករស និង ជាតិ​ដែក​។ ដើម្បី​ផលិត​បាន​ទឹកត្រី​ដែលមាន​គុណភាព​ល្អ គ្មាន​បន្ថែម​សារ​ធា​តិ​គីមី ថ្លា មាន​ក្លិន​ឈ្ងុយឆ្ងាញ់ និង សម​ស្របតាម​តម្រូវការ​ទីផ្សារ សមាជិក​សហគមន៍​បាន​ប្រើ​ចំណេះដឹង និង​បទពិសោធន៍​ដែល​ទទួលបាន​ពី​ដូនតា រួម​ជាមួយនឹង​ចំណេះដឹង​បន្ថែម​ពី​អ្នកជំនាញ និង​មន្ត្រី​បច្ចេកទេស​មកពី​នាយក​ដ្ឋា​ន​បច្ចេកវិទ្យា​កែច្នៃ និង​គុណភាព​នៃ រដ្ឋបាល​ជលផល​។ បន្ថែម​ពីលើ​នេះ ក៏មាន​ការស្ទង់មតិ​ពី​អ្នក​បរិភោគ​ផងដែរ​។ ដោយសារ​ការផលិត​ប្រកបដោយ គុណភាព​នេះហើយ ទើប​ធ្វើ​ឲ្យ​ទឹកត្រី​សញ្ញា​ត្រី​ប៉ា​សេ​អ៊ី ភូមិ​កោះ​ព្រះ ទទួលបាន​ការកោតសរសើ​រ និង​គាំទ្រ​ពី សំណាក់​អ្នក​បរិភោគ​។ ជាក់ស្តែង ផលិតផល​ទឹកត្រី​នេះ បាន​កើន​តម្រូវការ​ក្នុង​ខេត្ត​ជាង​២០០% (​ពី ៤៩០​លីត្រ ក្នុង​ឆ្នាំ ២០១៦ កើនឡើង​ដល់ ១០៨៥​លីត្រ ក្នុង​ឆ្នាំ​២០១៧)​។ ដោយសារ​ការមិន​ប្រើប្រាស់​សារធាតុ​គីមី ដើម្បី​រក្សាទុក​បានយូរ ឬ ពណ៌​បន្ថែម បានធ្វើ​ឲ្យ​ផលិតផល​ទឹកត្រី​នេះ អាច​រក្សាទុក​បាន​រយៈ​ពេល​៣​ខែ​ប៉ុណ្ណោះ​។ 
 
​ដើម្បី​ផលិត​ទឹកត្រី​ពី​ត្រី​ទឹកសាប​ឲ្យ​មាន​គុណភាព​ខ្ពស់ ក្លិន​ឈ្ងុយ និង​ពណ៌​ថ្លា អ្នក​ផលិត​ត្រូវ​យកចិត្តទុកដាក់​ចំពោះ កម្តៅភ្លើង​។ មិនតែប៉ុណ្ណោះ ការ​ដួស​ពពុះ​ចេញ​អោយអស់ និង​របៀប​នៃ​ការបង្ហូរ​ទឹកត្រី​ចូលក្នុង​ដប ឬ ធុង​រក្សាទុក ក៏មាន​សារៈសំខាន់​ដែរ​។ ជាធម្មតា​ត្រី​ទឹកសាប​វា​សម្បូរ​ជាតិ​ខ្លាញ់ នៅពេល​យក​ទឹកប្រហុក​ទៅ​ស្ងោរ វា​នឹង​ឡើង​ពពុះ ខាប់​ត្រា​នៅ​ផ្ទៃ​ខាងលើ​។ ដូច្នេះ បើ​គេ​មិន​ដួស​វា​ចេញ​អោយអស់​ទេ វា​នឹងធ្វើ​ឲ្យ​ទឹកត្រី​ឡើង​ពណ៌​ក្រហម​ក្រ​ម៉ៅ មើលទៅ​មិនគួរ​ឲ្យ​ចង់​ទទួលទាន​ឡើយ ហើយ​វា​ក៏​ឆាប់​ដុះ​ផ្សិត​ដែរ​។ 
 
​ការបន្ថែម​សម្បក​ម្នាស់ គល់​ស្លឹកគ្រៃ ខ្ទឹមស និង រំ​ដែង​ក្នុង​ខ្ទះ​ស្ងោរ​ទឹកត្រី នោះ​អាចធ្វើ​ឲ្យ​ទឹកត្រី​កាន់​តែមាន​ក្លិន​ឈ្ងុយ ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​បរិភោគ​ផងដែរ​។ ទឹកត្រី​ដែលមាន​ពណ៌​ថ្លា មិន​ក្រហម​ក្រ​ម៉ៅ គឺ​ទទួលបាន ការពេញនិយម​បរិភោគ​ពី​សំណាក់​អតិថិជន​ណាស់ នេះ​បើតាម​ការលើកឡើង​រប​ស់​អ្នកស្រី ញ៉ុ​ន វណ្ណា​រ៉ា ប្រធាន សហគ្រាស​សហគមន៍​ស្ត្រី​កែច្នៃ​ទឹកត្រី ភូមិ​កោះ​ព្រះ​។ 
 
​តាម​បទពិសោធន៍​ពី​ដូនតា ទឹកត្រី​ខ្មែរ​ធ្វើតាម​គ្រួសារ គឺ​ត្រឹមតែ​យក​ទឹកត្រី​ប្រឡាក់ ឬ ទឹកប្រហុក​មក​ស្ងោរ ថែម​អំបិល ថែម​ទឹក ហើយ​ត្រង​ទុក​ហូប​ជាការ​ស្រេច​។ ប៉ុន្តែ​បច្ចុប្បន្ននេះ យោងតាម​ការណែនាំ​ពី​អ្នកជំនាញ និង​មន្ត្រី​បច្ចេកទេស ខាង​ផ្នែក​កែច្នៃ និង​ចំណីអាហារ ការបន្ថែម​ជាតិ​ដែក​ទៅក្នុង​ផលិតផល​កែច្នៃ​ដូចជា​ទឹកត្រី គឺជា​រឿង​ចាំបាច់​បំផុត​។ គួរ​បញ្ជាក់ថា ជាតិ​ដែក​មាន​សារៈសំខាន់​ណាស់​សម្រាប់​កោសិកា​ឈាមក្រហម​របស់​មនុស្ស​។ នៅពេលដែល​កម្រិត ជាតិ​ដែក​មិន​គ្រប់គ្រាន់ ឈាមក្រហម​ក្នុង​ខ្លួន​របស់​មនុស្ស​នឹង​ធ្លាក់ចុះ​ទាប នោះ​នឹងធ្វើ​ឲ្យ​រាងកាយ​មិនអាច​ទទួលបាន អុកស៊ីសែន​គ្រប់គ្រាន់​។ អាកា​រៈ​នេះ វា​បណ្តាល​ឲ្យ​អស់កម្លាំង ត្រជាក់​ចុងដៃចុងជើង ស្បែក​មាន​សភាព​ស្លេកស្លាំង និង​ចង្វាក់បេះដូង​លោត​ខុសពី​ធម្មតា ព្រោះតែ​វា​ធ្វើការ​កាន់តែខ្លាំង​ឡើង ដើម្បី​ផ្លាស់ប្តូរ​ឈាម​ក្នុង​រាងកាយ​។ 
 
​អ្នកស្រី​ប្រធាន ព្រមទាំង​សមាជិក​សហគ្រាស​សហគម​ន៍​ស្ត្រី​កែច្នៃ​ទឹកត្រី​ភូមិ​កោះ​ព្រះ​ទាំងអស់ សង្ឃឹមថា ផលិតផល ទឹកត្រី​របស់​ពួកគាត់​នឹងមាន​ការគាំទ្រ​ច្រើន ដោយ​អាច​ពង្រីក​ខ្លួន​បន្ថែមទៀត​នៅ​ទីផ្សារ​ទាំង​ក្នុង​ខេត្ត ឬ​តាម​បណ្តា ខេត្ត​នានា រាជធានី​ភ្នំពេញ និង​តាម​ទីផ្សារ​ទំនើប​។ មិនតែប៉ុណ្ណោះ ថែមទាំង​អាចមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ ប្រកួតប្រជែង​ជាមួយ​ផលិតផល​នាំចូល​ផងដែរ​។ 
 
​រាល់​ការគាំទ្រ និង​ជាវ​ផលិតផល​ទឹកត្រី​របស់​សហគមន៍​ស្ត្រី​កែច្នៃ​ទឹកត្រី​ភូមិ​កោះ​ព្រះ ស្មើនឹង​លោកអ្នក​បាន​ចូលរួម ចំណែក​ដោយផ្ទាល់​ជា​ប្រាក់ចំណូល និង​ជា​កម្លាំងចិត្ត​ដល់​ក្រុម​ស្ត្រី និង​គាំទ្រ​ដល់​ការសិក្សា​របស់​ក្មេងៗ​នៅក្នុង​ភូមិ ក៏ដូចជា​បាន​ចូលរួមចំណែក​ដោយ​ប្រយោល​ក្នុងការ​ថែរក្សា​ការពារ​ធនធាន​ជលផល​ផងដែរ​។ សហគ្រាស​សហគមន៍ តែងតែ​បែងចែក​ប្រាក់ចំណេញ​ចំនួន​៥% សម្រាប់​បម្រើ​សកម្មភាព​ការងារ​របស់​សហគម​ន៍​នេសាទ ជាពិសេស ការចុះ ល្បាត និង ៣% សម្រាប់​សេវា​សង្គម​នៅក្នុង​ភូមិ​ឃុំ​កោះ​ព្រះ​។​

© រក្សាសិទ្ធិដោយ thmeythmey.com