អន្តរជាតិ
តៃវ៉ាន់ប្រឹងពង្រឹងចំណងសន្តិសុខជាមួយមហាអំណាចធំៗ ក្រោយចិនដណ្ដើមមិត្តភក្តិបន្តបន្ទាប់ រូបភាព AFP
× គិតត្រឹមខែកញ្ញា ឆ្នាំ២០១៨ តៃវ៉ាន់បានបាត់បង់សម្ព័ន្ធមិត្តអស់បីប្រទេសហើយទៅកាន់ចិនដីគោក។ សព្វថ្ងៃនេះ ប្រទេសដែលនៅមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់មានតែ១៧ប្រទេសប៉ុណ្ណោះ ហើយសុទ្ធសឹងជារដ្ឋក្រីក្រី តូចៗ និងដែនកោះ។ ខណៈបាត់បង់មិត្តភក្តិម្ដងមួយៗនោះ តៃវ៉ាន់ងាកទៅពង្រឹងទំនាក់ទំនងសន្តិសុខជាមួយមហាអំណាចធំៗក្នុងតំបន់បន្ថែមពីលើទំនាក់ទំនងរឹងមាំស្រាប់ជាមួយអាមេរិក។
ដំបូងបូគីណាហ្វាសូ បន្ទាប់មកសាធារណរដ្ឋដូមីនិក ចុងក្រោយអែលសាល់វ៉ាឌ័រ បានបោះបង់តៃវ៉ាន់ និងងាកទៅបង្កើតចំណងការទូតជាមួយចិនដីគោក។ តៃវ៉ាន់ពិតជាមិនសូវស្រួលខ្លួនឡើយ ដោយសារបាត់បង់មិត្តជាបន្តបន្ទាប់បែបនេះ។ ស្របពេលដែលក្រុងប៉េកាំងប្រឹងអូសទាញសម្ព័ន្ធមិត្តនៅសេសសល់របស់ខ្លួននោះ ក្រុងតៃប៉ិក៏ព្យាយាមពង្រីកចំណងសន្តិសុខជាមួយមហាអំណាចនានាដូចជាជប៉ុន និងឥណ្ឌាជាដើម។
ទីភ្នាក់ងារព័ត៌មាន Reuters ផ្សាយថា តៃវ៉ាន់បានព្យាយាមចែករំលែកព័ត៌មានចារកម្មអំពីយោធាចិនជាមួយឥណ្ឌា និងចង់ឲ្យអ្នកជំនាញជប៉ុនចូលរួមក្នុងកម្មវិធីនាវាមុជទឹករបស់ខ្លួនផង។ បើតាមមន្ត្រីរដ្ឋាភិបាល អនុព័ន្ធយោធា និងមន្ត្រីការទូតនានា ការប្រឹងប្រែងរបស់តៃវ៉ាន់ក៏បានទទួលផលផ្លែផ្កាជាបន្តបន្ទាប់ដែរ។ ក្រៅពីឥណ្ឌា និងជប៉ុន តៃវ៉ាន់ក៏សម្លឹងឃើញកិច្ចសហប្រតិបត្តិការជាមួយប្រទេសក្នុងតំបន់ផ្សេងទៀតដូចជាអូស្ត្រាលី និងសិង្ហបុរីជាដើម។
កិច្ចសហប្រតិបត្តិការរវាងតៃវ៉ាន់ និងប្រទេសទាំងនោះ ត្រូវបានធ្វើឡើងស្ងាត់ៗ ដើម្បីចៀសវាងបង្កកំហឹងដល់ក្រុងប៉េកាំង ដែលវាក៏នាំបញ្ហាដល់ប្រទេសដែលលួចជួយកោះមួយនេះផង។ អ្វីដែលសំខាន់នោះ ទង្វើរបស់តៃវ៉ាន់បង្ហាញកាន់តែច្បាស់ពីនយោបាយបែរទៅទិសខាងត្បូង សំដៅរឹតចំណងពាណិជ្ជកម្ម និងវប្បធម៌ជាមួយប្រទេសផ្សេងក្នុងតំបន។ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ Joseph Wu និយាយថា តៃវ៉ាន់ចង់បានការយល់ដឹងស៊ីជម្រៅជាមួយប្រទេសទាំងនោះក្នុងបរិបទសន្តិសុខ និងយុទ្ធសាស្ត្រ។
យ៉ាងណាមិញ ប្រទេសដែលតៃវ៉ាន់ប្រឹងបង្កើនកិច្ចសហប្រតិបត្តិការជាមួយនោះ ទំនងជាមិនអាចមានទំនាក់ទំនងជិតស្និទ្ធដូចតៃវ៉ាន់ជាមួយអាមេរិកឡើយ។ មិនថាឥណ្ឌា ឬជប៉ុនឡើយ បានទទួលស្គាល់នយោបាយចិនតែមួយ ដោយមានប៉េកាំងជាតំណាង មិនមែនតៃប៉ិទេ។ ដូច្នេះ វាជារឿងលំបាកសម្រាប់តៃវ៉ាន់ដែលចង់លួងលោមមហាអំណាចធំៗក្នុងតំបន់ឲ្យមានចំណងមិត្តភាពមាំមួនជាមួយខ្លួនដូចអាមេរិកដែរនោះ។
អាមេរិក គឺជាមហាអំណាចតែមួយគត់ ដែលគ្មានចំណងការទូតផ្លូវការជាមួយតៃវ៉ាន់ តែជាខ្នងបង្អែកដ៏រឹងមាំរបស់ដែនកោះមួយនេះ ក្នុងការទប់ទល់ឥទ្ធិពលដ៏ខ្លាំងរបស់ចិនដីគោក។ លើសពីនោះ អាមេរិកគឺជាអ្នកផ្គត់ផ្គង់អាវុធដ៏ធំជាងគេរបស់តៃវ៉ាន់ដែរ ហើយជំនួញនេះកាន់តែកាក់កបសម្រាប់អាមេរិកក្នុងរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ៕
© រក្សាសិទ្ធិដោយ thmeythmey.com