ជាតិ
បាក់ឌុប
ថន រតនា កូន​អ្នករត់ម៉ូតូឌុប​ដែល​ក្លាយជា​ជ័យលាភី​បាក់​ឌុប​និទ្ទេស A ឆ្នើម​ជាងគេ​
15, Sep 2018 , 11:52 am        
រូបភាព
ថន រតនា និងលោក ម៉េង ចាន់ថន ដែលជាឪពុក
ថន រតនា និងលោក ម៉េង ចាន់ថន ដែលជាឪពុក
​ឪពុក​ជា​អ្នករត់ម៉ូតូឌុប រីឯ​ម្តាយ​ជា​ស្ត្រី​មេផ្ទះ ដូច្នេះ ថន រតនា ត្រូវ​រកលុយ​បន្ថែម​ដើម្បី​ផ្ត​ត់​ផ្គង់​ការសិក្សា​ខ្លួន​ខ្លួន និង​មានការ​អនុគ្រោះ​ជាច្រើន​ពី​សំណាក់​លោកគ្រូ​-​អ្នកគ្រូ​របស់ខ្លួន​។ ការខិតខំ​ប្រឹងប្រែង​រៀនសូត្រ បានធ្វើ​យុវតី​វ័យ​១៨​ឆ្នាំ ប្រ​ឡប់​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ រហូតដល់​បាន​និទ្ទេស A ដែលមាន​លំដាប់​ពិន្ទុ ១០០ ខ្ពស់​ជាងគេ​។

 
«Wow អ្នកគ្រូ ថន រតនា ជាប់​បាក់​ឌុប បាន​និទ្ទេស A ហើយ​មាន​លំដាប់​ពិន្ទុ​១០០!»​។ ថន រតនា ជាប់​ឈ្មោះថា​ជា​អ្នកគ្រូ ដោយសារតែ​យុវតី​រូបនេះ ឆ្លៀតពេល​ទៅ​បង្រៀន​ភាសា​អង់គ្លេស​ថ្នាក់​កូនក្មេង​នៅ​អង្គការ​មួយ ដោយ​ទទួលបាន​ប្រាក់​៣៥​ដុល្លារ​អាមេរិក​ក្នុង​១​ខែ​។​
 
​ចំណូល​បន្ថែម​នេះហើយ ដែល​ជួយ​ឲ្យ រតនា មានឱកាស​រៀន​គួរ​បន្ថែម​លើ​មុខវិជ្ជា​គណិតវិទ្យា និង​រូបវិទ្យា ជាដើម នាពេល​ត្រៀមខ្លួន​សម្រាប់​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​។ «​វា​មិន​គ្រប់គ្រាន់​ឡើយ​ក្នុង​ការរៀន​ឲ្យ​បាន​ពេញលេញ ប៉ុន្តែ​ខ្ញុំ​មិន​បំភ្លេច​គុណ​លោកគ្រូ អ្នកគ្រូ​នោះឡើយ ដែល​អនុគ្រោះ​ច្រើន​ចំពោះ​រូបខ្ញុំ​»​។ នេះ​ជាការ​បញ្ជាក់​របស់ កញ្ញា ថន រតនា បន្ទាប់ពី​ការប្រកាស​លទ្ធផល​បាក់​ឌុប​លើក​ទី​ពីរ បាន​បង្ហាញថា សិស្ស​វិទ្យាល័យ​ប៊ុន រ៉ានី ហ៊ុន សែន ផ្សារ​ដើមថ្កូវ រាជធានី​ភ្នំពេញ​រូបនេះ ឡើង​ពី​និទ្ទេស C ទៅ​និទ្ទេស A វី​ញ​។​
 
​ក្រោយ​ការដោះស្រាយ​បញ្ហា​កុំព្យូទ័រ រតនា ស្ថិតក្នុង​ចំណោម​បេក្ខជន​ថ្នាក់​វិទ្យាសាស្ត្រ​រាប់សិប​នាក់​ផ្សេងទៀត ដែល​ទទួលបាន​ពិន្ទុ​គណិតវិទ្យា​ឡើងវិញ ដោយ​ការប្រកាស​លទ្ធផល​ដំបូង នាង​មាន​លំដាប់​ពិន្ទុ ៩៧,២៨២ ក្នុង​និទ្ទេស C  ។​
 
​រតនា បាន​រៀបរាប់​ប្រាប់​សារព័ត៌មាន ThmeyThmey បន្ថែមថា​៖ «​លោកគ្រូ​-​អ្នកគ្រូ​បន្ធូរ​ប​ន្ថូ​យ​ថ្លៃ​រៀន​គួរ​លើ​មុខវិជ្ជា​មួយចំនួន ឯមុខ​វិជ្ជា​ខ្លះទៀត​រៀន​មិន​បង់ប្រាក់ ដោយ​អ្នកគ្រូ​-​លោកគ្រូ មើលឃើញ​ស្ថានភាព​គ្រួសារ​ក្រលំបាក រួមជាមួយ​ការសិក្សា​ល្អ​របស់ខ្ញុំ​ផងដែរ​»​។​
 
​ជាមួយគ្នានេះ លោក ម៉េង ចាន់ថន ដែលជា​ឪពុក​បង្កើត​របស់​យុវតី ថន រតនា បានបញ្ជាក់​ផងដែរ​ថា​«​ក្នុងការ​សិក្សា​របស់​កូន​នៅ​ឆ្នាំ​ទី​១២​នេះ លោក​មិន​ចំណាយ​អ្វី​ច្រើន​ទេ ក្រៅពី​ជូន រតនា ទៅ​រៀន និង​យកមក​ផ្ទះ​វិញ ចំពោះ​ថ្លៃ​រៀន​គួរ​រតនា អាច​ដោះ​ស្រោ​យ​ខ្លួនឯងបាន​»​។ 
 
​ឪពុក រតនា បាន​បន្តថា​លោក​គ្មានអ្វី​ជួយ​កូន​ច្រើន​ទេ ក្រៅពី​ការផ្តល់​កម្លាំងចិត្ត និង​ទឹកចិត្ត​ដល់​កូន ឲ្យ​ខិតខំ​រៀនសូត្រ​តែប៉ុណ្ណោះ​។ ក្រៅពី​ហ្នឹង គឺ​ការខិតខំ​ប្រឹងរៀន​សូត្រ និង​ស្វែងយល់​ដោយ​ខ្លួនឯង​៕
 

Tag:
 អប់រំ​
  បាក់​ឌុប​
  ថន រតនា​
© រក្សាសិទ្ធិដោយ thmeythmey.com