កីឡាអន្តរជាតិ
អន្តរជាតិ
Real ត្រៀម ៤៣២​លាន​ដុល្លារ ដើម្បី​យក Neymar ឬ Mbappe ពី PSG
15, Sep 2018 , 8:59 pm        
រូបភាព
​ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid ត្រៀម​ប្រាក់ ៣៣០​លាន​ផោន (៤៣២​លាន​ដុល្លារ​អាមេរិក​) ដើម្បី​ទិញយក Neymar ឬ Kylian Mbappe របស់ Paris Saint-Germain នៅ​រដូវ​កាល​ក្រោយ​។ នេះ​បើតាម​ប្រភពពី​អេ​ស្ប៉ា​ញ​។


​ក្លិប​រហស្សនាម​ស្តេច​ស​កំពុង​សម្លឹងមើល​កីឡាករ​ដែលមាន​គុណភាព​ដើម្បី​បន្ត​ឥទ្ធិពល​របស់​ពួកគេ​ក្នុងការ​ប្រជែង​ពាន​ជាមួយ​ក្លិប​កំពូលៗ​នៅ​អឺរ៉ុប និង​ដើម្បី​ជំនួស​កន្លែង​អតីត​ខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo​។​
 
​បើ​យោងតាម​ការចុះផ្សាយ​រប​ស់កា​សែត​អេ​ស្ប៉ា​ញ AS ប្រធាន​ក្លិប Real Madrid លោក Florentino Perez កំពុង​រៀបចំ​គម្រោង​ដាក់​តម្លៃ​ទៅកាន់​ក្លិប PSG លើ​ខ្សែប្រយុទ្ធ​សញ្ញា​តិ​ប្រេ​ស៊ី Neymar និង Kylian Mbappe ខ្សែប្រយុទ្ធ​វ័យក្មេង​ដែល​ជួយ​បារាំង​ឈ្នះ​ពាន World Cup ទៅ​រួម​ក្រុម​នៅ​រដូវ​កាល​ក្រោយ​។​
 
​ការចង់បាន​កីឡាករ​ឆ្នើម​ទាំងពីរ​ពី​ក្លិប​យក្ស​បារាំង Ligue 1 ដោយ​ត្រៀម​ប្រាក់​យ៉ាង​សន្ធឹក​រហូតដល់​៤៣២​លាន​ដុល្លារ​អាមេរិក​នោះ គឺ​ដើម្បី​យកមក​បំពេញ​ចន្លោះប្រហោង​របស់​ក្រុម​ក្រោយពេល Ronaldo បាន​ផ្លាស់​ទៅ​ក្លិប​ជើងឯក​អ៊ីតាលី Juventus នៅ​ដើមរដូវ​កាល​ថ្មី​នេះ​។​
 
Real ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ​ថ្មី Julen Lopetegui បានចាប់ផ្តើម​រដូវ​កាល​ដ៏​ល្អ​ជាមួយ​ការ​ឈ្នះ​ទាំង​៣​លើក​ជាប់​គ្នា​សម្រាប់​ការប្រកួត​ពាន​ក្របខណ្ឌ La Liga របស់​អេ​ស្ប៉ា​ញ​។ សម្រាប់​ការប្រកួត​នៅ​សប្តាហ៍​ទី​៤ នៅ​ទឹកដី Bernabeu ក្រុម​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ម៉ា​ឌ្រី​ត​នេះ​នឹងត្រូវ​ស្វាគមន៍ Athletic Bilbao ដើម្បី​បន្ត​ភាពមិន​ចាញ់​របស់​ពួក​នៅ​រដូវ​កាល ២០១៨-២០១៩ នេះ​៕

Tag:
 បាល់ទាត់​
  Neymar
  Kylian Mbappe
  Real Madrid
© រក្សាសិទ្ធិដោយ thmeythmey.com