អន្តរជាតិ
មេ​អង្គការ​រដ្ឋ​អាមេរិក​ថា ការប្រើ​កម្លាំង​ទ័ព​ទម្លាក់​មេដឹកនាំ​វេ​ណេ​ស៊ុយ​អេ​ឡា​គួរតែ​ស្ថិតក្នុង​ជម្រើស​
15, Sep 2018 , 3:05 pm        
រូបភាព
 
​វិបត្តិ​វេ​ណេ​ស៊ុយ​អេ​ឡា​នៅតែ​ជា​រឿងចម្រូងចម្រាស និង​ជា​ប្រធានបទ​ក្តៅ​សម្រាប់​បណ្តា​រដ្ឋ​ស្ថិតនៅ​ទ្វីបអាមេរិក​។ សប្តាហ៍​នេះ​ប្រមុខ​អង្គការ​រដ្ឋ​អាមេរិក (OAS) បានបញ្ជាក់​ជាថ្មី​ថា ការប្រើប្រាស់​កម្លាំង​ទ័ព​អន្តរាគមន៍​ទម្លាក់​មេដឹកនាំ​ផ្តាច់កា​រវេ​ណេ​ស៊ុយ​អេ​ឡា​គួរតែ​ស្ថិត​ក្នុងចំណោម​វិធានការ​ចាំបាច់​របស់​អង្គការ​តំបន់​នេះ​។​



​អគ្គលេខាធិការ​អង្គការ​រដ្ឋ​អាមេរិក​លោក Luis Almagro បាន​ប្រាប់​អ្នកសារព័ត៌មាន​នា​ប្រទេស​កូ​ឡុំ​ប៊ី​នៅ​ថ្ងៃ​សុក្រ​ទី ១៤ ខែកញ្ញា​ថា ការអន្តរាគមន៍​យោធា​ទម្លាក់​រដ្ឋាភិបាល​លោក នី​កូ​ឡា ម៉ា​ឌុយ​រ៉ូ មិនត្រូវ​ទាត់ចោល​ឡើយ ស្រប​ពេលដែល​ប្រជាជន​ប្រទេស​នេះ​បន្ត​រងទុក្ខវេទនា​ឥត​ល្ហែរ​ដោយសារ​វិបត្តិ​សេដ្ឋកិច្ច​និង​សង្គម​។ 
អត្ថបទទាក់ទង
 
​បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ប្រមុខ​អង្គការ​ខាងលើ​បាន​និយាយ​ដូច្នេះ​ថា​៖« ពាក់ព័ន្ធ​នឹង​ការអន្តរាគមន៍​យោធា​ដែលមាន​គោលដៅ​ទម្លាក់​របប​ដឹកនាំ​លោក ម៉ា​ឌុយ​រ៉ូ ខ្ញុំ​គិតថា យើង​មិនគួរ​ទាត់​វា​ចោល​ពី​វិធានការ​ចាំបាច់​ដើម្បី​ដោះស្រាយ​បញ្ហា​ឡើយ​»​។ 
 
​លោក Almagro បាន​ពន្យល់​បន្ថែមថា ស្ថានការណ៍​ដែល​កើតឡើង​នៅ​វេ​ណេ​ស៊ុយ​អេ​ឡា​ជា​រឿង​ពិបាក​ទទួលយក ហើយ​លោក​ចោទប្រកាន់ថា របប​ដឹកនាំ​ក្រុង​កា​រ៉ា​កាស​កំពុង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្សជាតិ​ផង​។ 
 
«​ការរង​ទុក្ខវេទនារ​បស់​ប្រជាជន​វេ​ណេ​ស៊ុយ​អេ​ឡា​រួមទាំង​ការ​ភៀសខ្លួន​របស់​ប្រជាជន​ទៅ​បរទេស​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់​វិធានការ​ការទូត​ជា​ចម្បង ប៉ុន្តែ​យើង​មិនគួរណា​បដិសេធ​ចោទ​ការប្រើប្រាស់​យន្តការ​នៃ​ការប្រើប្រាស់​កម្លាំង​ទ័ព​ឡើយ​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម​រប​ស់លោក Almagro​។​
 
​សូមបញ្ជាក់ថា វ៉េ​ណេ​ស៊ុយ​អេ​ឡា ដែលជា​ធ្លាប់​មានបាន​ដោយសារ​ធនធាន​ប្រេង បាន​ផុងខ្លួន​ក្នុង​វិបត្តិ​យ៉ាងជ្រៅ​ក្រោម​ការដឹកនាំ​របស់លោក ម៉ា​ឌុយ​រ៉ូ ។ ជម្លោះ​ផ្នែក​នយោបាយ និង​សេដ្ឋកិច្ច បាន​បង្ខំ​ឲ្យ​ប្រជាជន​មិនតិចជាង ២,៣​លាន​នាក់​ទេ​ភៀសខ្លួន​ទៅកាន់​ប្រទេសជិតខាង​។ កូ​ឡុំ​ប៊ីទ​ទួល​ជនភៀសខ្លួន​ច្រើនជាង​មួយ​លាន​នាក់​ឯណោះ​។ 
 
​ក្នុងការ​ដោះស្រាយ​បញ្ហា រដ្ឋាភិបាល​ក្រុង​កា​រ៉ា​កាស់ បានសម្រេច​ទម្លាក់​តម្លៃ​រូបិយវត្ថុ​ក្នុងស្រុក​ដើម្បី​ទប់ស្កាត់​កំណើន​អតិផរណា​។ ប៉ុន្តែ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF ព្យាករ​ថា អតិផរណា​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​នឹង​កើន​ដល់​១​លាន​ភាគរយ​នៅ​ចុងឆ្នាំ​នេះ​៕

Tag:
 អង្គការ​រដ្ឋ​អាមេរិក​
  វេ​ណេ​ស៊ុយ​អេ​ឡា​
  Luis Almagro
© រក្សាសិទ្ធិដោយ thmeythmey.com