ជាតិ
រាល់លិខិតកាន់កាប់ដីនៅតំបន់មេទឹកទូទាំងខេត្តកំពង់ចាម នឹងត្រូវលុបចោល ប្រភព៖ ហ្វេសប៊ុក លោក គួចចំរើន KuochChamroeun
× អាជ្ញាធរខេត្តកំពង់ចាម នឹងចាត់ទុកនិរាករណ៍នូវរាល់លិខិតទាំងឡាយណា ដែលបានចុះហត្ថលេខា លក់ ទិញ ឬ បានកាន់កាប់ខុសច្បាប់ ពាក់ព័ន្ធទៅនឹងដីធ្លីតំបន់មេទឹកទូទាំងខេត្តកំពង់ចាមកន្លងមក។ នេះបើតាមសេចក្ដីណែនាំ របស់ លោកអភិបាលខេត្ត គួច ចំរើន កាលពីថ្ងៃទី១២ ខែកញ្ញា។
«ដើម្បីគ្រប់គ្រង និងថែរក្សាដីតំបន់មេទឹក ដែលជាដីសាធារណៈរបស់រដ្ឋ សម្រាប់បម្រើផលប្រយោជន៍ក្នុងកាអភិវឌ្ឍន៍លើវិស័យកសិកម្ម»។ នេះបើតាមខ្លឹមសារលិខិតស្ដីពីការបញ្ឈប់ការទិញ លក់ ឈូសឆាយដីតំបន់មេទឹកនៅទូទាំងខេត្តកំពង់ចាម ដែលចុះហត្ថលេខាដោយលោក គួច ចំរើន។
លោកអភិបាលខេត្ត បានកត់សម្គាល់ថា ដីតំបន់មេទឹកនៅទីក្រុង ស្រុក និងតាមឃុំនានា រងនូវការទន្ទ្រាន ការឈូសឆាយ និងការបោះបង្គោលចំណាំវាតយកដី មិនត្រឹមតែប៉ុណ្ណោះមានការទិញ លក់ ដោយគ្មានភាពប្រក្រតីជាច្រើន។
ពាក់ព័ន្ធករណីនេះ លោក គួច ចំរើន បានបញ្ជាទៅអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឲ្យបាននូវការទន្ទ្រាន ការឈូសឆាយ ការទិញ លក់ ដីខុសច្បាប់ នៅតំបន់មេទឹក ដែលស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះដែរ លោកបានហាមប្រាមអាជ្ញាធរ ឃុំ/សង្កាត ភូមិ ចំពោះការបញ្ជាក់លិខិត ទិញ លក់ កាន់កាប់ ដីតំបន់មេទឹកនានា៕
Tag:
គួច ចំរើន
ដីតំបន់មេទឹក
និរាករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com