អន្តរជាតិ
ត្រាំ បញ្ជាឲ្យមន្ត្រីត្រៀមដុតភ្លើងសង្គ្រាមពាណិជ្ជកម្មថែមទៀតដោយដំឡើងពន្ធលើទំនិញចិន ២០០ពាន់លានដុល្លារ
× នៅថ្ងៃសុក្រទី ១៤ ខែកញ្ញា ប្រភពស្និទ្ធនឹងរដ្ឋបាលលោក ដូណាល់ ត្រាំ បានបង្ហើបថា ប្រធានាធិបតីរូបនេះបានបញ្ជាឲ្យមន្ត្រីរបស់លោកត្រៀមចាត់ចែងដំឡើងពន្ធលើទំនិញរបស់ចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារបន្ថែមទៀតដែរ។ ប៉ុន្តែដាក់ជាផ្លូវការពេលណាឲ្យប្រាកដនោះមិនទាន់ត្រូវបានគេដឹងឡើយ។
សង្គ្រាមពាណិជ្ជកម្មដំឡើងពន្ធប្រឆាំងគ្នាទៅវិញទៅមកដែលកំពុងឆាបឆេះរវាងមហាអំណាចសេដ្ឋកិច្ចលេខមួយ និងលេខពីរ មិនឈានដល់ទីបញ្ចប់ឡើយ ដ្បិតថា ភាគីកំពុងរកផ្លូវចរចាគ្នាក្តី។ ថ្ងៃសុក្រសប្តាហ៍នេះ គេលឺព័ត៌មានថ្មីថា រដ្ឋបាលអាមេរិកត្រៀមដំឡើងពន្ធប្រឆាំងទំនិញចិន ២០០ពាន់លានដុល្លារទៀតដែរ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters ប្រភពស្និទ្ធនឹងរដ្ឋបាលលោក ត្រាំ បានអះអាងថា នីតិវិធីត្រៀមដំឡើងពន្ធនេះស្ថិតក្រោមការរៀបចំ ដោយមានបញ្ជាផ្ទាល់ពីប្រធានាធិបតីផង។ ប៉ុន្តែប្រភពដដែលនោះមិនដឹងច្បាស់ទេថា ការដំឡើងពន្ធនេះនឹងចាប់ផ្តើមពេលណាឲ្យប្រាកដនោះ។
នៅថ្ងៃសុក្រដដែលនោះ សារព័ត៌មាន Bloomberg បានផ្សាយថា លោក ត្រាំ នៅតែចាត់វិធានការប្រឆាំងចិន ថ្វីបើបច្ចុប្បន្ននេះរដ្ឋមន្ត្រីសេដ្ឋកិច្ចអាមេរិកលោក Steven Mnuchin កំពុងព្យាយាមចាប់ផ្តើមការចរចាឡើងវិញជាមួយចិនដើម្បីដោះស្រាយសង្គ្រាមពន្ធនេះដែរ ព្រោះវាកំពុងប៉ះពាល់ដល់ទីផ្សាហិរញ្ញវត្ថុសកលខ្លាំងដែរ។
តាមពិតទៅ សង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចធំទាំងពីរអាមេរិក និងចិនបន្តធ្វើឲ្យពិភពលោកភ័យបារម្ភ និងបង្កើតផលប៉ះពាល់ខ្លាំងដល់ក្រុមក្រុមហ៊ុននៃប្រទេសទាំងពីរ។
សមរភូមិនេះចាប់ផ្តើមដោយការដំឡើងពន្ធ ២៥ ភាគរយជំហានដំបូងរបស់អាមេរិកប្រឆាំងទំនិញចិនដែលមានទំហំ ៥០ ពាន់លានដុល្លារដែលទំនិញទាំងនោះមានយ៉ាងតិច ៨០០ មុខផ្សេងគ្នារួមបញ្ចូលទាំងគ្រឿងម៉ាស៊ីនឧស្សាហកម្ម, គ្រឿងបរិក្ខារសុខាភិបាល និងគ្រឿងបន្លាស់រថយន្តជាដើម។
សូមបញ្ជាក់ថា អាមេរិក និងចិនមានទំនាក់ទំនងពាណិជ្ជកម្មទ្រង់ទ្រាយធំរួមគ្នា។ យោងតាមរបាយការណ៍ការិយាល័យស្ថិតិអាមេរិក កាលពីឆ្នាំមុន អាមេរិកបាននាំចូលទំនិញដែលមានតម្លៃប្រហែល ៥០៥ពាន់លានដុល្លារអាមេរិកពីចិន ប៉ុន្តែទំហំនៃទំនិញនាំចូលនេះកើនឡើងរហូតដល់ ៩ ភាគរយក្នុងឆ្នាំ ២០១៨ គិតត្រឹមខែកក្កដានេះ៕
Tag:
អាមេរិក
សង្គ្រាមពាណិជ្ជកម្ម
ចិន
ដូណាល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com