កីឡាអន្តរជាតិ
អន្តរជាតិ
កូរ៉េខាងត្បូង ស្នើកូរ៉េខាងជើងរួមដៃគ្នាប្រជែងធ្វើម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣២
× កូរ៉េខាងត្បូងគ្រោងស្នើរួមគ្នាជាមួយកូរ៉េខាងជើងដើម្បីដេញថ្លៃរៀបចំធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិកឆ្នាំ២០៣២ នៅក្នុងកិច្ចប្រជុំកំពូលមួយនៅសប្តាហ៍ក្រោយនាទីក្រុងព្យុងយ៉ាងប្រទេសកូរ៉េខាងជើង។ នេះបើតាមការលើកឡើងរបស់លោក Do Jong-hwan រដ្ឋមន្ត្រីកីឡាកូរ៉េខាងត្បូងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារព័ត៌មាន Yonhap លោក Do Jong-hwan នឹងធ្វើសំណើនេះនៅពេលដែលលោកត្រូវធ្វើដំណើរជាមួយប្រធានាធិបតីកូរ៉េខាងត្បូង មូន ចេអ៊ីន ទៅកាន់កូរ៉េខាងជើងសម្រាប់ជំនួបលើកទី៣ ជាមួយមេដឹកនាំលោក គីម ជុងអ៊ុន នៅថ្ងៃទី១៨ ខែកញ្ញាខាងមុខ។
«ខ្ញុំគ្រោងនឹងធ្វើសំណើនេះទៅកូរ៉េខាងជើងដើម្បីដោះស្រាយសន្តិភាពនៅឧបទ្វីបកូរ៉េ។ ក្រុងសេអ៊ូល និងក្រុងព្យុងយ៉ាងនឹងធ្វើជាម្ចាស់ផ្ទះការប្រកួតដ៏ធំនេះ»។ លោក Jong-hwan និយាយដូច្នេះ។
កាលពីឆ្នាំ១៩៨៨ កូរ៉េទាំង២ធ្លាប់បានពិភាក្សាអំពីការធ្វើជាសហប្រធាននៃព្រឹត្តិការណ៍កីឡាអូឡាំពិកនាក្រុងសេអ៊ូលម្តងដែរ ប៉ុន្តែការចរចាមិនទទួជោគជ័យដោយសារភាពខុសគ្នានៃរបៀបចែករំលែកវិញ្ញាសា។
កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានបង្កើតក្រុមអូឡាំពិករួមគ្នាតែមួយជាលើកដំបូងក្នុងប្រភេទកីឡា Ice Hockey នារីក្នុងការប្រកួតកីឡាអូឡាំពិករដូវរងាកាលពីខែកុម្ភៈនាទីក្រុងព្យុងឆាង ប្រទេសកូរ៉េខាងត្បូង ដែលនាំឲ្យប្រទេសបងប្អូនទាំង២មានទំនាក់ទំនងការទូតប្រសើរឡើងផងដែរ។
មួយវិញទៀត ក្នុងការប្រកួតកីឡាអាស៊ី Asian Game នៅឥណ្ឌូណេស៊ីកន្លងទៅ ក្រុមកីឡាការិនីកូរ៉េតែមួយដែលរួមបញ្ចូលគ្នារវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូងអាចដណ្តើមបានមេដាយមាស១ និងសំរឹទ្ធ១ជាលើកដំបូងរបស់ពួកគេក្នុងប្រវត្តិសាស្ត្រ។
ដោយឡែក ឥណ្ឌូណេស៊ី ក៏បានប្រកាសគម្រោងដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកឆ្នាំ ២០៣២នេះដែរ បន្ទាប់ពីដឹកនាំធ្វើម្ចាស់ផ្ទះកីឡាអាស៊ី ឆ្នាំ២០១៨ បញ្ចប់ដោយជោគជ័យ និងទទួលបានការសរសើរពីសំណាក់លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ទៀតផង៕
Tag:
កីឡាអូឡាំពិក
កូរ៉េខាងជើង
កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com