ភ្នំពេញ៖ សាលារៀនចំណេះដឹងទូទៅមានច្រើន។ តែសាលារៀនដែលផ្តល់ចំណេះដឹងទូទៅផង និងចំណេះដឹងជំនាញផងមានតិច។ ក្នុងគោលបំណងបង្កើនសមត្ថភាពសិស្សានុសិស្សខ្មែរពីថ្នាក់ទី៧ដល់ថ្នាក់ទី១២, សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ Academy of Careersand Technology (ACT) ត្រូវបានបង្កើតឡើងដើម្បីផ្តល់ចំណេះដឹងលើមុខវិជ្ជាទូទៅផង និងចំណេះដឹងជំនាញផង។ សិស្សដែលសិក្សានៅទីនេះ ទទួលបានការសិក្សាលើមុខវិជ្ជាគណិតវិទ្យា រូបវិទ្យា ភូមិវិទ្យា ភាសារខ្មែរ អង់គ្លេស…ដូចនៅសាលារដ្ឋ និងឯកជនដទៃទៀត។ លើសពីនេះទៅទៀត សាលា (ACT) ផ្តល់ចំណេះដឹងជំនាញទេសចរណ៍, Digital Media Design និងរបៀបធ្វើជំនួញ។ ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសរវាងលោក គី សុខលីម អ្នកសារព័ត៌មានថ្មីៗ (Thmeythmey.com) និងកញ្ញា Lo Martalia (ឡូ ម៉ាថាលៀ) នាយិកាសាលា (A C T) ដូចតទៅ៖
សិស្សដែលបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី១២នៅសាលា (A C T) អាចរកការងារបានធ្វើនៅក្នុង ឬក្រៅប្រទេស ឬក៏អាចបន្តការសិក្សានៅមហាវិទ្យាល័យណាមួយក៏បាននៅក្នុងប្រទេសកម្ពុជា។ សិក្សានៅទីនេះ ខុសពីការសិក្សានៅសាលាចំណេះដឹងទូទៅផ្សេងទៀត ព្រោះ សាលា (A C T) ផ្តល់ការបណ្តុះបណ្តាលចំណេះដឹងទូទៅផង និងចំណេះដឹងជំនាញផង។
មិនត្រឹមតែប៉ុណ្ណោះ កញ្ញា ឡូ ម៉ាថាលៀ នាយិកាសាលា (A C T) បាននិយាយថា សញ្ញាបត្រនៅសាលា (A C T) ត្រូវបានទទួលស្គាល់ទាំងក្នុងប្រទេស និងក្រៅប្រទេស(ក្នុងក្របខណ្ឌនៃប្រទេសជាសមាជិកអាស៊ាន)។
សូមបញ្ជាក់ថា សាលា (A C T) អេស៊ីធី បានចាប់ផ្តើម និងដំណើរការតាំងពីឆ្នាំ ២០១៦ ដោយស្ថាបនិក ៣រូប គឺ អ្នកនាង ឡូ ម៉ាថាលៀ (នាយិកាសាលា) អ្នកនាង ឯក ចិន្តាមុនី (ប្រធានគ្រប់គ្រងទូទៅ) និងអ្នកស្រី វេជើស៍ សាមិនតា (ប្រធានសម្របសម្រួល ការិយាល័យសិក្សា) ហើយ ត្រូវបានទទួលស្គាល់ដោយ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងទេសចរណ៍។
អេស៊ីធី ត្រូវបានចាប់ផ្តើមដើម្បីឆ្លើយតបទៅនឹងបញ្ហាមួយដែលកំពុងតែកើតមាននៅក្នុងប្រទេសកម្ពុជា គឺបញ្ហាគម្លាតជំនាញ ដោយសាលាមានចក្ខុវិស័យ ដើម្បីអភិវឌ្ឍធនធានមនុស្សដែលមានគុណភាព សម្រាប់សេដ្ឋកិច្ច និងទីផ្សារអាស៊ាន តាមរយៈការផ្តល់ជូន នូវការអប់រំដែលមានគុណភាព ពីថ្នាក់ទី ៧ ដល់ទី១២ និងការបណ្តុះបណ្តាលជំនាញការងារកម្រិតស្តង់ដារ អាស៊ាន រួមជាមួយឱកាសចុះហាត់ការនៅតាមស្ថាប័នឯកជនដោយផ្ទាល់ នៅចុងឆ្នាំសិក្សាថ្នាក់ទី១២ផងដែរ។
នៅ សាលាអេស៊ីធី សិស្សានុសិស្សរៀនចំណេះទូទៅ ពាក់កណ្តាលពេល ហើយពាក់កណ្តាលពេលទៀត ពួកគេរៀន ជំនាញ បច្ចេកទេស ដែលពួកគេបានជ្រើសរើស ក៏ដូចជា ការអភិវឌ្ឍបំណិតទន់ ថ្នាក់បច្ចេកវិទ្យា ភាសាបរទេស និងបំណិនជីវិត ដើម្បីជួយសិស្ស ឲ្យត្រៀមលក្ខណៈជាស្រេច សម្រាប់ទីផ្សារការងារ បន្ទាប់ពីបញ្ចប់ការសិក្សានៅ អេស៊ីធី។
នៅពេលបញ្ចប់ការសិក្សា សិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រដែលមានតម្លៃសមមូលនឹងសញ្ញាបត្រទុតិយភូមិ ដែលពួកគេអាចប្រើសញ្ញាបត្រនេះទៅបន្តការសិក្សានៅឧត្តមសិក្សា ឬទៅធ្វើការតែម្តងក៏បាន៕