ជាតិ
​រដ្ឋមន្ត្រី​បរិស្ថាន​៖ កម្ពុជា​បន្ត​ប្រឹងប្រែង​លុបបំបាត់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​
16, Sep 2018 , 2:39 pm        
រូបភាព
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន
លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន
​នាឱកាស​នៃ​ការ​ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក នៅ​ថ្ងៃទី​១៦ ខែកញ្ញា នេះ ក្រសួងបរិស្ថាន បានបង្ហាញ​ពី​ការប្តេជ្ញាចិត្ត​របស់ខ្លួន​ក្នុង​ការបន្ត​លុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន និង​បន្ត​ចូលរួម​ការពារ​ភពផែនដី​ពី​ការកើនឡើង​កំដៅ​។

 
​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​ថ្លែងថា​៖ «​កម្ពុជា​បាន​បេ្ត​ជ្ញា​ចូលរួម​ជាមួយ​សហគម​ន៍​អន្តរជាតិ ក្នុងការ​អនុវត្ត​ឲ្យ​បាន​ជោគជ័យ នូវ​រាល់​កាតព្វកិច្ច​របស់ខ្លួន សំដៅ​ធានា​ឲ្យ​បាន​នូវ ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង ការកាត់បន្ថយ និង​ការលុបបំបាត់​ការប្រើប្រាស់​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​»​។​
 
​តាមរយៈ​លិខិត​មួយ​ចុះ​កាលពី​ថ្ងៃទី​១៤ ខែកញ្ញា លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា ក្នុងនាម​រដ្ឋ​ភាគី កម្ពុជា​បាន​បញ្ឈប់​ការប្រើប្រាស់​សារធាតុ ក្ល​រ៉ូ​ភ្លុយអរ​រ៉ូ​កាបូន ទាំងស្រុង​ក្នុង​ឆ្នាំ​២០១០ ហើយ​កំពុង​បន្ត​អនុវត្ត​ផែនការ​គ្រប់គ្រង​ការលុបបំបាត់​សារធាតុ ហាយ​ដ្រូ​ក្ល​រ៉ូ​ភ្លុយអរ​រ៉ូ​កាបូន ស្របតាម​ផែនការ​លុបបំបាត់​សា​ធារ​តុ​បំផ្លាញ​ស្រទាប់​អូហ្សូន របស់​ពិធីសារ​ម៉ុងរ៉េអាល់​។​
 
​ជាមួយគ្នានេះ លោក សាយ សំ​អាល់ បាន​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន និង​អ្នកពាក់ព័ន្ធ​ទាំងអស់ អនុវត្ត​ឲ្យ​បាន​នៅ​បទ​ដ្ឋា​ប​គតិយុត្ត​ផ្សេងទៀត​ដែល​ទាក់ទង​នឹង​ការប្រើប្រាស់​សារធាតុ​គីមី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​។​
 
​បណ្តា​ប្រទេស​នៅលើ​ពិភពលោក ប្រារព្ធ​ទិវា​អូហ្សូន​ពិភពលោក​ក្រោម​ប្រធានបទ «​ថែ​ភពផែនដី​ឲ្យ​ត្រជាក់ និង​បន្ត​អនុវត្ត ការការពារ​ស្រទាប់​អូហ្សូន និង​បរិយាកាស​របស់​យើង​ក្នុង​ទិវា​អូហ្សូន​ពិភពលោក​» ដែល​ក្នុងន័យ​បំផុសស្មារតី​ប្រជាពលរដ្ឋ គ្រប់​មជ្ឈដ្ឋាន​ឲ្យ​បន្ត​ចូលរួមចំណែក​ថែរក្សា​ភពផែនដី​ឲ្យ​នៅ​ត្រជាក់​។​
 
​កម្ពុជា​ជា​សមាជិក​នៃ​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន​ស្ដីពី​កិច្ចការពារ​ស្រទាប់​អូហ្សូន ក្នុងចំណោម​ប្រទេស​ចំនួន​១៩៧​។ ចាប់តាំងពី​ឆ្នាំ​១៩៩៥​មក លេខាធិការដ្ឋាន​អូហ្សូន​នៃ​អង្គការ​កម្មវិធី​បរិស្ថាន សហប្រជាជាតិ បានកំណត់​យក​ថ្ងៃទី​១៦ ខែកញ្ញា ជា​ថ្ងៃ​ប្រារព្ធ​ខួប «​ទិវា​អូហ្សូន​ពិភពលោក​» ជា​រៀងរាល់ឆ្នាំ  ដែល​ត្រូវជា​ខួប​លើក​ទី​៣៣ នៃ​ការបង្កើត​៖ «​អនុសញ្ញា​ទីក្រុង​វី​យ៉ែ​ន​ស្ត​ពី កិច្ចការពារ​ស្រទាប់​អូហ្សូន​» និង​ត្រូវជា​ខួប​លើក​ទី​៣១ នៃ​ការបង្កើត «​ពិធីសារ​ម៉ុងរ៉េអាល់ ស្តីពី​សារធាតុ​បំផ្លាញ​ស្រទាប់​អូហ្សូន​»៕ 

Tag:
 បរិស្ថាន​
  សាយ សំ​អាល់​
© រក្សាសិទ្ធិដោយ thmeythmey.com