កីឡាជាតិ
ជាតិ
បឹងកេតត្រូវការឈ្នះអគ្គិសនីដើម្បីតាមប្រកៀកណាហ្គា
× ពានរង្វាន់បាល់ទាត់ក្របខណ្ឌខេមបូឌានលីគបានឈានដល់សប្តាហ៍ទី២០ ដោយនៅថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះមានការប្រកួតចំនួន៣គូ។ ក្នុងនោះវេស្ទើនភ្នំពេញបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍អង្គរថាយហ្គឺរនៅម៉ោង៣រសៀល ខណៈអាស៊ីអឺរ៉ុបជួបភ្នំពេញក្រោននៅពហុកីឡដ្ឋានជាតិ មុនបឹងកេតប៉ះអគ្គិសនីកម្ពុជា ម៉ោង៦ល្ងាចនៅពហុកីឡដ្ឋានជាតិដូចគ្នា។ នាការប្រកួតជើងទី១ បឹងកេតនិងភ្នំពេញក្រោន សុទ្ធតែបញ្ចប់ក្នុងលទ្ធផលស្មើជាគូប្រកួត ចុះជើងទី២នេះ?
ក្រុមបឹងកេតដែលស្ថិតនៅលេខ២ក្នុងតារាងមាន៤៥ពិន្ទុ ត្រូវការឈ្នះអគ្គិសនីកម្ពុជាជាចាំបាច់នាការប្រកួតនៅពហុកីឡដ្ឋានជាតិល្ងាចនេះ ដើម្បីរក្សាគម្លាតឲ្យកៀកជាមួយណាហ្គាវើលក្នុងការប្រជែងដណ្តើមជើងឯកពានរង្វាន់ក្របខណ្ឌខេមបូឌានលីគនៅឆ្នាំនេះ។ ខណៈបច្ចុប្បន្ន ណាហ្គាវើលកំពុងឈរកំពូលតារាងបណ្តោះអាសន្នមាន៥០ពិន្ទុ ក្រោយយកឈ្នះក្រសួងការពារជាតិ ២-០ នាការប្រកួតកាលពីថ្ងៃសៅរ៍។
បឹងកេតទំនងជាមិនធ្វើឲ្យធ្វេសប្រហែសដូចជើងទី១ ដែលស្មើ ១-១ ជាអគ្គិសនីកម្ពុជានោះទេម្តងនេះ ព្រោះវាការប្រកួតមួយដ៏សំខាន់សម្រាប់ពួកគេក្នុងការសន្សំពិន្ទុ ខណៈដែលពានរង្វាន់នេះ នឹងបញ្ចប់ការប្រកួតជាស្ថាពរនៅពីរសប្តាហ៍បន្ទាប់។ ប្រសិនបើបឹងកេតស្មើ ឬចាញ់ក្នុងការប្រកួតល្ងាចនេះ នឹងធ្វើឲ្យឱកាសប្រជែងជើងឯកកាន់តែខើចខ្លី។ អគ្គិសនីកម្ពុជាស្ថិតនៅលេខ១១ក្នុងតារាងមាន៩ពិន្ទុប៉ុណ្ណោះ។
នៅពហុកីឡដ្ឋានជាតិម៉ោង៣រសៀលនេះដែរ ក្រុមភ្នំពេញក្រោនត្រូវប្រកួតតទល់ជាមួយក្រុមអាស៊ីអឺរ៉ុប ដែលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៅលើទឹកដី RSN។ ទោះបីក្រុមទាំងពីរអស់ឱកាសប្រជែងដណ្តើមជើងឯក តែពួកគេត្រូវឈ្នះរៀងៗខ្លួន ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ និងបញ្ចប់មន្ទិលក្នុងជើងទី១។ បច្ចប្បន្នភ្នំពេញក្រោនឈរលេខ៥មាន៣០ពិន្ទុ ខណៈអាស៊ីអឺរ៉ុបស្ថិតនៅលេខ៩មាន២៣ពិន្ទុ។
ដោយឡែក ក្រុមបាតតារាងវេស្ទើនភ្នំពេញ ដែលអាចប្រឈមនឹងកាត់ចេញពីក្របខណ្ឌកំពូលនៅរដូវកាលក្រោយ ត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនស្វាគមន៍ភ្ញៀវមកពីសៀមរាបអង្គរថាយហ្គឺរ។ នាជំនួបជើងទី១នៅកីឡដ្ឋានខេត្តសៀមរាប ក្រុមអង្គរថាយហ្គឺរបានយកឈ្នះវេស្ទើនភ្នំពេញក្នុងលទ្ធផល ២-០។ សម្រាប់១៩ប្រកួតកន្លងមកវេស្ទើនភ្នំពេញមិនដែលស្គាល់ជ័យជម្នះនោះទេ ពោលគឺបានត្រឹមស្មើ១លើកតែប៉ុណ្ណោះ។ បច្ចុប្បន្នក្រុមនេះឈរបាតតារាងមាន១ពិន្ទុក្នុងដៃ ខណៈអង្គរថាយហ្គឺរស្ថិតនៅលេខ៨មាន២៣ពិន្ទុ៕
Tag:
បាល់ទាត់
Cambodian League 2018
© រក្សាសិទ្ធិដោយ thmeythmey.com