ជាតិ
ពិធីបុណ្យ​អុំទូក​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​ថ្ងៃទី​២១-២៣ ខែវិច្ឆិកា​
16, Sep 2018 , 8:59 pm        
រូបភាព
​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក  រយៈពេល​៣​ថ្ងៃ នៅ​ទន្លេចតុមុខ នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨​។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី ១៣ ខែកញ្ញា​ថា គ្រប់​រដ្ឋបាល​ខណ្ឌ​ទាំង​១២​នៅ​ភ្នំពេញ និង​មន្ទីរ​ក្រសួង​ពាក់ព័ន្ធ​ទាំងឡាយ ត្រូវ​ត្រៀមលក្ខណៈ​ដើម្បី​រៀបចំ​ពិធីបុណ្យ​ជាតិ​នេះ ឲ្យ​អធិកអធម ស្របទៅតាម​ប្រពៃណី​-​សាសនា និង​ការអភិវឌ្ឍ​ជាក់ស្តែង​របស់​ប្រទេសជាតិ ដោយ​ធានាបាន​នូវ​សុវត្ថិភាព និង​ការសប្បាយរីករាយ ជូន​ប្រជាពលរដ្ឋ​។

 
 
​សេចក្តីជូនដំណឹង​ខាងលើ បាន​បញ្ជាក់ថា គ្រប់​រដ្ឋបាល​ខណ្ឌ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ត្រៀម​រៀបចំ និង​តុបតែង​លម្អ​នូវ​ទង់ជាតិ ទង់សាសនា ទង់​ក្អែប បដា​ពាក្យស្លោក និង​បំភ្លឺ​ភ្លើងពណ៌​ប្លែកៗ នៅតាម​មន្ទីរ​-​អង្គភាព សាលារៀន រោងចក្រ​-​សហគ្រាស និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក​។​
 
​បន្ថែម​ពីនេះ​ទៀត គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​ការណែនាំ​ដល់​មូលដ្ឋាន​ដែលមាន​ទូក «​ង​» និង​«​ទូក​មួង​» ដែលជា​ប្រភេទ​«​ទូក​អុំ និង​ទូក​ចែវ​» ត្រូវធ្វើ​ការហ្វឹកហាត់​សាកល្បង​ឲ្យ​ហើយ ដោយ​ជ្រើសរើស​អ្នក​ដែលមាន​កាយសម្បទា​គ្រប់គ្រាន់ និង​ចេះ​ហែរ​ទឹក​យ៉ាង​ជំនាញ​ឲ្យ​បាន​មុខ​ថ្ងៃទី​៧​វិច្ឆិកា ដើម្បី​ចូលរួម​ប្រណាំងប្រជែង ក្នុង​ពិធីបុណ្យ​អ៊ុំ​ទូក​នេះ​។​
​ជាមួយគ្នានេះ រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​បង្គាប់​ឲ្យ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​រាជធានី​ភ្នំពេញ ត្រូវ​ចាត់តាំង​កម្មវិធី​សិល្បៈ​សម្តែង​ជូន​ប្រជាពលរដ្ឋ​ទស្សនា​កម្សាន្ត នៅ​វត្ត​មុខ​វត្ត​បទុម​វ​ត្តី​, វត្តភ្នំ សួនច្បារ     សម្តេច​ហ៊ុន សែន  និង​នៅ​កោះ​ពេជ្រ​ជាដើម ទៅតាម​កម្មវិធី​កំណត់​ជាក់ស្តែង​។​
 
​ដោយឡែក មន្ទីរ​ព័ត៌មាន​រាជធានី​ភ្នំពេញ ត្រូវ​សហការ​ជាមួយ​វិទ្យុ និង​ទូរទស្សន៍ ចុះ​យក​ព័ត៌មាន និង​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​។ ចំពោះ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ និង​កងកម្លាំង​សម្ថ​កិច្ច ត្រូវ​រៀបចំ​ផែនការ​ការពារ​ជាក់ស្តែង សម្រាប់​បង្កើន​កិច្ចការពារ សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់ របៀបរៀបរយ និង​ចរាចរណ៍​មុន និង​ក្រោយ ពេល​ពិធី​បុណ្យអុំទូក​ឆ្នាំនេះ​។ នេះ​បើ​យោងតាម​សេចក្តីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ស្តីពី​ការរៀបចំ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ឆ្នាំ​២០១៨៕ 
 

Tag:
 ប្រពៃណី​
  អុំទូក​
  ចតុមុខ​
© រក្សាសិទ្ធិដោយ thmeythmey.com