ជាតិ
រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» ស្វែងរក​ការគាំទ្រ​ក្នុងស្រុក មុន​បោះជំហាន​ទៅលើ​ឆាក​អន្តរជាតិ​
16, Sep 2018 , 3:55 pm        
រូបភាព
​ភ្នំពេញ​៖ ភាពយន្ត «​ផ្នូរ​គ្មាន​ឈ្មោះ​» (Graves without a name) របស់​ផលិតករ ប៉ាន់ រិទ្ធី កំពុងស្ថិត​នៅក្រោម​ក្រសែ​ភ្នែក​របស់​គណកម្មកា​រ​ជ្រើសរើស​រឿង​សម្រាប់​ពានរង្វាន់​អន្តរជាតិ​អូ​ស្ការ (Oscar)​។ ប៉ុន្តែ​មិន​បោះជំហាន​ទៅកាន់​លំដាប់​កំពូល ភាពយន្ត​ដែល​រៀបរាប់​ពី​ភាពឈឺចាប់​ក្នុងសម័យ​ខ្មែរក្រហម​មួយ​នេះ ត្រូវការ​ចលនា​គាំទ្រ​ពី​ទស្សនិកជន​នៅ​កម្ពុជា​។​

 
​កាលពី​ឆ្នាំ​២០១៣ ភាពយន្ត​រឿង «​កង្វះ​រូបភាព​» (The Missing Picture) បាន​ស្ថិតក្នុង​ជម្រើស​របស់​គណៈកម្មកា​រ​ជ្រើសរើស​ភាពយន្ត​ប្រកួត​ក្នុង​មហោស្រព​ភាពយន្ត​ពិភពលោក ពានរង្វាន់​អូ​ស្ការ ហើយ​៥​ឆ្នាំក្រោយ ផលិតករ​ខ្មែរ​-​បារាំង ប៉ាន់ រិទ្ធី បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ម្តងទៀត​ជាមួយនឹង​ស្នាដៃ​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» (Graves without a name) ដោយ​គណៈកម្មការ​អូ​ស្ការ​កំពុង​ពិចារណា​សម្រាប់​ដាក់​ក្នុង​ជម្រើស Best Foreign Language Film Oscar នា​ព្រឹត្តិការណ៍ Academy Awards លើក​ទី​៩១ ។​
 
 
​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» និយាយ​ពី​ព្រលឹង​តែលតោល ដែល​បាន​ស្លាប់​នៅក្នុង​របប​ប្រល័យ​ពូជ​សាស្ត្រ ខ្មែរក្រហម​។ ភាពយន្ត​ឯកសារ​នេះ​ឆ្លុះបញ្ចាំង​ពី​ភាពឈឺចាប់ និង​ការព្យាយាម របស់​អ្នក​នៅ​រស់រានមានជីវិត ដើម្បី​តាម​ស្វែងរក​ឆ្អឹង​សាច់ញាតិ​របស់​ពួកគេ​។ រឿងនេះ​ក៏បាន​ឆ្លុះ​ប​ញ្ជាំ​ង​ពី​ជំនឿ​អរូបី​របស់​ខ្មែរ​ផងដែរ​។​


 
​សម្រាប់​ភាពយន្ត​ឯកសារ​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» នេះ មិនមែន​មានគុណ​តម្លៃ​សម្រាប់តែ​ប្រជាជន​ខ្មែរ​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​សារសំខាន់​សម្រាប់​មនុស្ស​ជាតិ​លើ​ពិភពលោក ដោយសារតែ​វា​បានបង្ហាញ​ពី​សោកនាដកម្ម​ដ៏​គួរឱ្យ​សោកសង្រេង​។ 


 
​លោក ជា សុភាព នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​បុប្ផា​ណា ដែល​បានរួម​ចំណែក​ផលិតភាព​យន្ត​នេះ លើកឡើងថា​រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​»  ជា​ប្រភព​ដ៏​សំខាន់​មួយ ដើម្បីឱ្យ​ក្មេងជំនាន់ក្រោយ បាន​ស្វែងយល់​បទពិសោធន៍​ពី​អតីតកាល ដើម្បី​សិក្សា​ពី​បច្ចុប្បន្ន និង​អនាគត​។ «​មជ្ឈមណ្ឌល​បុប្ផា​ណា​ជា​កន្លែង​រក្សាទុក​ភាពយន្ត​ឯកសារ ដូច្នេះ​ភាពយន្ត​មួយ​នេះ វា​មានតម្លៃ​សម្រាប់​ប្រជាជន​ខ្មែរ​គ្រប់រូប​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក ជា សុភាព​។​
 
​គណៈកម្មាធិការ​ជ្រើសរើស​រឿង​នៃ​ពានរង្វាន់ Oscar អ្នកស្រី Mariam Arthur ឱ្យដឹងថា រឿង «​ផ្នូរ​គ្មាន​ឈ្មោះ​» កំពុងស្ថិត​ក្នុងការ​ពិចារណា​របស់​គណៈកម្មាធិការ​ជ្រើសរើស​រឿង​។ អ្នកស្រី​ថា ភាពយន្ត​នេះ​អាចមាន​ឱកាស​ច្រើន​ដើម្បី​ក្លាយខ្លួន ជា​ជម្រើស​សម្រាប់​យកទៅ​ប្រកួតប្រជែង​ពាន់រង្វាន់ Oscar លុះត្រា​ណា​តែ​រឿងនេះ​បាន​បញ្ចាំង​នៅក្នុង​ស្រុក​យ៉ាងហោចណាស់​មួយ​សប្ដាហ៍ ហើយ​មាន​អ្នកគាំទ្រ​ច្រើន​។ ជារួម​ក្នុងនាម​ជា​គណៈកម្មាធិការ​ជ្រើសរើស​រឿង អ្នកស្រី ពេញចិត្ត​ភាពយន្ត​មួយ​នេះ ព្រោះ​វា​បានបង្ហាញ​អំពី​តថភាព​សង្គម​។ អ្នកស្រី Mariam Arthurr បញ្ជាក់​៖«​រឿងនេះ​អាច​ក្លាយជា​ជម្រើស​សម្រាប់​គណៈកម្មកា​រ លុះត្រាតែ​វា​មានការ​គាំទ្រ​ច្រើន​ក្នុងស្រុក​ជាមុនសិន​»​។ 
 
​ប្រធាន​នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​លោក  ប៉ុក បូរ​ក្ស ក៏បាន​លើកឡើងថា ភាពយន្ត​”​ផ្នូរ​គ្មាន​ឈ្មោះ​”​នេះ មានគុណ​តម្លៃ​មិន​ត្រឹមតែ​សម្រាប់​ប្រជាជន​កម្ពុជា​ទេ តែ​វា​ក៏​សម្រាប់​ពិភពលោក សិក្សា​ពីបទ​ពិសោធន៍​ដ៏​ជូរចត់​នេះដែរ​។ ក្នុងនាម​ជា​តំណាង​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ លោក បូរ​ក្ស ក៏បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ឱ្យមក​មើល​ភាពយន្ត​ឯកសារ​នេះដែរ​។ លោក​ប៉ុក បូរ​ក្ស បន្ថែម​៖ «​ភាពយន្ត​ជាច្រើន​របស់លោក ប៉ាន់ រិទ្ធី បានធ្វើឱ្យ​អន្តរជាតិ​ស្គាល់​កម្ពុជា​កាន់តែច្រើន​។ ខ្ញុំ​លើកទឹកចិត្ត​ឱ្យ​ប្រជាជន​ខ្មែរ​មើល​រឿងនេះ​ឱ្យបាន​ច្រើន ព្រោះ​វា​បង្ហាញ​ពីបទ​ពិសោធន៍ និង​សម្រាប់​សិក្សា​ថ្ងៃ​អនាគត​»​។ 
 
​សូមបញ្ជាក់ថា ចាប់ពី​ថ្ងៃទី​១៥​ខែកញ្ញា​តទៅ ភាពយន្ត​”​ផ្នូរ​គ្មាន​ឈ្មោះ​” ដាក់​បញ្ចាំង​នៅ​រោងភាពយន្ត ប៉ារីស អេ​ដិ​ន ក្នុង​មជ្ឈមណ្ឌល​បុ​ប្ដា​ណា​, ឡឺ ស៊ី​នេ​ម៉ា ក្នុង​វិទ្យាស្ថាន​បារាំង​, Legend Cinema (Exchange Square Premium and Eden Garden), Prime Cineplex Sovanna​។ សម្រាប់​រោងភាពយន្ត Major Cineplex by Smart (AEON Mall, Sorya Center Point, Siem Reap) តម្លៃ​សំបុត្រ​ត្រឹមតែ​៣​ដុល្លារ និង​២ ដុល្លារ​តែប៉ុណ្ណោះ ហើយ​ថវិកា​ទាំងអស់​ដែល​ទទួលបាន រោងភាពយន្ត​និង​ផ្ដល់​ដល់​មជ្ឈមណ្ឌល​បុប្ផា​ណា​។​
 
​ព័ត៌មាន​បន្ថែម អំពី​កាលវិភាគ និង​ទីកន្លែង​បញ្ចាំង មាននៅ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ "​ផ្នូរ​គ្មាន​ឈ្មោះ​” https://www.facebook.com/graveswithoutaname/ ៕

Tag:
 ភ្នំពេញ​
  ប៉ាន់ រិទ្ធី​
  ភាពយន្ត​
  ភាពយន្ត​ឯកសារ​
 
© រក្សាសិទ្ធិដោយ thmeythmey.com