ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ស ខេង​៖ អរគុណ​ពលរដ្ឋ​ដោយ​ពង្រឹង​សេវា​មូលដ្ឋាន មិនមែន​ហៅ​ផឹកស្រា​ជប់លៀង​ឡើយ​
16, Sep 2018 , 9:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ថ្លែង​ទៅកាន់​សមាជិក​គណបក្ស ដែល​បាន​ជាប់ឆ្នោត ឲ្យ​អរគុណ​ប្រជាពលរដ្ឋ ដោយ​បម្រើសេវា​មូលដ្ឋាន ដោះស្រាយ​បញ្ហា​ផ្លូវថ្នល់ អគ្គីសនី និង​ទឹកស្អាត ជូន​ពលរដ្ឋ ជាជាង​ទិញ​ស្រា​ដើម្បី​ជប់លៀង​។ សម្ដេច​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សមាជិក អ្នកគាំទ្រ​គណបក្ស​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។​



​ក្រោយពី​គណបក្ស​ប្រជាជន​កម្ពុជា​បានទទួល​សំឡេងគាំទ្រ​យ៉ាងច្រើន​លើសលប់​ពី​ប្រជាពលរដ្ឋ ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដោយ​ទទួលបាន​អាសនៈ​រហូតដល់​១២៥​អាសនៈ សម្ដេច ស ខេង បាន​ឲ្យ​មន្ត្រី​គណបក្ស​ទាំងអស់​អរគុណ​ដល់​ប្រជាពលរដ្ឋ​។ ការ​អរគុណ​ដែល​សម្ដេច​ចង់បាន​នោះ​គឺ ការបម្រើ​សេវាសាធារណៈ​ឲ្យ​បានល្អ និង​ដោះស្រាយ​បញ្ហា​ផ្លូវថ្នល់ ប្រឡាយទឹក អគ្គស​នី និង​ទឹកស្អាត​ជូន​ដល់​ពលរដ្ឋ មិនមែន​ការទិញ​ស្រា​ដើម្បី​ជប់លៀង​នោះទេ​។​
 
​សម្ដេច​ថ្លែង​បែបនេះ​នៅក្នុង​កម្មវិធី​សំណេះសំណាល​ជាមួយ​សមាជិក អ្នកគាំទ្រ​គណបក្ស​ខេត្តព្រៃវែង នៅ​ថ្ងៃទី​១៦ ខែកញ្ញា​។ ការបម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បានល្អ ត្រូវបាន​សម្ដេច​អះអាងថា ជា​ផ្លូវ​ទៅរក​ជ័យជំនះ​សម្រាប់​ឆ្នាំ​២០២២ និង​ឆ្នាំ​២០២៣ នៅក្នុង​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​កម្ពុជា​។​
 
​មិន​តែ​ប៉ុណ្ណឹង​សម្ដេច​ក៏​ជម្រុញ​ឲ្យ​មន្ត្រី​ថ្នាក់លើ​ផ្ដល់​អទិភាព​ការងារ​ទៅ​មន្ត្រី​ថ្នាក់មូលដ្ឋាន ដែលមាន​មូលដ្ឋាន​ផ្ទាល់​តំបន់​នោះ ដើម្បី​ឲ្យ​ការអនុវត្ត​ការងារ​មាន​ប្រសិទ្ធភាព​។ សម្ដេច​បញ្ជាក់ថា «​ធ្វើយ៉ាងណា​ដើម្បី​កុំ​ឲ្យ​បាត់​សំឡេងគាំទ្រ ទោះ​មាន​ចំនួន​តិចតួច​ក៏ដោយ​»​។​
 
​សម្ដេច​ក៏​ជំរុញ​ឲ្យ​មានការ​រឹតបន្តឹង​ភូមិ​ឃុំ​មាន​សុវត្ថិភាព លុបបំបាត់​ការជួញដូរ​គ្រឿងញៀន ជួញដូរ​មនុស្ស ចោរកម្ម និង​ករណី​អំពើហិង្សារ​ជាដើម ដើម្បី​ជាការ​សងគុណ​ដល់​ប្រជាពលរដ្ឋ​៕

Tag:
 នយោបាយ​
 ​មូលដ្ឋាន​
© រក្សាសិទ្ធិដោយ thmeythmey.com