ជាតិ
សម្តេច ស ខេង ពន្យល់សមាជិកបក្សថា ទោះCNRPមិនរលាយ ក៏CPPនៅតែឈ្នះការបោះឆ្នោត
× នៅក្នុងកិច្ចប្រជុំបូកសរុបការងារបោះឆ្នោតនៅក្នុងខេត្តព្រៃវែងនៅថ្ងៃទី១៦ខែកញ្ញានេះ សម្តេច ស ខេង បាននិយាយច្រើនអំពីស្ថានភាពនយោបាយដែលទាក់ទងនឹងអតីតគណបក្សសង្គ្រោះជាតិ។ អនុប្រធានគណបក្សកាន់អំណាចបានប្រាប់សមាជិកខ្លួននៅក្នុងខេត្តព្រៃវែងថា អតីតគណបក្សសង្គ្រោះជាតិត្រូវតែបានរំលាយដោយសារតែរំលោភរដ្ឋធម្មនុញ្ញ ប៉ុន្តែលោកបន្តថា គណបក្សប្រជាជនកម្ពុជាក៏មិនបានឈ្នះដោយសារតែអវត្តមានអតីតគណបក្សសង្គ្រោះជាតិនោះដែរ។
ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃលើការងារបោះឆ្នោតកន្លងមក សម្តេច ស ខេង បានបញ្ជាក់ប្រាប់សមាជិកគណបក្សប្រជាជនកម្ពុជា មិនឲ្យយល់ច្រឡំ ឬគិតថា ការដែលគណបក្សប្រជាជនកម្ពុជាឈ្នះ គឺដោយសារតែអតីតគណបក្សសង្គ្រោះជាតិបានរលាយនោះ។ ចំពោះសម្តេច ស ខេង បើទោះជាអតីតគណបក្សសង្គ្រោះជាតិនៅមានរវត្តមានក្នុងការប្រកួតប្រជែង ក៏គណបក្សប្រជាជនកម្ពុជារបស់លោកនៅតែឈ្នះនៅក្នុងការបោះឆ្នោតនេះ។
តាមរយៈវីដេអូនៃកិច្ចប្រជុំដែលត្រូវបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេច អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាឧបនាយករដ្ឋមន្ត្រីរូបនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖«ថាគណបក្សយើងឈ្នះ ដោយសារយើងរំលាយគេ វាមិនត្រឹមត្រូវទេ។ យើងនៅតែឈ្នះ ព្រោះមូលដ្ឋានយើងចាក់ឬសជ្រៅក្នុងទឹកចិត្តពលរដ្ឋ។ គណបក្សនោះ (សង្គ្រោះជាតិ) ខុសច្បាប់។ ខុសត្រង់រំលោភរដ្ឋធម្មនុញ្ញ រំលោភគោលការណ៍ប្រជាធិបតេយ្យ រៀបចំផែនការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមិនតាមរយៈការបោះឆ្នោត»។ សម្រាប់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការអនុវត្តច្បាប់។
នៅចំពោះមុខសមាជិកគណបក្សប្រជាជនកម្ពុជា សម្តេច ស ខេង ក៏បាននិយាយដល់ការបញ្ហាផ្ទៃក្នុងរបស់អតីតគណបក្សសង្គ្រោះជាតិដែរ ជាពិសេសករណីរបស់លោក កឹម សុខា ដែលទើបត្រូវបានសាលាដំបូងរាជធានីភ្នំពេញដោះលែងឲ្យនៅក្រៅពន្ធនាគារបណ្តោះអាសន្ន ដោយសារមូលហេតុសុខភាពនោះ។ បើគេស្តាប់ឮប្រសាសន៍របស់សម្តេច ស ខេង ការរក្សាសុវត្ថិភាពរបស់លោក កឹម សុខា នៅក្នុងគេហដ្ឋានរបស់លោកនៅពេលនេះ ត្រូវបានពិចារណាម៉ត់ចត់ណាស់។
សម្តេច ស ខេង បានថ្លែងយ៉ាងដូច្នេះថា៖«រដ្ឋាភិបាលមានភារកិច្ចទទួលខុសត្រូវសន្តិសុខ។ រដ្ឋាភិបាលគ្មានហេតុផលណាទៅធ្វើបាប (សម្លាប់)កឹម សុខា ទេ។ តែប្រយ័ត្នផ្ទៃក្នុងខ្លួនឯង ដែលកំពុងមានបញ្ហា ហើយមិនចង់ឲ្យ (កឹម សុខា) ចេញពីពន្ធនាគារ។ ព្រោះបើចេញមក វាប៉ះពាល់បំណងរបស់ សម រង្ស៊ី ដែលចង់ធ្វើប្រធាន»។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអះអាងថា លោក សម រង្ស៊ី មានបំណងត្រឡប់មកដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយហើយនោះ ឡើងវិញ។
Tag:
ស ខេង
CPP
ព្រៃវែង
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com