ជាតិ
នយោបាយជាតិ
ដោយមិនអាចទៅបរទេសបាន លោក កឹម សុខា នឹងហៅគ្រូពេទ្យ ទៅព្យាបាលជំងឺដល់ផ្ទះ លោក កឹម សុខា ពិសាអាហារជុំគ្នាជាមួយភរិយា និងម្តាយ ជាលើកដំបូង ក្រោយចេញពីពន្ធនាគារ។ រូពពីគណនីហ្វេសបុកឈ្មោះ Chantha Muth
× ក្នុងកាលៈទេសៈនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ មិនអាចចេញទៅព្យាបាលជំងឺនៅក្រៅប្រទេសឡើយ ព្រោះវា ជាបម្រាមរបស់ចៅក្រមស៊ើបសួរ។ លោកស្រី ម៉េង សុភារី មេធាវីម្នាក់របស់លោក កឹម សុខា បានប្រាប់ថា ជម្រើសល្អសម្រាប់លោក កឹម សុខា គឺមានតែអញ្ជើញគ្រូពេទ្យឲ្យទៅពិនិត្យសុខភាពដល់ផ្ទះតែម្តង។
តាមរយៈការផ្តល់បទសម្ភាសដល់សារព័ត៌មានថ្មីៗ លោកស្រី ម៉េង សុភារី អះអាងថា ជំងឺរបស់លោក កឹម សុខា ដែលធ្ងន់ធ្ងរជាងគេ គឺកៀបសរសៃដៃខាងឆ្វេង។ លោកស្រី លើកឡើងយ៉ាងដូច្នេះថា៖«គាត់អាចលើកដៃបាន តែគាត់នៅតែឈឺស្មា ត្រង់កន្លែងកៀបសរសៃ។ គាត់ តែងតែមានបំណងទៅព្យាបាលនៅក្រៅប្រទេស តែពេលនេះ គាត់មិនអាចទៅបានទេ»។
ចំណែកជំងឺពីរទៀត គឺជំងឺលើសឈាម និងជំងឺទឹកនោមផ្អែម លោក កឹម សុខា មានថ្នាំត្រៀមសម្រាប់ពិសាហើយ។ នេះជាការអះអាងរបស់លោកស្រី ម៉េង សុភារី ដដែល។
លោកស្រី បន្តថា ក្រុមមេធាវី មិនទាន់នឹកគិតពីមធ្យោបាយ ដើម្បីបន្តជួយលោក កឹម សុខា តាមផ្លូវច្បាប់នោះទេ។ លោកស្រី បញ្ជាក់បែបនេះថា៖«ឥឡូវហ្នឹង យើងមិនទាន់មានគម្រោងអ្វីទេ។ យើងចាំមើលបន្តិចទៀតសិន»។
លោក គី ឫទី្ធ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បាសម្រេចដោះលែងលោក កឹម សុខា ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ បន្ទាប់មក អតីតមេបក្សប្រឆាំងរូបនេះ ក៏ត្រូវបានសមត្ថកិច្ច ដឹកចេញពីពន្ធនាគារត្រពាំងផ្លុងខេត្តត្បូងឃ្មុំ យកទៅដាក់ដល់ផ្ទះរបស់លោកតែម្តង ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីម៉ោង៣ទៀបភ្លឺ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។
ការដោះលែងនេះ បានភ្ជាប់ជាមួយនឹងលក្ខខណ្ឌដ៏តឹងរឹង។ បើតាមលក្ខខណ្ឌដែលចៅក្រមស៊ើបសួរបានកំណត់ លោក កឹម សុខា មិនអាចចេញទៅណាឆ្ងាយពីផ្ទះឡើយ ហើយក៏មិនអាចជួបជនបរទេស ដែលពាក់ព័ន្ធក្នុងសំណុំរឿងរបស់លោក រួមទាំងអតីតអ្នកនយោបាយគណបក្សប្រឆាំងផងដែរ។
អតីតគណបក្សប្រឆាំង យល់ឃើញថា លោក កឹម សុខា មិនទាន់ត្រូវបានដោះលែងពិតប្រាកដឡើយ ដោយតុលាការ គ្រាន់តែប្តូរពីការឃុំខ្លួនក្នុងពន្ធនាគារ ទៅជាការឃុំខ្លួនក្នុងផ្ទះប៉ុណ្ណោះ។ អតីតគណបក្សប្រឆាំង ក៏ដូចជាអង្គការ និងសហគមន៍អន្តរជាតិមួយចំនួន បានទាមទារឲ្យតុលាការកម្ពុជា ទម្លាក់ការចោទប្រកាន់ និងផ្តល់សេរីភាពដល់លោក កឹម សុខា ឲ្យបានពេញលេញ។ យ៉ាងណាក៏ដោយ អ្វីៗ គឺស្ថិតលើឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរ ដែលកាន់សំណុំរឿងនេះ។
លោក កឹម សុខា រងការចោទប្រកាន់ថា បានទៅសមគំនិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។ សម្រាប់រដ្ឋាភិបាល និងតុលាការ បទល្មើសរបស់លោក កឹម សុខា គឺស្មើនឹងអំពើក្បត់ជាតិ។ សមត្ថកិច្ច បានចុះទៅចាប់អតីតមេបក្សប្រឆាំងដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕
© រក្សាសិទ្ធិដោយ thmeythmey.com