ជាតិ
សេដ្ឋកិច្ច
សហគ្រិន​ស្ត្រី​កម្ពុជា​មក​ពង្រឹងសមត្ថភាព​ក្នុង​ការធ្វើ​ជំនួញ​នៅ​សហរដ្ឋអាមេរិក​
17, Sep 2018 , 7:59 pm        
រូបភាព
សហគ្រិនស្ត្រីកម្ពុជា៥នាក់ក្នុងចំណោម១២នាក់ ពិភាក្សាគ្នាក្នុងកិច្ចជំនួបមួយនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
សហគ្រិនស្ត្រីកម្ពុជា៥នាក់ក្នុងចំណោម១២នាក់ ពិភាក្សាគ្នាក្នុងកិច្ចជំនួបមួយនៅស្ថានទូតអាមេរិកប្រចាំកម្ពុជា មុនពេលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិកដើម្បីចូលរួមកម្មវិធីពង្រឹងសមត្ថភាពសហគ្រិនស្ត្រីកម្ពុជា ដែលត្រូវបានផ្តួចផ្តើមឡើងដោយរដ្ឋាភិបាលអាមេរិក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨។ (Rick Albertson, ស្ថានទូតអាមេរិកប្រចាំកម្ពុជា)
ដោយ: VOA
​វ៉ាស៊ីនតោន ៖ សហគ្រិន​ស្ត្រី​កម្ពុជា ដែលជា​ស្ថាបនិក និង​អ្នកគ្រប់គ្រង​ជំនួញ​អាជីវកម្ម រួមទាំង​គម្រោង​របស់​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័នរដ្ឋ​ផង​នោះ បានទទួល​ឱកាស​ដកស្រង់​បទពិសោធន៍ និង​ចំណេះដឹង​ផ្សេងៗ​អំពី​ភាពជា​អ្នកដឹកនាំ​ក្នុងការ​ធ្វើ​ជំនួញ ពី​អ្នកជំនាញ​នៅ​សហរដ្ឋអាមេរិក​។​

 
​សហគ្រិន​ស្ត្រី​កម្ពុជា​ចំនួន​១២​នាក់ ត្រូវបាន​តំណាង​រដ្ឋាភិបាល​អាមេរិក គឺ​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​គម្រោង​ស្តីពី​ការពង្រឹង​អំណាច​របស់​សហគ្រិន​ស្ត្រី​នៅ​កម្ពុជា​⁣ ក្រោម​កម្មវិធី​របស់​ក្រសួងការបរទេស​អាមេរិក ដែលមាន​ឈ្មោះថា កម្មវិធី​ដំណើរ​ទស្សនកិច្ច​អន្តរជាតិ​ស្តីពី​ភាពជា​អ្នកដឹកនាំ (International Visitor Leadership Program) ឬ​ហៅ​កាត់​ថា (IVLP)​។ ជា​រៀងរាល់ឆ្នាំ កម្មវិធី IVLP នេះ​បាន​អញ្ជើញ​អ្នកដឹកនាំ​ជុំវិញ​ពិភពលោក​ប្រមាណ ៥០០០​នាក់ មក​ដកស្រង់​បទពិសោធន៍​នៅ​សហរដ្ឋអាមេរិក​។​
 
​នេះ​គឺជា​គម្រោង​លើកដំបូង​បង្អស់ ដែល​រដ្ឋាភិបាល​អាមេរិក​បាន​បង្កើតឡើង សម្រាប់​ការពង្រឹង​សមត្ថភាព​ស​ហ​គ្រិន​ស្ត្រី​កម្ពុជា​។ កម្មវិធី​ពង្រឹងសមត្ថភាព​សហគ្រិន​ស្ត្រី​កម្ពុជា​នេះ មាន​រយៈពេល​៩​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​១៧ ដល់​ថ្ងៃទី​២៥ ខែកញ្ញា​។​
 
​ក្នុងចំណោម​សហគ្រិន​ទាំង​១២​រូបនេះ សហគ្រិន​ខ្លះ​បាន​បង្កើត គ្រប់គ្រង និង​ដឹកនាំ​អាជីវកម្ម​ខ្នាតតូច​និង​មធ្យម និង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ខ្នាត​ធំ ក្នុង​វិស័យ​ផ្សេងៗ​ដូចជា​វិស័យ​សេវាកម្ម សុខាភិបាល ផលិតកម្ម និង​ពាណិជ្ជកម្ម​ជាដើម​។ សហគ្រិន​ខ្លះទៀត មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​គម្រោង​ធំៗ​ក្នុង​ស្ថាប័នរដ្ឋ និង​ក្នុង​វិស័យ​ហរិញ្ញវត្ថុ ធនាគារ ស្ថាប័ន​ស្រាវជ្រាវ​និង​ប្រឹក្សា​យោបល់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ជាដើម​។​


 អ្នកស្រី ចេ​ន សុភាព ស្ថា​និក និង​អ្នកគ្រប់គ្រង​សិប្បកម្ម​កី​តម្បាញ​ខ្មែរ នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ (Rick Albertson, ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​)​

​អ្នកស្រី ចេ​ន សុភាព នាយិកា​គ្រប់គ្រង​កី​តម្បាញ​ខ្មែរ បាន​ប្រាប់ VOA អំពី​ក្តី​រំពឹង​របស់​អ្នកស្រី​ពី​ដំណើរ​ទស្សនកិច្ច​ដកស្រង់​បទពិសោធន៍​នេះ​ថា​៖
 
«​‍​ខ្ញុំ​អាច​សិក្សា​រៀនសូត្រ​បន្ថែម អំពី​តើ​សហគ្រិន​ស្ត្រី​ដែល​នៅ​ប្រទេស​ទំនើប ដូចជា​សហរដ្ឋអាមេរិក គាត់​ធ្វើ​អ្វីខ្លះ ដើម្បី​ធ្វើ​ឲ្យ​សំឡេង​របស់គាត់​មាន​ឥទ្ធិពល និង​ក្នុង​ការធ្វើ​ឲ្យ​គាត់​អាច​ពង្រីក​អាជីវកម្ម​របស់គាត់​កាន់តែ​រីកចំរើន​ជាង​មុន ហើយ​តើ​គាត់​ធ្វើ​យ៉ាងម៉េច​ដើម្បី​ឲ្យ​ហិរញ្ញវត្ថុ​របស់គាត់ បានន័យថា យកមក​ពង្រីក​ដើមទុន​អាជីវកម្ម​របស់គាត់​ហ្នឹង​ឲ្យ​បាន​ច្រើនជាង​មុន ហើយ​ជួយ​ឲ្យ​អាជីវកម្ម​របស់គាត់​កាន់តែ​រីកចំរើន​បន្ថែម​ទៀ​ត‍​»​។​
 
​អ្នកស្រី ចេ​ន សុភាព បាន​បង្កើត​កី​តម្បាញ​ខ្មែរ នៅ​ឆ្នាំ​២០១៥ ដោយសារតែ​ចំណង់​ចំណូលចិត្ត​របស់​អ្នកស្រី ដែល​ស្រឡាញ់​ផលិតផល​តម្បាញ​របស់​ខ្មែរ​។ ត្រឹមតែ​រយៈពេល​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ អ្នកស្រី សុភាព បាន​ពង្រីក​អាជីវកម្ម​របស់​អ្នកស្រី ដែល​បាន​បង្កើត​ការងារ​ដល់​ស្ត្រី​តម្បាញ​ខ្មែរ​ពី​១០​គ្រួសារ រហូតដល់​២០០​គ្រួសារ​។ អ្នកស្រី​ក៏បាន​បង្កើតជា​សមាគម​កី​តម្បាញ​ខ្មែរ ដើម្បី​ប្រមូលផ្តុំ​ស្ត្រី​ដែល​ត្បាញ ឲ្យ​ជួបជុំគ្នា ទទួលបាន​វគ្គ​បណ្តុះបណ្តាល​ជំនាញ និង​ចែករំលែក​បទពិសោធន៍ ជាពិសេស ជួយ​លើកទឹកចិត្ត និង​ពង្រឹង​ភាពក្លាហាន​រវាង​គ្នា​ទៅវិញទៅមក​។​
 
​អ្នកស្រី​ឧកញ៉ា ស្រៀ​ត មុំ​សុភា គឺជា​នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សុ​ហ្វី​យ៉ា (Sophiya Corportation)​។ ក្នុងនាម​ជា​សហគ្រិន​ស្ត្រី​ឆ្នើម​ម្នាក់​នៅ​កម្ពុជា អ្នកស្រី មុំ​សុភា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កម្មវិធី​ពង្រឹងសមត្ថភាព​សហគ្រិន​ស្ត្រី​កម្ពុជា នៅ​សហរដ្ឋអាមេរិក​នេះដែរ​។​
 
​អ្នកស្រី មុំ​សុភា បាន​ប្រាប់ VOA ថា កម្មវិធី​ពិសេស​នេះ នឹង​ជួយ​ពង្រីក​ចំណេះដឹង និង​ភាពជា​អ្នកដឹកនាំ​របស់​សហគ្រិន​ស្ត្រី​កម្ពុជា ឲ្យ​កាន់តែ​ប្រសើរឡើង ហើយ​ជាពិសេស​អនុញ្ញាត​ឲ្យ​សហគ្រិន​ទាំងអស់​មានឱកាស​បង្កើត​បណ្តាញ​ថ្មី ជាមួយនឹង​អ្នកជំនាញ និង​ពាណិជ្ជករ​ស្ត្រី​ផ្សេងៗ​ទៀត​នៅ​សហរដ្ឋអាមេរិក ដែលជា​ប្រទេស​រីកចំរើន​ឈានមុខ​មួយ​ខាង​សេដ្ឋកិច្ច និង​បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក​។​


 អ្នកស្រី​ឧកញ៉ា ស្រៀ​ត មំ​ុ​សុភា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន សុ​ហ្វី​យ៉ា និង​ជា​អនុប្រធាន​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា នៅ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​។ (Rick Albertson, ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​)​
 
​អ្នកស្រី​បាន​បន្ថែមថា​៖ «​‍​ការរំពឹង​របស់ខ្ញុំ​មិនមែន​តែ​សម្រាប់​ខ្លួនឯង​ទេ ដោយសារ​ក្នុងនាម​ខ្ញុំ​ជា​អនុប្រធាន​នៃ​សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា ដែល​យើង​មាន​សមាជិក​លើសពី​៤០០​នាក់ អ៊ីចឹង ខ្ញុំ​នឹង​ពាំនាំ​មកវិញ និង​ចែករំលែក​បទពិសោធន៍ ក៏ដូចជា​បណ្តាញ​ទំនាក់ទំនង​មួយចំនួន ដែល​ខ្ញុំ​គិតថា ជា​អត្ថប្រយោជន៍ ហើយនឹង​មានការ​ទាក់ទង​គ្នា​។ មានន័យថា អាជីវកម្ម​ខ្លះ វា​ជា​អាជីវកម្ម​ដែល​យើង​អាច​ផ្សារភ្ជាប់​ជាមួយនឹង​ខាង​សមាជិក​របស់​យើង​»​។​
 
​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​បាន​បង្កើត​កិច្ច​ផ្តួចផ្តើម​ជាច្រើន ដើម្បី​ជួយ​បណ្តុះបណ្តាល និង​គាំទ្រ​ស្ត្រី​នៅក្នុង​វិស័យ​អាជីវកម្ម និង​ពាណិជ្ជកម្ម ទាំង​ខ្នាតតូច​និង​មធ្យម ដោយ​មានការ​បង្កើតជា​សមាគម​ស្ត្រី​ក្នុង​វិស័យ​អាជីវកម្ម​ជាដើម​។​
 
​ជាអាទិ៍ សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា (Cambodia Women Entrepreneur Association) និង​សហព័ន្ធ​ស្ត្រី​អ្នកជំនួញ​កម្ពុជា (Cambodia Women Business Association) ត្រូវបាន​បង្កើតឡើង ហើយ​ត្រូវបាន​ទទួលស្គាល់ និង​គាំទ្រ​ដោយ​ក្រសួង​កិច្ចការនារី​។ ដោយឡែក សមាគម​សហគ្រិន​ស្ត្រី​កម្ពុជា មាន​សមាជិក​ចំនួន​ជាង​៤០០​នាក់​ដែលជា​ស្ត្រី ហើយ​ជំនួញ អាជីវកម្ម និង​ក្រុមហ៊ុន​របស់​ស្ត្រី​ទាំងអស់នេះ បាន​បង្កើត​ឱកាស​ការងារ​ដល់​មនុ​ស្ស​ប្រមាណ​ជាង ១៥,០០០​នាក់ នៅតាម​ទីប្រជុំជន​នានា​ទូទាំងប្រទេស​កម្ពុជា​។​
 
​តាមរយៈ​កម្មវិធី​ពង្រឹង​សមត្ថភាព​សហគ្រិន​ស្ត្រី​កម្ពុជា​នៅ​សហរដ្ឋអាមេរិក​នេះ ស្ត្រី​កម្ពុជា​ទាំង​១២​រូប នឹង​ជួបពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផ្នែក​ជំនួញ​និង​ទីផ្សារ​សេដ្ឋកិច្ច អ្នកជំនាញ​ខាង​ហិរញ្ញវត្ថុ​និង​អាជីវកម្ម និង​រួមទាំង​សហគ្រិន​ស្ត្រី​អាមេរិក​ផងដែរ នៅ​រដ្ឋធានី​វ៉ាស៊ីនតោន រដ្ឋ Iowa និង​ទីក្រុង Seattle នៃ​រដ្ឋ​វ៉ាស៊ីនតោន ដែលជា​តំបន់​ពាណិជ្ជកម្ម និង​ជំនួញ​ធំៗ​របស់​អាមេរិក​។​
 
​អ្នកស្រី ស្រៀ​ត មុំ​សុភា បាន​លើកឡើងថា​៖ «​សកម្មភាព​នៃ​ដំណើរ​លើក​នេះ​គឺមាន​ភាព​អស្ចារ្យ ដោយមាន​ការឧបត្ថម្ភ ក៏ដូចជា​ការគាំទ្រ និង​ការរៀបចំ​ពី​រដ្ឋាភិបាល​អាមេរិក​។ អ៊ីចឹង យើង​នឹង​ជួប​ដៃគូ​ដែល​ល្អៗ និង​ជាពិសេស​គឺ​បាន​ទៅ​តំបន់​ផ្សេងៗ ដែល​យើង​មិន​ធ្លាប់​ទៅ​ពីមុន​ម​ក‍​»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com