ជាតិ
មេបក្ស​អសមត្ថភាព និង មេបក្ស​ហាង​កាហ្វេ​! ជា​ពាក្យ​ចោទ​គ្នា​រវាង​លោក សួន សេរី​រដ្ឋា និង​លោក សួង សោ​ភ័​ណ្ឌ​
17, Sep 2018 , 9:19 pm        
រូបភាព
​ភ្នំពេញ​៖ ជម្លោះ​ដណ្ដើម​បក្ស​! បញ្ហា​គណបក្ស​អំណាច​ខ្មែរ បាន​ឈានទៅដល់​ការប្ដឹង​ផ្ដល់ និង​ប្ដឹង​សើរើ​ឡើងវិញ ទៅ​ក្រសួងមហាផ្ទៃ បន្ទាប់ពី​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​មួយ​នេះ ចេញពី​ពន្ធនាគារ​វិញ​។ អតីត​ប្រធាន​បក្ស​លោក សួន សេរី និង លោក សួង សោ​ភ័​ណ្ឌ ប្រធាន​គណបក្ស​បច្ចុប្បន្ន ត្រូវ​ប្រឈមមុខ​ដាក់គ្នា ដើម្បី​ដឹកនាំ​បក្ស​អំណាច​ខ្មែរ​។​

 
​មេបក្ស​តាម​ហាង​កាហ្វេ​! គឺជា​ពាក្យរិះគន់​របស់លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ទៅលើ​លោក សួង សោ​ភ័​ណ្ឌ ប្រធាន​បក្ស​បច្ចុប្បន្ន​។ លោក សួន សេរី​រដ្ឋា ដែល​មិន​ពេញចិត្ត​ចំពោះ​សកម្មភាព​របស់លោក សួង សោ​ភ័​ណ្ឌ ដឹកនាំ​បក្ស​ដែល​ខ្លួន​បង្កើតឡើង​នេះ បាន​ចោទ​លោក សោ​ភណ្ឌ ថា ចូលមក​ដឹកនាំ​បំផ្លាញ​កិត្តិយស​គណបក្ស​ខ្លួន ដែល​មិនអាច​ទទួលយក​បានឡើយ​។​
 
​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ បាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​គណបក្ស អំណាច​ខ្មែរ ដែល​ខ្ញុំ​បង្កើត​ជាមួយនឹង​សមាជិក​ស្ថាបនិក និង​អ្នកគាំទ្រ គឺជា គណបក្ស​សកម្ម ដែល​សកម្ម​ធ្វើ​វេទិការ​អប់រំ​សិទ្ធិ​នយោបាយ​ដល់​ពលរដ្ឋ ធ្វើ​វេទិការ​ភាពជា​អ្នកនយោបាយ​អប់រំ​យុវជន​ថ្នាក់​ខេត្ត​រាជធានី និង​ហ៊ាន​និយាយ​រិះគន់​ទាំង​គណបក្សកាន់អំណាច និង​គណបក្ស​ដែលមាន​សំលេង​ក្នុង​សភា ដែល​ធ្វើ​នយោបាយ​ស៊ីឈ្នួល​ចាញ់ ។ ខ្ញុំ​មិនមែន​បង្កើត គណបក្ស​មក​ដេក​ឱប គ្មាន​ទីស្នាក់ការ គ្មាន​មន្ត្រី​ធ្វើការ គ្មាន​សកម្មភាព ហើយ​បានតែ​អង្គុយ​តាម​ហាង​កាហ្វេ​សរសេរ​ហ្វេ​ស​ប៊ុ​ក​ធ្វើជា​ស្នំ​នយោបាយ​របស់​គណបក្ស​ផ្សេង បម្រើ​នយោបាយ​នៃ​គណបក្ស​ផ្សេង​នោះទេ​»​។ 
 
​ដោយ​មិន​អស់ចិត្ត​លោក សួន សេរី​រដ្ឋា ហ៊ាន​ទាំង​រិះគន់​លោក សួង សោ​ភ័​ណ្ឌ ថា ជា​មេបក្សនយោបាយ​ដេក​យាម​ផ្នូរ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ផង​។ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក សួន សេរី​រដ្ឋា បាន​និយាយ​ចំៗ​ទៅលើ​លោក សួង សោ​ភ័​ណ្ឌ ដែលជា​អតីត​ប្រធាន​ចលនា​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ យ៉ាង​ដូច្នេះ​ថា​៖«​ដូច​ការពិត​ជាក់ស្ដែង​អ៊ីចឹង គាត់​(​សួង សោ​ភ័​ណ្ឌ​) អង្គុយតែ​ការពារ​តែ​ខ្មោច​គណបក្ស​សង្គ្រោះ​ជាតិ អង្គុយ​ការពារ​តែ​ទង្វើរ​របស់លោក សម រង្ស៊ី និង​ការពារ​ក្រុមមន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​តែ​ប៉ុណ្ណឹង​។ តែ​ចំពោះ​សកម្មភាព​គណបក្ស​ខ្លួនឯង​វិញ អត់​មាន​ធ្វើ​អ្វី​ទាំងអស់​។ សកម្មភាព​របស់លោក សួង សោ​ភ័​ណ្ឌ ធ្វើ ចាប់តាំងពី​ខ្ញុំ​ជាប់ពន្ធនាគារ​មក គណបក្ស​អំណាច​ខ្មែរ​អត់​មាន​រីកចម្រើន​ទៅណា​ទេ​»​។​
​ផ្ទុយ​ពី​ការលើកឡើង​របស់លោក សួន សេរី​រដ្ឋា ខាងលើ លោក សួង សោ​ភ័​ណ្ឌ ចេញមុខ​ការពារ​ទង្វើ​រ​ខ្លួន ក្នុងការ​ដឹកនាំ​បក្ស​មួយឆ្នាំ​មកនេះ​។ ដ្បិត​មិនសូវមាន​សកម្ម​ភាពចុះ​មូលដ្ឋាន​ច្រើន ដូច​អ្វីដែល​លោក សួន សេរី​រដ្ឋា ចង់បាន​មែន ប៉ុន្តែ​លោក សួង សោ​ភ័​ណ្ឌ អះអាងថា បក្ស​លោក​មាន​ភាពរឹងមាំ ក្នុង​សកម្មភាព​ចូលរួម​នយោបាយ​ខ្លាំង​ជាង​ក្រោម​ការដឹកនាំ​របស់​អតីត​ប្រធាន​បក្ស​ចាស់​។ មិនតែប៉ុណ្ណោះ​លោក សួង សោ​ភ័​ណ្ឌ ថែមទាំង​ហ៊ាន​និយាយថា លោក សួន សេរី​រដ្ឋា ជា​មេដឹកនាំ​អសមត្ថភាព ទោះ​ធ្វើ​នយោបាយ​៥០​ឆ្នាំ​ទៀត ក៏​គ្មាន​លទ្ធផល​ល្អ​សម្រាប់​បក្ស​ដែរ​។​
 
«​ជាក់ស្ដែង​ការបោះឆ្នោត​ឃុំ​-​សង្កាត់​(២០១៧) ក្រោម​ការដឹកនាំ​របស់​លោក រដ្ឋា សូម្បី​តែមួយ​កៅអី​ឃុំ​-​សង្កាត់ ក៏​អត់​បានដែរ ។ នេះ​គេ​ហៅថា​លទ្ធផល​។ ហើយ​មួយវិញទៀត​ការលើក​ស្លាក​បក្ស​អីហ្នឹង​? វា​មិនមែនជា​ភាពចាំបាច់​ទេ​។ តែ​ផ្ទុយទៅវិញ​ក្រោម​ការដឹកនាំ​របស់ខ្ញុំ​អ្នកណា​មិន​ស្គាល់​គណបក្ស​អំណាច​ខ្មែរ តាមរយៈ​ការ​ពហិកា​ឈរឈ្មោះ​បោះឆ្នោត យើង​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត យើង​អត់​ទទួលស្គាល់​រដ្ឋាភិបាល​អាណត្តិ​ទី​៦​។ ចំណុច​អស់ទាំង​នេះហើយ ដែល​មេដឹកនាំ​គណបក្ស​នីមួយៗ គេ​មាន​បច្ចេកទេស​ផ្សេងៗ​គ្នា​។ សំខាន់បំផុត​ការទទួលស្គាល់​ពី​ប្រជាពលរដ្ឋ​ទេ​…​។ ចំពោះ​លោក រដ្ឋា ផ្ទាល់ និយាយ​ដោយស្មោះ​ត្រង់​ខ្ញុំ​ឲ្យ​ដឹកនាំ​៥០​ឆ្នាំ​ទៀត ក៏​អត់​ទទួលបាន​លទ្ធផល​ដែរ​។ តែ​ផ្ទុយទៅវិញ​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​ជឿជាក់ថា ប្រើពេល​តែ​១០​ឆ្នាំ​ទេ យើង​អាច​ជោគជ័យ​បាន​»​។ នេះ​ជាការ​អះអាង​របស់លោក សួង សោ​ភ័​ណ្ឌ​។​
 
​បើតាម​លោក សួង សោ​ភ័​ណ្ឌ មូល​ហេតុដែល​គណបក្ស មិន​ព្រមធ្វើ​សមាជ​បក្ស​ជ្រើសតាំង​លោក សួន សេរី​រដ្ឋា ធ្វើជា​ប្រធាន​បក្ស​វិញ ដោយសារ​ឃើញ​ការដឹកនាំ​បែប​អសមត្ថភាព​របស់លោក សេរី​រដ្ឋា គួបផ្សំ​នឹង​ភាព​កំសាក​សុំទោស​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​បានចេញ​ពី​ពន្ធនាគារ​កាលពី​ថ្មីៗ​នេះ​។​
 
​តែ​យ៉ាងណា​អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ លោក សួន សេរី​រដ្ឋា ធ្លាប់​អះអាងថា ការស្នើសុំ​អន្តរាគមន៍​ពីស​ម្ដេច ហ៊ុន សែន ដើម្បី​សុំ​ព្រះមហាក្សត្រ​លើកលែងទោស​នេះ គឺជា​នយោបាយ​បត់បែន​តាម​កាលៈទេសៈ ដើម្បី​អាចមាន​ឱកាស​ឈរជើង​ក្នុង​ឆាកនយោបាយ​។ ប៉ុន្តែ​លោក សេរី​រដ្ឋា បាន​ចោទ​លោក សួង សោ​ភ័​ណ្ឌ ទៅវិញ​ទេ ដែល​ក្លែង​ឯកសារ​ប្រាប់​ទៅ​គណៈកម្មការ​នាយក​បក្ស​ថា លោក​លាលែង​ចេញពី​តំណែង ដើម្បី​មានឱកាស​ឡើង​ក្តោប​អំណាច​បក្ស​ខ្លួន​។  
 
 
​ឆ្លើយតប​ការ​ចោទ​នេះ​វិញ ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប​ច្ច​ប្បន្ន អះអាងថា ខ្លួន​ឡើងកាន់តំណែង​តាមច្បាប់​គណបក្ស​ត្រឹមត្រូវ​។ លោក សួង សោ​ភ័​ណ្ឌ ថែមទាំង​សង្កត់ធ្ងន់ថា លោក​សុខចិត្ត​លាឈប់​ពី​តំណែង​ប្រធាន​បក្ស ប្រសិនជា​លោក សួន សេរី​រដ្ឋា រកឃើញ​ភស្តុតាង​ថា​លោក​ពិតជា​ក្លែងបន្លំ​ឯកសារ ដូច​ការលើកឡើង​មែន​នោះ​។ លោក សួង សោ​ភ័​ណ្ឌ ក៏បាន​ដាក់ពាក្យប្ដឹង​លោក សួន សេរី​រដ្ឋា ទៅ​តុលាការ ក្រោម​ហេតុផល​ការពារ​គណបក្ស​កុំ​ឲ្យ​ត្រូវបាន​គេ​រំលាយ​ផងដែរ​។​
  
​គួរ​បញ្ជាក់ថា គណបក្ស​អំណាច​ខ្មែរ បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៥ ដោយមាន​លោក សួន សេរី​រដ្ឋា ជា​ប្រធាន​បក្ស​។ ហើយ​គណបក្ស​អំណាច​ខ្មែរ បាន​ធ្លាក់​ក្រោម​ការដឹកនាំ​របស់លោក សួង សោ​ភ័​ណ្ឌ នៅ​ឆ្នាំ​២០១៧ នៅ​គ្រា​ដែល​លោក សួន សេរី​រដ្ឋា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន ពីបទ​ល្មើស​ព្រហ្មទណ្ឌ​ជាក់ស្តែង ដោយសារ​លោក សួន សេរី​រដ្ឋា សរសេរ​នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក «​ញុះញង់​ដល់​កម្លាំង​កងទ័ព មិន​ឲ្យ​ស្តាប់​បទបញ្ជា ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចការ​ការពារជាតិ​»​។​តាមរយៈ​បទ​ចោទ​នេះ តុលាការ​បានសម្រេច​ផ្តន្ទាទោស​លោក សួន សេរី​រដ្ឋា ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ និង​ពិន័យ​ប្រាក់​១០​លាន​រៀល កាលពី​ថ្ងៃទី​២៥ សីហា ឆ្នាំ​២០១៧​។ អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​រូបនេះ ត្រូវបាន​ព្រះមហាក្សត្រ​លើកលែងទោស កាលពី​ថ្ងៃទី​១៧ សីហា ឆ្នាំ​២០១៨៕  
​ 

Tag:
 ​សួន សេរី​រដ្ឋា​
  សួង សោ​ភ័​ណ្ឌ​
  គណបក្ស​អំណាច
© រក្សាសិទ្ធិដោយ thmeythmey.com