ជាតិ
រដ្ឋាភិបាល ប្រកាស​ចាត់វិធានការ​លើ​ក្រុមហ៊ុន​របស់​«​យាយ​ភូ​»​ដែល​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​
17, Sep 2018 , 2:40 pm        
រូបភាព
រូបពីក្រសួងទេសចរណ៍
រូបពីក្រសួងទេសចរណ៍
ដោយ:
​ភ្នំពេញ​៖ គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​កម្ពុជា ដែលមាន​លោក ជា សុផារ៉ា ជា​ប្រធាន បាន​ពិនិត្យឃើញថា​ក្រុមហ៊ុន​ដែល​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង​នៅ​ខេត្ត​ព្រះសីហនុ បាន​បំពាន​ច្បាប់ ដែល​នឹងត្រូវ​ទទួលរង​ចំណាត់ការ​ពី​អាជ្ញាធរ និង​ស្ថាប័ន​ពាក់ព័ន្ធ​។



លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ បាន​ឲ្យ​ដឹងថា​គណៈកម្មការ​នេះ កំពុងតែ​ពិនិត្យ និង​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​បាន​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង នៅ​ខេត្ត​ព្រះសីហនុ​។ 
 
​វិធានការរបស់​លោក ថោង ខុន ត្រូវបាន​ស្រង់​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួង​ទេសចរ នៅ​ថ្ងៃទី​១៧​ខែកញ្ញា ដូច្នេះ​ថា​៖«​គណៈកម្មការ​គ្រប់គ្រង​ឆ្នេរ​កម្ពុជា កំពុងតែ​ពិនិត្យ​ទិដ្ឋភាព​ច្បាប់​ជុំវិញ​ករណីនេះ ហើយ​អាច​ឈានទៅ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ខាងលើ កាយ​ដី​ចេញពី​តំបន់​ដែល​បាន​ចាក់​លុប​នោះ ឬ​អនុវត្ត​វិធានការ​ច្បាប់​ជា​បន្តបន្ទាប់ ព្រោះ​រដ្ឋាភិបាល​មិន​បណ្ដោយ​ឲ្យ​ក្រុមហ៊ុន​បំផ្លាញ​ឆ្នេរ​ដ៏​ស្រស់ស្អាត និង​កំពុង​ទាក់ទាញ​ភ្ញៀវទេសចរ​នោះទេ​»​។ 
 
​ក្រុមហ៊ុន​ដែល​ចាក់ដី​លុប​ឆ្នេរ​ព្រែកត្រែង ត្រូវបាន​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ អះអាងថា​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​របស់លោក​ស្រី ជឹ​ង សុភាព ហៅ​យាយ​ភូ​។ ព័ត៌មាន​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងទេសចរណ៍​បាន​ស្រង់​សំដី​លោក យន្ត មីន ដូចនេះ​។​
 
​ក្រសួងទេសចរណ៍ លើកឡើងថា តំបន់ឆ្នេរ​របស់​កម្ពុ​ជា កំពុង​ក្លាយជា​កន្លែង​ស្រូប​ទាញ​ទេសចរ​ដ៏​មាន​សក្ដានុពល​នាពេល​បច្ចុប្បន្ន​។ ក្នុង​ឆ្នាំ​២០១៧ កន្លងទៅ ទេសចរ​អន្តរ​ជាតិប្រមាន ៧៤​ម៉ឺន​នាក់​បានមក​ទស្សនា​តំបន់​នេះ ដែល​កើនឡើង ១៥​ភាគរយ​។ ហើយ​តំបន់ឆ្នេរ​ត្រូវបាន​ព្យាករ​ថា​នឹង​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ២​លាន​នាក់ និង​ភ្ញៀវ​ជាតិ ៦​លាន​នាក់​នៅ​ឆ្នាំ​២០២០​។ ដោយ​ឃើញ​សក្ដានុពល​ដូចនេះហើយ លោក​រដ្ឋមន្ត្រី​ទេសចរណ៍ បាន​អំពាវ​ដល់​អាជ្ញាធរ​នៅ​មូលដ្ឋាន​ត្រូវមាន​ចំណាត់ការ​ឲ្យ​បាន​តឹងរឹង​ដើម្បី​ថែរក្សា​ឆ្នេរសមុទ្រ​នេះ កុំ​ឲ្យ​មានការ​សាងសង់​រំលោភ​ទន្ទ្រាន​ផ្សេងៗ​៕
 

Tag:
 ឆ្នេរ​ព្រែកត្រែង​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com