រថយន្ត
អន្តរជាតិ
រថយន្តពីងពាង WINCAR e-Spider អាចបើកបរបាននៅគ្រប់ស្ថានភាពផ្លូវ
× ក្រោមការច្នៃប្រឌិតរបស់លោក Pascal Rambaud ស្ថាបនិកក្រុមហ៊ុនវិស្វកម្មបារាំង Mecanroc រថយន្តខ្នាតតូច SWINCAR e-Spider ឬរថយន្តពីងពាង ទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីបណ្តាអ្នកស្រឡាញ់រថយន្ត ជាពិសេសអ្នកដែលចូលចិត្តបច្ចេកវិទ្យាទំនើបៗ ពីព្រោះគេអាចបើកបរវាបាននៅគ្រប់ស្ថានភាពផ្លូវ។
WINCAR e-Spider ដែលជាប្រភេទរថយន្តអគ្គិសនី ត្រូវបានច្នៃឡើងដោយមានរូបរាងដូចជាសត្វពីងពាង។ ជាប្រភេទរថយន្តខ្នាតតូច ដែលមានកង់៤ SWINCAR e-Spider បានបង្ហាញវត្តមានជាលើកដំបូងចាប់តាំងពីឆ្នាំ២០១៥មក ។
លក្ខណៈពិសេសរបស់រថយន្តពីងពាងនេះ គឺអាចបើកបរបាននៅលើជម្រាលផ្លូវ៧០ភាគរយ។ កង់នីមួយៗ មានម៉ូទ័រអគ្គិសនីរៀងៗខ្លួន ដែលអាចឲ្យបញ្ជារថយន្ត អាចបត់បែនបានទៅតាមកាលៈទេសៈផ្លូវថ្នល់។ រថយន្តនេះ ផលិតចេញពីអាលុយមីញ៉ូម ដែលបានប្រវែង១,៣ម៉ែត្រ ទម្ងន់១៥០គីឡូក្រាម និងអាចបើកបរបានក្នុងល្បឿនពី៣០ទៅ៤០គីឡូម៉ែត្រក្នុង១ម៉ោង។
លោក Thierry Jammes តំណាងក្រុមហ៊ុន Mecanroc បានលើកឡើងថា ផលិតផលរបស់ខ្លួនក៏នឹងក្លាយជាជម្រើសរបស់អ្នកបើកបរដែលមានបញ្ហាកាយសម្បទារផងដែរ។ ជាមួយគ្នានេះ Swincar អាចប្រើប្រាស់បានសម្រាប់ការងារជាច្រើន ដែលក្នុងនោះមានដំណើរកម្សាន្ត ក៏ដូចជាការប្រើប្រាស់ក្នុងវិស័យកសិកម្ម ផងដែរ។
បច្ចុប្បន្នរថយន្តនេះ មាន៣ម៉ូដែលក្នុងនោះរួមមាន៖
១. SWINCAR e-Spider ដែលជាម៉ូដែលអគ្គិសនីគំរូ ១០០ភាគរយ៖
២. SWINCAR e-Spider Tandem ដែលអាចផ្ទុកមនុស្សបានពីរនាក់៖
៣. SWINCAR e-Spider Mobility ដែលរចនាជាពិសេសសម្រាប់អ្នកដែលមានបញ្ហាកាយសម្បទា៖
រថយន្តដែលច្នៃប្រឌិតដ៏ចំឡែកបែបនេះ ត្រូវបានដាក់លក់ក្នុងតម្លៃរង្វង់១៥០០០ដុល្លារអាមេរិក នៅក្នុងទីផ្សារប្រទេសបារាំង។ ក្រុមហ៊ុន Mecanroc ក៏មានសេវាកម្មជួលផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com